ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ធ្វើ​ដំណើរ​​ទៅ​ស្រុក ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​ជា​ច្រើន​បាន​នាំ​គ្នា​បញ្ចេញ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ជា​កម្មករ​កាត់ដេរ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ កុំ​ឲ្យ​ចាកចេញ​ទៅ​ស្រុក​កំណើត​នៅ​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​បញ្ចេញ​សារ​អំពាវនាវ​របស់​អ្នកសិល្បៈ​នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋា​ភិបាល​​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​ជា​ច្រើន​បាន​នាំ​គ្នា​បញ្ចេញ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ជា​កម្មករ​កាត់ដេរ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ កុំ​ឲ្យ​ចាកចេញ​ទៅ​ស្រុក​កំណើត​នៅ​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​បញ្ចេញ​សារ​អំពាវនាវ​របស់​អ្នកសិល្បៈ​នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋា​ភិបាល​​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ ដោយ​មិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ចាក​ចេញពី​ភ្នំពេញ​ទៅ​កាន់​ទីរួមខេត្ត​នានា នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ក្នុង​ន័យ​ការពារ​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ចូល​ទៅ​ក្នុង​សហគមន៍​។

យ៉ាងណា បន្ទាប់​ពី​វិធានការ​នេះ​បាន​ចេញ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ជា​ពិសេស​កម្មករ​កាត់ដេរ​បាន​នាំ​គ្នា​សម្រុក​ចេញពី​រាជធានី​ភ្នំពេញ​យ៉ាង​គឃ្លើន​ទៅ​នឹង​វិធានការ​ដាក់​ចេញពី​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​ហាក់​មិន​បាន​គិត​ពី​រីក​រាលដាល​នៃ​ជំងឺ​មួយ​នេះ ជា​ជាង​ការ​បាន​ទៅ​ស្រុក​ជួបជុំ​ក្រុម​គ្រួសារ​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​។

ដោយ​ឃើញ​បញ្ហា​នេះ អ្នកសិល្បៈ​ជា​ច្រើន ក្នុង​នាម​ជា​បុគ្គល​សាធារណៈ​បាន​នាំ​គ្នា​បញ្ចេញ​សារ​ជា​បន្តបន្ទាប់ ដោយ​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​នា​ពេល​នេះ ត្បិត​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បាន​នឹង​កំពុង​ចាត់វិធានការ​នានា ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​កាន់តែ​មាន​ទំហំ​ធំ​។

តារា​សម្តែង​នាង សូ​ដា នី​តា បាន​បង្ហោះ​សារ​ថា សុំ​អង្វរ និង​សូម​ចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​កម្មករ កម្ម​ការ​នី​រោងចក្រ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​នេះ សូម​មេត្តា​បងប្អូន​ផ្អាក​ការ​ជួបជុំ​១​ឆ្នាំ​សិន​ទៅ នាង​ខ្ញុំ​យល់​ថា បងប្អូន​ដែល​ចាក​ឆ្ងាយ​ចេញពី​ស្រុក​កំណើត​មក​ធ្វើការ​នៅ​ភ្នំពេញ ពិតជា​មានចិត្ត​នឹករលឹក​ដល់​ពុក​ម៉ែ​បងប្អូន នឹក​ស្រុក​កំណើត ចង់​ជួប ចង់​ជុំ​ខ្លាំង​ណាស់ តែ​ក្នុង​ឱកាស​នេះ ។

ខណៈ​នេះ​ពិតជា​ពេល​មិន​សម​ស្រប​ត្រូវ​មាន​ជួបជុំ​នោះ​ទេ ព្រោះ​ជំងឺ​ដ៏​សាហាវ​១​នេះ (​កូ​វី​ដ​១៩) កំពុង​តែ​រាតត្បាត​ពេញ​ពិភពលោក គេ​ខ្លាចរអា​ល​គ្រប់​គ្នា ព្រោះ​ជំងឺ​នេះ​អាច​ឆ្លង​បាន​ត្រឹមតែ​១​វិនាទី បើ​ឆ្លង​ហើយ​វា​នឹង​ឆ្លង​ទៅ​ទាំង​គ្រួសារ​តែ​ម្តង​។ ហេតុ​ដូច្នេះ សូម​បងប្អូន​មេត្តា​គិត​បន្តិច សុវត្ថិភាព​ជា​ចំបង បើ​យើង​មានជីវិត យើង​អាច​ជួបជុំ​បងប្អូន​បាន​ច្រើន​ដង​ទៀត តែបើ​យើង​នៅ​ជំនះ​រឹងទទឹង ការ​ជួបជុំ​នឹង​អាច​បាន​ត្រឹមតែ​ម្តងនេះ យើង ឬ​ពួក​គាត់​អាច​អស់​ឱកាស​ជា​រៀង​រហូត ព្រោះ​ការ​ឆ្លង​ជំងឺ​…​។

នាង​ខ្ញុំ សូ ដា​នី​តា សូម​ចិត្ត​បងប្អូន​រក្សា​ចិត្ត​អោយ​ស្ងប់ សម័យនេះ​ទំនើប យើង​អាច​ខ​ល​និយាយ​គ្នា ឬ​ខ​ល​វី​ដេ​អូ​មើល​គ្នា​បាន ត្រឹមតែ​៣​ថ្ងៃ​ទេ បងប្អូន​យើង​អាច​ប្រាប់​ពុក​ម៉ែ​នៅ​ឯ​ស្រុក គាត់​ប្រាកដ​ជា​យល់​។ បើ​នាង​ខ្ញុំ​និយាយ​ទៅ​ខុសចិត្ត​បងប្អូន​នាង ខ្ញុំ​សុំ​ទោស នាង​ខ្ញុំ​និយាយ​គ្រាន់តែ​រំលឹក ព្រោះ​ឱ្យ​បងប្អូន​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វី​ដ​១៩​តែ​ប៉ុណ្ណោះ ។

តារា​សម្តែង​នាង នី មុន្នីនាថ ក៏​បាន​បង្ហោះ​សារ​ដែរ​ថា បើសិន​បងប្អូន​នៅ​តែ​ចង់​ចាកចេញ​អោយ​បាន​មុន​ម៉ោង​១២​រំលង​អ​ធ្រា​ត​នេះ សូម​បងប្អូន​ថែរក្សា​សុវត្ថិភាព ទៅ​ដល់​ស្រុក​ហើយ កុំ​ជួបជុំ​គ្នា​សប្បាយ ផឹក​រាំច្រៀង ភ្លេចខ្លួន ដែល​អាច​បណ្តាល​ឱ្យ​មានការ​ឆ្លង​រីក​រាលដាល អាសន្នរោគ ក្នុង​ចំនួន​ទ្រង់ទ្រាយ​ធំ​។ សូម​បងប្អូន​ត្រូវ​ដឹង​ថា គ្រូពេទ្យ​របស់​យើង​ប្រហែលជា​មិន​មាន​ចំនួន​ច្រើន​រាប់​មិន​អស់​សំរាប់​មើលថែ​បងប្អូន បើសិន​មានការ​រី​រាលដាល​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ដូច្នេះ​សូម​ថែខ្លួន​ថែ​សុខភាព សូម​ជូនពរ​បងប្អូន ដែល​នៅ​តែ​ចេញ​ទៅ​ជួប​តែ​សេចក្តីសុខ សូម​ថែ​សុខភាព​ផង​។

តារា​សម្តែង​នាង មាន សូ​នី​តា បាន​សរសេរ​បង្ហោះ​ថា សូម​លើកដៃ​សំពះ​គោរព​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ជា​ពិសេស​បង​ៗ​កម្មករ កម្ម​កា​នី​រោងចក្រ​ទាំងអស់ បើ​អាច​សុំ​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នេះ​ទៅ ខ្ញុំ​ដឹង​ថា អ្នក​ទាំងអស់​គ្នា​ចង់​ជួបជុំ​ក្រុម​គ្រួសារ ពុក​ម៉ែ បងប្អូន សាច់ញាតិ ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ។ តែ​មិន​បាន​ជួប​ឆ្នាំ​នេះ​មិន​មាន​ន័យ​ថា មិន​បាន​ជួប​រហូត​នោះ​ទេ​។ អាច​ថា ជួប​លើក​នេះ​សំណាង​មិនល្អ​អាច​ជា​នាំ​គ្រោះ​ទុក្ខសោក ឬ​ក៏​អាច​ជា​ជំងឺ​ទៅ​ដល់​ពួក​គាត់​វិញ​ទេ​។ ចុង​ក្រោយ​សូម​បងប្អូន​ទាំងអស់​ពិចារណា​ឡើង​វិញ ហើយ​គោរព​តាម​គោល​ការណ៍​រាជរដ្ឋាភិបាល​វិញ​ទៅ​។

ចំណែក​ពិធីករ និង​សម្តែង​លោក ជា វ​ណ្ណា​រិ​ទ្ធិ និង​អតីត​តារា​សម្តែង​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ ក៏​បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​មួយ ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​​នៅ​ក្នុងអំឡុងពេល​នេះ ដោយសារ​យើង​មិន​អាច​ដឹង​ថា អ្នក​ណា​ម្នាក់​កើត​ជំងឺ​នេះ​ឡើយ​។ អ្នក​ទាំង​ពីរ​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​រួម​គ្នា​ទប់ទល់​ទៅ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក ដែល​រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​រក​ថ្នាំ​ព្យាបាល​ឲ្យ​បានជា​សះស្បើយ​នៅឡើយ​ទេ​។

ចំណែក​តារា​សម្តែង​ចាស់វស្សា​នាង ឌួ​ង ហ្ស៊ូ​រី​ដា បាន​សរសេរ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ​ថា សម្តេច​លោក​ប្រកាស​សំណូមពរ​ឲ្យ​កូនក្មួយ​ទាំងអស់​នៅ​ធ្វើការ​ធម្មតា​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ តែ​ចំណាត់ការ​មិន​ស្តាប់ សម្តេច​លោក​ត្រូវ​បង្ខំចិត្ត​ដាក់​ច្បាប់​ភ្លាម​ៗ ដើម្បី​ហាមឃាត់​កុំឱ្យ​មានការ​ជួបជុំ ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចុះឡើង ដើម្បី​កុំឱ្យ​មានការ​រាលដាល​នៃ​ជំងឺ Covi-19 ដូច​ប្រទេស​ដទៃ​។

ចំណាត់ការ​ត្រឹម​ម៉ោង​១២​យប់ ឥឡូវ​នាំ​គ្នា​សំរុក​ចេញ​ទៅ​គ្មាន​ងាក​ក្រោយ មិន​ថា​កូនចៅ​ឯង កូនចៅ​គេ​ទេ លោក​អើយ​។ អត់​យល់​ថា ហេតុ​អ្វី​ចាំ​ឱ្យ​ផុត​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ហេតុ​អ្វី​ក៏​ទ្រាំ​នៅ​មិន​បាន? ប្រាប់​ហើយ​ថា រដ្ឋាភិបាល​នឹង​សង​ថ្ងៃ​សំរាក​វិញ​….! អត់​យល់ គិត​ទៅ​ការ​គិត​របស់​ពួក​គាត់​គិត ពិតជា​នៅ​មានកំ​រឹត​មែន អត់​ខ្វល់​ថា ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល គឺជា​ការ​បារម្ភ​ពី​ប្រជា​ជាតិ​ទាំងអស់​។

តារា​សម្តែង​ចាស់វស្សា​លោក ទេព រិ​ន​ដា​រ៉ូ បាន​បង្ហោះ​សារ​ថា សូម​បងប្អូន​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​មួយ​រយៈ​ខ្លី​សិន​ទៅ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ (​កូ​វី​ដ​១៩) សូម​មេត្តា​គោរព​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួង​សុខាភិបាល​នោះ​យើង​ទាំងអស់​គ្នា​ប្រាកដជា​មាន​សុវត្ថិភាព រួច​ផុត​ពី​សុ​បិ​ន្ត​អាក្រក់​មួយ​នេះ​ជា​មិន​ខាន ….! សង្ឃឹម​ថ្ងៃមួយ​មេរោគ​មួយ​នេះ​នឹង​រលាយ​ផុត​ពី​ផែនដី​យើង​ជា​មិន​ខាន នោះ​យើង​នឹង​បាន​រីករាយ​ជួបជុំ​គ្រួសារ​យើង​វិញ​មិន​ខាន …! សូម​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​គ្រប់​គ្នា​។
តារាចម្រៀង​លោក ខេ​ម បាន​បង្ហោះ​សារ​ខ្លី​ដែរ​ថា នៅផ្ទះ​សិន​ទៅ​បងប្អូន​លះបង់​ការ​សប្បាយ​រយៈពេល​ខ្លី ដើម្បី​ក្តី​សុខ​ដល់​ខ្លួន និង​គ្រួសារ ព្រមទាំង​សង្គម​ជាតិ​យើង ។

ដោយឡែក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែរ​ថា ចំពោះ​ការ​ហាមឃាត់​មិន​អោយទៅ​ស្រុក​កំណើត​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​ការ​និយាយ​ពិបាក​ស្តាប់ និង​មិន​យល់​គ្នា ដូច្នេះ​ដើម្បី​សម្រប​តាម​ចិត្ត​គេ ក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​ហាង​ពេល​ចប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ខ្ញុំ​សុខចិត្ត​ឃុំ​ខ្លួនឯង​នៅផ្ទះ​១៥​ថ្ងៃ ដោយ​មិន​ទៅ​មើល​ការ​ខុស​ត្រូវ​មុខរបរ​នៅ​ហាង​ខ្ញុំ​ទេ ព្រោះ​ពេល​នេះ​គឺ​ស្ថានភាព​កំពុង​ច្របូកច្របល់​គ្មាន​អ្នក​ណា​ស្តាប់​អ្នក​ណា​ទេ ហើយ​អ្នក​ណា​ក៏​ជា​ជនសង្ស័យ​ដែរ បើ​គេ​មិន​គិត​ពី​សុខទុក្ខ​មនុស្ស​ជុំវិញ​ខ្លួន​ទេ គឺ​មាន​តែ​យើង​ត្រូវ​ព្យាយាម​គិត​ពី​ខ្លួនឯង​ឱ្យ​បាន​ហ្មត់ចត់ ព្រោះ​ដើម្បី​ការពារ​សុវត្ថិ​ភាព​នៃ​សុខភាព​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​មិនសូវ​រឹងប៉ឹង​ស្រាប់ ហើយ​បញ្ហា​សុខភាព​របស់ខ្ញុំ គឺ​សុទ្ធតែ​ជា​ចំណុច​ដែល​មាន​គ្រោះថ្នាក់​លឿន​ជាង​អ្នក​ដទៃ ( សួត និង​បំពង់​.​ក ) ម្នាក់​ៗ​យកចិត្ត​ខ្លួនឯង ដោយ​មិន​យល់​ពី​ស្ថាន​ការ​ថា រដ្ឋាភិបាល​កំពុង​ពិបាក​ទប់ស្កាត់​យ៉ាងណា​ក្នុង​ពេល​បច្ចុប្បន្ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ