ប្រទេសចិន ៖ នៅក្នុងព្រឹត្តិការណ៍សំខាន់មួយទៀតនៃរោគរាតត្បាតកូវីដ១៩ ប្រទេសចិន បានរាយការណ៍ថា គ្មានករណីបាត់បង់ជីវិតថ្មីដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងនេះទេ។ នេះគឺជាលើកដំបូងហើយ តាំងពីកូវីដ១៩វាយលុកដំបូងមក។
គេរកមិនឃើញករណីបាត់បង់ជីវិតដោយសារកូវីដ១៩ នៅក្នុងរយៈពេល២៤ម៉ោងមកនេះ នៅក្នុងខេត្ត Hubei ឬក៏ Wuhan នោះទេ ដែលកន្លែងនោះធ្លាប់មានអ្នកបាត់បង់ជីវិតដល់ទៅជាង១០០នាក់ ក្នុងមួយថ្ងៃ ដោយសារតែកូវីដ១៩។
ចំនួនអ្នកបាត់បង់ជីវិតសរុបជាផ្លូវការរបស់ប្រទេសចិនដោយសារកូវីដ១៩នេះ មានចំនួនត្រឹម ៣៣៤០នាក់។ កាលពីថ្ងៃសៅរ៍ ប្រទេសនេះបានចូលរួមកាន់ទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិត ដោយសាររោគរាតត្បាតមួយនេះ ដោយរក្សាភាពស្ងប់ស្ងាត់ចំនួន៣នាទី។
ចំនួននៃការចម្លងមេរោគក្នុងស្រុកបានធ្លាក់ចុះដល់សូន្យក្នុងខែមីនា នៅក្នុងប្រទេសចិន នៅពេលដែលអាជ្ញាធរបានផ្តោតការយកចិត្តទុកដាក់របស់ពួកគេទៅនឹងការឆ្លងមេរោគ ដែលបានមកពីបរទេស ហើយទីបំផុតនាំឱ្យមានការហាមឃាត់លើជនបរទេសទាំងអស់។
ទោះយ៉ាងណា ករណីដែលបាននាំចូលមកពីក្រៅនៅតែបន្ត ដែលធ្វើឱ្យចំនួនកើតថ្មីមាន៣២ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃច័ន្ទ។ ចំនួនអ្នកបាត់បង់ជីវិតនៅទូទាំងពិភពលោកដោយសារជំងឺកូវីដ១៩ មានលើសពី ៧៥០០០នាក់ ជាមួយនឹងចំនួនអ្នកបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកលើសពី ១០០០០នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ shanghai (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ