ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ ភោជនីយដ្ឋាន និង​ក្លិប​​​កម្សាន្ត​នានា​ក្នុង​ខេត្ត​កំពត​​បាន​បិទ​ ក្រោយផ្ទុះកូវីដ១៩

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ខណៈ​ជំងឺ​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​គ្រប់​ក្រសួង​ស្ថា​ប​ន័​ទាំង​រដ្ឋ​និង​ឯកជន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​មេរោគ​ដ៏​កាច​សាហាវ​ពុំ​ធ្លាប់​មាន​នេះ ដែល​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដោយ​ងាយ​បំផុត​នោះ​។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ឲ្យ​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ក្លឹ​ប​កំសាន្ត ភោជនីយដ្ឋាន ​ហាងខារ៉ាអូខេ​ និង​កន្លែង​ជួបជុំ​មនុស្ស​ច្រើន​។…

ខេត្តកំពត ៖ ខណៈ​ជំងឺ​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​គ្រប់​ក្រសួង​ស្ថា​ប​ន័​ទាំង​រដ្ឋ​និង​ឯកជន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​មេរោគ​ដ៏​កាច​សាហាវ​ពុំ​ធ្លាប់​មាន​នេះ ដែល​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដោយ​ងាយ​បំផុត​នោះ​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ឲ្យ​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ក្លឹ​ប​កំសាន្ត ភោជនីយដ្ឋាន ​ហាងខារ៉ាអូខេ​ និង​កន្លែង​ជួបជុំ​មនុស្ស​ច្រើន​។

ដោយឡែក​ខេត្តកំពត ទោះបី​មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​វី​ដ​១៩ ដូច​ក្នុង​រាជធានី​និង​តាម​បណ្តា​ខេត្ត​នានា​មួយ​ចំនួន​នៅ​ទូ​ទាំង​ប្រទេស​ក្តី ក៏​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​នេះ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ជាក់ស្តែង​កន្លែង​កំសាន្ត​នានា​នៅ​ក្នុង​ខេត្ត ដូច​ជា​សណ្ឋាគារ ក្លឹ​ប​កំសាន្ត​ បៀ​ហ្គា​ឌិន ​ភោជនីយដ្ឋាន​លក់​ម្ហូបអាហារ និង​ហាង​ខារ៉ាអូខេ​ផង​ដែរ​ត្រូវ​បាន​បិទ ។

ក្រោយ​ពី​ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័ និង​ការពារ​ជំងឺឆ្លង​ប្រភេទ​នេះ គឺ​កន្លែង​ក្លឹ​ប​កំសាន្ត​និង​កន្លែង​មនុស្ស​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ច្រើន​ដែល​ពី​មុន​មក​ធ្លាប់​មាន​មនុស្ស​ម្នា​ច្រើន តែ​ពេល​នេះ​បាន​ស្ងាត់ជ្រងំ គ្មាន​មនុស្ស​មក​ជួបជុំ​គ្នា​ដើម្បី​កំសាន្ត​អារម្មណ៍​ដូច​មុន​ទៀត​នោះ​ទេ​។

ម្ចាស់​ហាង​ភោជនីយដ្ឋាន​មួយ​កន្លែង​បាន​ប្រាប់​កោះសន្តិភាព​ថា មុន​មានការ​ផ្ទុះ​វីរុស​កូ​វី​ដ​១៩ ហើយ​ក្រសួងសុខាភិបាល​ក៏​ពុំ​ទាន់​មានការ​ផ្សព្វផ្សាយ​ពី​ការ​ប្រុង​ប្រយ័ត្ន និង​ការពារ ឆ្លង​នៃ​មេរោគ​ប្រភេទ​នេះ គឺ​ហាង​ភោជនីយដ្ឋាន​របស់​គាត់​មាន​ភ្ញៀវ​ចូល​ហូប​យ៉ាងច្រើន​កុះករ យ៉ាងតិច​បំផុត​ក៏​៦​ទៅ​៨​តុ​ដែរ តែ​ពេល​ឥឡូវនេះ​ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ពី​ករណី​ជំងឺឆ្លង​កូ​វី​ដ​១៩​មក ហាង​របស់​លោក​បាត់​ភ្ញៀវ​អស់​តែ​ម្តង ដោយសារ​​គេ​ខ្លាច​ឆ្លង​មេរោគ​ប្រភេទ​នេះ​។ ប៉ុន្តែ​នៅ​មាន​ភ្ញៀវ​កុម្ម​ង់​ម្ហូប​មួយ​ថ្ងៃ​៤​ទៅ​៥​មុខ ចំអិន​រួច​ដឹក​ទៅ​ឲ្យ​ដល់​ផ្ទះ ដែល​គេ​ហូប​ជា​លក្ខណ​:​គ្រួសារ​នៅ​តាម​ផ្ទះ ប៉ុន្តែ​មិន​បាន​រាល់ថ្ងៃ​នោះ​ទេ​។

ដោយឡែក ទិដ្ឋភាព​ជា​រួម​នៅ​តាម​រមណីយដ្ឋាន​កន្លែង​កំសាន្ត​នានា ប៉ុន្មាន​ថ្ងៃមុន​រាជរដ្ឋាភិបាល​ប្រកាស​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​សំរាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​មក​លេង​កំសាន្ត​នៅ​ក្នុង​ខេត្ត​នេះ​ក៏​ហាក់ដូចជា​ស្ងាត់ស្ងៀម​ផង​ដែរ​។

កន្លែង​ដែល​ភ្ញៀវ​ទេសចរណ៍​មក​លេង​កំសាន្ត​គឺ​គ្មាន​ការ​ហាមឃាត់​នោះ​ទេ ប៉ុន្តែ​ភ្ញៀវ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​មិន​ហ៊ាន​មក​លេង​តាម​រមណី​ដ្ឋា​ន​នានា​ឡើយ ដោយ​សារ​ខ្លាច​ឆ្លង​វីរុស​កូ​វី​ដ​១៩ ។ ដូច្នេះ​កន្លែង​កំសាន្ត តាម​តំបន់​រមណីយដ្ឋាន​នានា គឺ​គ្មាន​ភ្ញៀវ​មក​កំសាន្ត​នោះ​ទេ​។

រីឯ​ទិដ្ឋភាព​អាជីវករ​និង​អ្នក​ចូល​ផ្សារ​សាមគ្គី​ទីរួមខេត្ត​វិញ នា​ប៉ុន្មាន​ថ្ងៃមុន​រហូត​មក​ដល់​ពេល​នេះ​គឺ​ប្រជាពលរដ្ឋ​មក​ពី​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ចូល​ផ្សារ​ច្រើន​ជាង​កន្លះ​ខែ​មុន រីឯ​តម្លៃ​ម្ហូបអាហារ ត្រី​សាច់​បន្លែបង្កា​សព្វសារពើ​គឺ​តម្លៃ​នៅ​ថេរ​ដដែល​មិន​មានការ​ចុះថ្លៃ​នោះ​ទេ ជា​ពិសេស​សាច់​គោ​និង​សាច់​ជ្រូក រីឯ​ម្ហូប​គ្រឿង​សមុទ្រ ទោះ​ដាច់​ម៉ូយ​ដែល​ធ្លាប់​បោះ​ឲ្យ​ទៅ​តាម​ហាង​ក្តី ក៏​តម្លៃ​នៅ​តែ​ដូច​មុន​ដដែល ។

ដោយឡែក​សំរាប់​កន្លែង​កំសាន្ត បៀរហ្គាឌិន ហាង​ខារ៉ាអូខេ គឺ​បិទ​ជា​ស្ថាពរ ដោយ​គ្មាន​ហាង​ណាមួយ​បើក​ដំណើរការ​ឡើយ រីឯ​នារី​ៗ​ដែល​ប្រកប​មុខរបរ​ជា​អ្នកបំរើ​ភ្ញៀវ​តាម​ហាង​បៀ​ហ្គ្រា​ឌិន និង​ហាង​ខារ៉ាអូខេ​បាន​ត្អូញត្អែរ​ថា បើ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​អូស​បន្លាយ​យូរ​ទៅ​មុខ​ទៀត ពួក​គាត់​ទាំងអស់​គ្នា​មិនដឹង​បាន​លុយ​ឯណា​សង​ថ្លៃ​ផ្ទះ​, ស្បៀងអាហារ​និង​ទឹក​ភ្លើង​នោះ​ទេ ហើយ​ទៅ​ស្រុក​វិញ​ក៏​ទៅ​មិន​បាន ពីព្រោះ​អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយសារ​តែ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ