ប៉ូ​លិ​ស​យន្ត មាន​តួ​សំខាន់​ដើរ​យាម​កាម​​ក្នុង​ប្រទេស​ ពេល​ផ្ទុះ​កូ​វី​ដ​១៩(​វី​ដេ​អូ​)


ប្រទេស​ទុ​យ​នី​ស៊ី ៖ ក្រសួងមហាផ្ទៃ​ប្រទេស​ទុ​យ​នី​ស៊ី បាន​ដាក់​ពង្រាយ​មនុស្ស​យន្ត​ដើរតួ​ជា​ប៉ូលិស ដើម្បី​ល្បាត​តាម​ដងផ្លូវ​នៃ​រដ្ឋធានី និង​ពង្រឹង​ការ​បិទ​ប្រទេស ដែល​បាន​ដាក់​កាលពី​ខែ​មុន នៅ​ពេល​ដែល​ប្រទេស​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។

ប៉ូ​លី​ស​យន្ត​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ PGuard ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ថត​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េ​ដ និង​កាមេរ៉ា​វាស់​កម្ដៅ បន្ថែម​លើ​ប្រព័ន្ធ​សំឡេង​រោ​ទិ៍ និង​ពន្លឺ​។ នៅ​ក្នុង​រូបភាព និង​សម្លេង ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ កាលពី​ខែ​មុន PGuard បាន​អំពាវនាវ​ដល់​អ្នក​ដែល​ល្មើស​នឹង​ការ​បិទ​ប្រទេស​ថា​៖ «​តើ​អ្នក​កំពុង​ធ្វើ​អ្វី? បង្ហាញ​អត្តសញ្ញាណ​ប័ណ្ណ​របស់​អ្នក​មក​ខ្ញុំ អ្នក​មិនដឹង​ថា មានការ​បិទ​ប្រទេស​ទេ​ឬ?​»​។

ប្រទេស​ទុ​យ​នី​ស៊ី បាន​ស្ថិត​នៅ​ក្រោម​បម្រាម​គោចរ​នៅ​ពេល​យប់​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែមីនា​ហើយ​អាជ្ញាធរ​បាន​ដាក់​បទបញ្ជា​រឹត​បន្តឹង​តឹងរ៉ឹង​ចាប់ពី​ថ្ងៃ​ទី​២២ ខែមីនា​។ ចាប់តាំងពី​ថ្ងៃ​ទី​២ ខែមីនា មក​មនុស្ស​១៤​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​ទុ​យ​នី​ស៊ី ដែល​មាន​ករណី​ឆ្លង​ចំនួន ៤៥៥​ករណី​។

អ្នក​បង្កើត​រ៉ូ​ប៊ី​នី​ទុ​យ​នី​ស ឈ្មោះ Anis Sahbani បាន​ប្រាប់ AFP ថា ម៉ាស៊ីន​នេះ ត្រូវ​បាន​ផលិត​ដំបូង​ក្នុង​ឆ្នាំ​២០១៥ សំខាន់​ដើម្បី​អនុវត្ត​ល្បាត​សន្តិសុខ ហើយ​វា​ក៏​ដំណើរការ​ដោយ​ស្វ័យភាព​តាម​រយៈ​បញ្ញា​សិប្បនិម្មិត​ផង​ដែរ​។

មនុស្ស​យន្ត​នេះ ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Enova Robotics របស់ Sahbani ដែល​មាន​តម្លៃ​ខ្ទង់​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​ភាគច្រើន​ត្រូវ​បាន​លក់​ទៅ​ក្រៅប្រទេស​ដល់​ក្រុមហ៊ុន​សម្រាប់​ការ​ប្រើប្រាស់​រក្សា​សុវត្ថិភាព​។ មនុស្ស​យន្ត​មួយ​ចំនួន​ត្រូវ​បាន​បរិច្ចាគ​ទៅ​ក្រសួងមហា​ផ្ទៃ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​ប្រភព​វី​ដេ​អូ ៖ Ruptly) (​កែសម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ