ជើង​ខ្លាំង​3​គូ​ត្រៀមខ្លួន​រួចរាល់​ដណ្ដើម​ប្រាក់​លាន​នៅ​​ស​ប្ដា​ហ៍​នេះហើយ


រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំងចំនួន​៣​គូ​បាន​ត្រៀមខ្លួន​រួចរាល់​ដណ្ដើម​ប្រាក់លាន​ក្នុង​កម្មវិធី​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ទី​១១ មេ​សា ខាង​មុខ​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​ប្រាក់​លាន​សម្រាប់
ស​ប្ដា​ហ៍​នេះ​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​កីឡាករ​រូប​ណា?

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត កីឡាករ​ដែល​ត្រូវ​គេ​ចាត់ទុកជា​ជើងខ្លាំង​ហើយ​ត្រូវ​ជួប​គ្នា​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ មានកីឡាករ​វ័យក្មេង​តា​ញ់ មក​រា មក​ពី​សមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួតជាមួយ​កីឡាករ​ជើង​ចាស់ ឃឹម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ។ កីឡាករ លី ភា មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​វ័យក្មេង​កំពុង​ល្បីឈ្មោះ ម៉ឺន មេ​ឃា​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​វង្ស វិ​ឆ័​យ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​។

រវាង តា​ញ់ មក​រា និង​ឃឹម បូ​រ៉ា អត់​ដែល​ជួប​គ្នា​ពី​មុន​មក​ទេ ប៉ុន្តែ​គូ​នេះ​មានបទពិសោធន៍​ប្រកួត​មិន​ដូច​គ្នា​ឡើយ ។ តា​ញ់ មក​រា ជា​អ្នក​ប្រដាល់​ជើង​ថ្មី រីឯ ឃឹម បូ​រ៉ា ជា​អ្នក​ប្រដាល់​ជើង​ចាស់ ។ ទោះបីជា​យ៉ាងណា សម្រាប់​ការ​ជួប​គ្នា​លើក​នេះ ឃឹម បូ​រ៉ា ក៏​មិន​ហ៊ាន​មើល​ស្រាល​លើ​តា​ញ់ មក​រា នោះ​ដែរ​ដោយសារ​អ្នក​ប្រដាល់​មក​ពី​ក្លិប​ក្រសួងការពារជាតិ​ម្នាក់​នេះ​មាន​វិជ្ជា​គុន​មិនធម្មតា កម្លាំង​ក៏​ខ្លាំង​ថែម​ទៀត​។

ចំណែក​លី ភា និង​ម៉ឺន មេ​ឃា វិញ ទាំង​វ័យ​ល្បិច​ប្រយុទ្ធ និង​កម្លាំង​ប្រហាក់ប្រហែល​គ្នា​អាច​ស៊ីសង​គ្នា​បាន​៥​ទឹក​ពេញ គ្រាន់តែ​មិនដឹង​ថា​អ្នក​ណា​មានសំណាង​ជាង​ក្នុង​ជំនួប​នា​ពេល​នេះ
ប៉ុណ្ណោះ​។

មួយគូ​ទៀត​គឺជា​ការ​ជួប​គ្នា​រវាង​វង្ស វិ​ឆ័​យនិង​នី សុ​ភី ដែល​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា និង​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ម្យ៉ាង​ម្នាក់​។វង្ស វិ​ឆ័​យ ល្អ​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ រីឯ​នី សុ​ភី ល្អ​ស្នៀត​កែង​និង​ជង្គង់ ដូច្នេះ​លទ្ធផល​ចាញ់​ឈ្នះ​គ្មាន​នរណា​ហ៊ាន​ព្យាករ​ទុក​មុន​បានឡើយ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​តាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​គ្នា​ប៉ុណ្ណោះ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ