ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេបារម្ភកូវីដ១៩គ្រប់គ្នា បែរ​ជា​អ្នកស្រុកខ្លះប្រមូលផ្តុំគ្នាលេងល្បែង​យ៉ាងគគ្រឹក​​គគ្រេង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​រលាក​ផ្លូវដង្ហើម ដែល​បង្កឡើងដោយវីរុសកូ​វី​ដ​១៩ ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​បំរាម​ជា​ច្រើន ដើម្បី​អោយ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត ​ក្នុង​នោះ​រួម​មាន​ទាំង​ការហាម​​ប្រមូលផ្តុំ​គ្នា ដោយ​មិន​អោយ​លើស​ពី​៣​នាក់​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ…

ខេត្ត​ព្រៃវែង ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​រលាក​ផ្លូវដង្ហើម ដែល​បង្កឡើងដោយវីរុសកូ​វី​ដ​១៩ ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​បំរាម​ជា​ច្រើន ដើម្បី​អោយ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត ​ក្នុង​នោះ​រួម​មាន​ទាំង​ការហាម​​ប្រមូលផ្តុំ​គ្នា ដោយ​មិន​អោយ​លើស​ពី​៣​នាក់​នោះ​ទេ​។

ផ្ទុយ​ទៅ​វិញ រយៈពេល​២-​ថ្ងៃនេះ នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​​ក្នុង​ខេត្តព្រៃវែង ​មាន​ដូច​ជា​​ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក, ឃុំ​រា​ធរ ស្រុក​ព្រះស្តេច និង​ស្រុក​ពាមរ​ក៌​ជាដើម គេសង្កេតឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ប្រមូលផ្តុំ​នាំ​គ្នា​លេងល្បែង​អាប៉ោង បៀ និង​ជល់​មាន់​យ៉ាង​គគ្រឹកគគ្រេង​នៅ​តាម​ផ្ទះ និង​តាម​ព្រៃ​ចុង​ភូមិ ដោយ​មិន​ខ្វល់​អំពី​ការ​ហាមឃាត់​របស់​រាជរដ្ឋាភិបាល​ឡើយ​។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​មេ​សា នៅ​ភូមិ​ពន្លៃ ឃុំ​បា​ប៉ោង ស្រុក​ពាមរ​ក៌ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៦០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​លេង​ជល់​មាន់ ដោយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​កងរំពង​ពេញ​ភូមិ ធ្វើ​អោយ​រំខាន​ដល់​អ្នក​ភូមិ​ដទៃ​ទៀត​ដែល​នៅ​ជុំវិញ​នោះ រក​ដេក​ពួន​មិន​បាន ហើយ​រឿង​ដែល​សំខាន់ គឺ​​អ្នកភូមិមានការ​​ព្រួយ​បារ​ម្ភ​អំពី​បញ្ហា​សុខភាពរបស់​​​ពួក​គាត់​ខ្លាំង​ណាស់ ព្រោះ​ក្រុម​អ្នកលេង​រាប់​សិប​នាក់​នោះ គេ​មិនដឹង​មាន​អ្នក​កើត​ជំងឺ​​កូ​វី​ដ​១៩​ឬ​ក៏​អត់​នោះ​ទេ​។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​បា​បោង​ម្នាក់ បាន​បង្ហើប​ប្រាប់​ថា ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ​គេ​ណាត់គ្នា​លេង​១​អាទិត្យ​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​សុក្រ សៅរ៍​ និង​អាទិត្យ ហើយ​លេង​ច្រើន​ខែ​ឆ្នាំ​មក​ហើយ ចំណែកឯ​ប្រជាពលរដ្ឋ​ក្នុងភូមិ ក៏​ធ្លាប់​ប្តឹង​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​បា​បោង​ជា​ច្រើន​ដង​រួច​មក​ហើយ​ដែរ ប៉ុន្តែ​​មិនឃើញ​ចុះមក​​បង្ក្រាប​សោះ មិនដឹង​មក​ពី​មូលហេតុ​អ្វី? ទើប​ពួក​គាត់​អស់ជម្រើស​ក៏​នាំ​គ្នា​​រាយការណ៍​​ទៅ​ក្រុម​អ្នក​សារ​ព័​ត៌​មាន​អោយ​ជួយ​ចុះ​ផ្សាយ​ដើម្បី​អោយ​ថ្នាក់លើ​បានដឹង និង​ជួយ​ចាត់វិធានការ​។

ទោះបី​ជា​​បែប​ណា​ នៅ​ពេល​ដែល​ក្រុម​អ្នក​សារ​ព​័ត៌​មាន​ចុះ​ទៅ​ថត​​សកម្មភាព​លេង​ជល់​មាន់នៅ​ទីតាំង​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​១០ ​មេ​សា​នេះ បាន​ធ្វើ​អោយ​ក្រុម​អ្នកលេង​ជល់​មាន់​ទាំងនោះផ្អើល​រត់​ចែក​ជើង​គ្នា ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​ទាំងនោះ​ក៏​មាន​អ្នកខ្លះ​បាន​បោះពាក្យ​សំដី​គំរាម​រក​វាយ​ក្រុម​អ្នក​សារ​ព​ត៌​មាន​ផង​ដែរ ដោយ​ខឹង​ទៅ​ថត​រំខាន​ការ​លេង​របស់​ពួក​គេ​។

ចំណែក​លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​ក៍ នៅ​ពេល​ដែល​ក្រុម​អ្នក​សារ​ព័​ត៌​មាន​ផ្តល់​ព​័ត៌​មាន អំពី​សកម្ម​លេង​ជល់​មាន់​ខាងលើ លោក​បាន​និយាយ​ថា ពួក​អ្នកស្រុក​ទាំងនោះ​ខូច​ៗ និង​សាហាវ​ៗ​ណាស់ ហើយ​ការ​លេង​នោះ​គឺ​សមត្ថកិច្ច​របស់​លោក​មិន​បានដឹង​នោះ​ទេ គឺ​ពួក​គេ​លួច​លេង ប៉ុន្តែ​លោក​នឹង​បញ្ជា​អោយ​កំលាំង​ប៉ុស្តិ៍រដ្ឋបាលចុះ​ទៅ​មើល​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ