មន្ត្រី​អង្គភាព​អាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​​បរិច្ចាគ​ប្រាក់បៀវត្ស​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​កូ​វី​ដ​១៩


ខេត្តបន្ទាយមានជ័យ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០​ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ មន្ត្រី​នៃ​អង្គភាព​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​​បាន​នាំ​គ្នា​បរិច្ចាគ​ប្រាក់បៀវត្សរបស់ខ្លួន​​ទៅ​តាម​លទ្ធភាព ដើម្បី​​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​និង​កំពុង​រាតត្បាត​លើពិភពលោក​ ។

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន​ ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ ​ការ​ចូលរួម​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​មេបញ្ជាការ មេបញ្ជាការ​ង និង​កង​រាជ​អាវុធ​នេះ​គឺ​អនុវត្ត​បាន​ទៅ​តាម​លទ្ធភាព​ដែល​មាន ទោះបីជា​ថវិការ​​បស់​មន្ត្រី​អាវុធហត្ថ​ណា​មាន​លទ្ធភាព​តិច​អាច​ចូល​រួម​តិច​ បើ​មន្ត្រី​អាវុធហត្ថ​ណា​មា​ន​ច្រើន​អាច​ចូលរួម​​ច្រើន​ទៅ​តាម​ទឹកចិត្ត​របស់​បងប្អូន​អាវុធហត្ថ​ទាំងនោះ នេះ​ជា​​ការ​​បង្ហាញ​ពី​សន្តានចិត្ត​សប្បុរសធម៌​បំផុត​ដែល​ខ្មែរ​ចេះ​ជួយ​ខ្មែរ​ក្នុង​គ្រា​​មាន​អាសន្ន​។

ជាមួយ​គ្នា​នោះ លោក​មេបញ្ជាការ​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​កំលាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើការ​ទប់ស្កាត់​​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩​នេះ​ឲ្យ​បាន​គ្រប់​គ្នា​ ព្រោះ​​ជំងឺ​​នេះ​អាច​ឆ្លង​តាម​ស្ថានភាព​ផ្សេង​ៗ ក្នុង​នោះ​​តម្រូវ​ឲ្យ​តាមដានកំ​ដៅ ឬ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ឲ្យ​បាន​រយៈពេល​១៤​ថ្ងៃ​ចំពោះ​បងប្អូន​មក​ពី​ក្រៅប្រទេស ហើយ​ត្រូវ​លាង​សម្អាត​ដៃ​​ជាមួយ​សាប៊ូ ឬ​អាល់កុល​ និង​​ជែល​​លាងដៃជាដើម ។ ​នៅ​ពេល​​ជួប​គ្នា​ត្រូវ​លើកដៃ​សំពះ​គ្នា​ ឬ​លើកដៃ​ជា​សញ្ញា ចៀសវាង​ចាប់ដៃ​គ្នា ព្រោះ​បារម្ភ​ពីការ​ចម្លង​មេរោគ​​កូវីដ១៩នេះ ​។

​លោកមេបញ្ជាការ​​បាន​បន្ត​​ថា​ មេរោគ​កូ​វី​ដ​១៩នេះ​ជា​មេរោគ​ដ៏​កាច​សាហាវ​ដែល​នៅ​តែ​បន្ត​វាយលុក​យ៉ាង​ខ្លាំង​លើ​ពិភពលោក​ និង​ធ្វើ​មនុស្ស​កើត​​ជំងឺ​ប្រភេទ​នេះ​​បាត់បង់ជីវិត​ជា​បន្តបន្ទាប់ នៅ​បណ្តា​ប្រទេស​មួយ​ចំនួន និង​មាន​អ្នក​ឆ្លង​​ជំងឺ​ប្រភេទ​នេះ​រាប់​សែន​នាក់​កំពុង​តែ​ព្យាបាល​។ សព្វ​ថ្ងៃនេះ​នៅ​មិន​ទាន់​មាន​ថ្នាំ​អាច​ព្យាបាល​​ជំងឺប្រភេទនេះ​​នៅឡើយ​ ដូច្នេះ​យើង​ទាំងអស់​ត្រូវ​ចូលរួម​បង្ការ​ទប់ស្កាត់​មេរោគ​កូវីដ​១៩​នេះ​ឲ្យ​បាន​គ្រប់​គ្នា ។

លោក​មេ​បញ្ជា​ការ​បាន​បន្ត​ទៀត​ថា​ ខេត្តបន្ទាយមានជ័យ​បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​​សម្តេចតេជោ​ ហ៊ុន សែន និង​ក្រសួងសុខាភិបាល ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រួម​គ្នា​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​​នេះ​ទាំងអស់​គ្នា ។​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មិន​ត្រូវ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ ដោយ​ត្រូវ​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ និង​លាង​សម្អាត​ដៃ​ឲ្យ​បានជា​ប្រចាំ ក្នុង​ន័យ​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ឲ្យ​បាន​គ្រប់​ៗ​គ្នា​៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ