ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​មក​ពី​ក្រៅប្រទេស កំពុង​ស្នាក់​នៅ​ដាច់​ដោយឡែក​ពី​គេ​14​ថ្ងៃ​តាម​ស្រុក​ចំនួន​3

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រសៀល​ថ្ងៃ​ទី​៧ ខែមេសា សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​បងប្អូន​ពលករ​…

ខេត្តព្រៃវែង ៖ រសៀល​ថ្ងៃ​ទី​៧ ខែមេសា សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​បងប្អូន​ពលករ​ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស និង​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ នៅ​ក្នុងស្រុក​ចំនួន​៣​នៃ​ខេត្តព្រៃវែង គឺ​ស្រុក​ពារាំង ស្រុកស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាម​រក៍ ។

ក្នុង​ពេល​ជួប​សំណេះសំណាល​នោះ សម្ដេច​ក្រឡាហោមបាន​ថ្លែង​​អំណរគុណ​បងប្អូន​ពលករទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​ដាច់​ដោយឡែក នៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​បាន​រៀបចំ​ជូន ។ នេះ​គឺជា​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​-១៩ ដែល​កំពុង​គំរាមកំហែង​ដល់​អាយុ​ជីវិត​មនុស្ស​ទូ​ទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​យើង​ផង​ដែរ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បន្ត​ទៀត​ថា ការ​តម្រូវ​ឲ្យ​បងប្អូន​ពលករ​ទាំងអស់​រស់នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃនេះ គឺ​មិនមែន​ជា​ការ​ចាប់​បង្ខាំង​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​ការពារ​បងប្អូន ក្រុម​គ្រួសារ រួម​ទាំង​សហគមន៍ ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ដូច្នេះ សូមអ្នក​ទាំងអស់​គ្នា​ព្យាយាម​អត់ធ្មត់ និង​អនុ​វត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ដែល​នៅ​ប្រចាំការ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។

គួរ​បញ្ជាក់​ថា នៅ​ស្រុក​ពារាំង អាជ្ញាធរ​ស្រុក​បាន​ត្រៀម​សាលារៀន​សម្រាប់​ដាក់​ពលករ​ចំណា​ក​ស្រុក​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន​៦៥​សាលា ហើយ​បច្ចុប្បន្ន​មាន​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ស្នាក់​នៅ​ចំនួន​២៥​នាក់​(​ស្រី​៤​នាក់​) ។ ស្រុក​ស្វាយ​អ​ន្ទ​រ អាជ្ញាធរ​ស្រុក​បាន​ត្រៀម​សាលារៀន​ចំនួន​១១​សាលា បច្ចុប្បន្ន​មាន​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ស្នាក់​នៅ​ចំនួន​១៦​នាក់​(​ស្រី​៦​នាក់​) ។ នៅស្រុក​ពាម​រក៍ អាជ្ញាធរ​ស្រុក​បាន​ត្រៀម​សាលា
រៀន​ចំនួន​៨​សាលា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋកំពុង​ស្នាក់​នៅ​ចំនួន​៤​នាក់​(​ស្រី​២​នាក់​) ។

ក្នុង​ពេល​ចុះ​ជួប​សំណេះសំណាល​នេះ សម្ដេច​ក្រឡាហោម បាន​ឧបត្ថម្ភ​ដល់​អាជ្ញាធរ​ស្រុក​នីមួយ​ៗ​នូវ​ម៉ាស​ចំនួន​២.៥០០ សាប៊ូ​ចំនួន​២.៥០០​ដុំ ទឹក​អាល់កុល​ចំនួន​៥០​លី​ត្រ និង​មី​ចំនួន​១០កេស​ធំ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ការងារ​ទប់ស្កាត់​កូ​វី​ដ​-១៩​នេះ ៕

អត្ថបទសរសេរ ដោយ