រាជធានីភ្នំពេញ ៖ នាព្រលប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ត្រៀមរៀបចំផែន ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល រាជធានីភ្នំពេញ ចាប់ពីម៉ោង២៤និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតនៃជំងឺកូវីដ-១៩ ។
យោងតាម សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ មាន២ចំណុច ដូចខាងក្រោម ៖
១. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ ដោយមិនមានការហាមឃាត់ ឬរឹតត្បិតឡើយ។
២. បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើចរាចរ ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ ដោយសេរី គ្មានការហាមឃាត់ឡើយ ៕
ចែករំលែកព័តមាននេះ