ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តអំពាវនាវ​ដល់​ចៅអធិការ​គ្រប់​វត្ត​​ផ្សព្វផ្សាយ​​ទប់ស្កាត់​កូ​វីដ១៩ ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ប្រគេន​ចង្ហាន់ ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​ដល់​តំណាង​ព្រះសង្ឃ​ចំនួន​៣៣​វត្ត នៅ​ទូ​ទាំង​ខេត្ត ដែល​មានការ​ខ្វះខាត​ចង្ហាន់​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​​ជំងឺកូវីដ១៩ ទើប​រ​ហូត​មក​ដល់​ថ្ងៃ​ទី​៨…

ខេត្ត​ប៉ៃលិន ៖ មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ប្រគេន​ចង្ហាន់ ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​ដល់​តំណាង​ព្រះសង្ឃ​ចំនួន​៣៣​វត្ត នៅ​ទូ​ទាំង​ខេត្ត ដែល​មានការ​ខ្វះខាត​ចង្ហាន់​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​​ជំងឺកូវីដ១៩ ទើប​រ​ហូត​មក​ដល់​ថ្ងៃ​ទី​៨ មេ​សា ២០២០ នៅ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ​លោក​ ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ព្រះ​ចៅអធិការ​គ្រប់​វត្ត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ជា​ពិសេស​គ្រប់គ្រង​ព្រះសង្ឃ ដែល​និមន្ត​បំ​លាស់​ទី​ពី​វត្ត​១ ទៅ​វត្ត​១ ទាំង​នៅ​ក្នុង​ប្រទេស និង​មក​ពី​ក្រៅប្រទេស ស្រប​តាម​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​ក្រសួង សុខាភិបាល ។

​លោក​​អភិបាល​ខេត្ត​បាន​លើក​ឡើង​ថា​ ព្រះពុទ្ធ​សាសនា បច្ចុប្បន្ន​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម ទាំង​ផ្នែក​ការងារ​មនុស្សធម៌ និង​លើកកម្ពស់​សីលធម៌ ចរិយា​ធម៌ ដល់​កុលបុត្រ កុលធីតា ជំនាន់​ក្រោយ ឲ្យ​ចេះ​សាង​អំពើ​ល្អ តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា ក្នុង​គោល បំណង​កាត់​បន្ថយ ការ​ខុសឆ្គង ក្នុង​ច្បាប់​រដ្ឋ និង​ប្រពៃណី​ជាតិ ដើម្បី​ពង្រឹង​ទាំង​ចំណេះដឹង ជំនាញ និង​បទ​ពិសោធន៍ រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជាតិ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ចក្រ​កម្ពុជា ។

លោកអភិបាល​ខេត្ត​​បាន​បញ្ជាក់​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រទេស​កម្ពុជា ក៏​ដូច​ទូ​ទាំង​ពិភពលោក កំពុង​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​​ជំងឺរលាក​សួត​ប្រភេទ​ថ្មី ​បង្កឡើងដោយវីរុស​​កូវីដ១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល​ទូ​ទាំង​ពិភពលោក ។ ដូច្នេះ​ដើម្បី​ទប់ស្កាត់ និង​បង្ការ​កុំអោយ​មានការ​ចម្លង​រីក​រាលដាល​ជំងឺ​នេះ ក៍​ដូច​ជា​ការ​ត្រៀម​ដើម្បី​ជួយ​សង្គ្រោះ និង​ព្យាបាល​ដល់​ជន​រង​គ្រោះ ដែល​ផ្ទុក​ជំងឺ ​កូវីដ​១៩​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា គណៈកម្មការ​ប្រយុទ្ធ នឹង​ជំងឺ COVID-19 ខេត្ត​ប៉ៃលិន បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល ដោយ​ជំរុញ ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រួម​គ្នា​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ និង​តាម​ផ្ទះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់​ដឹង និង​ចូលរួម​បង្ការ ទប់ស្កាត់​ជំងឺ COVID-19 ទាំងអស់​គ្នា ។

បើ​តាម​ថេរៈដី​កា​របស់​ព្រះ​គ្រូ រតន​មុន្នី អ៊ា សុ​ផ​ន ព្រះ​មេគណ​ខេត្ត និង​ជា​ព្រះ​ចៅអធិការ​វត្ត​ពោធិ​មា​រ៉ា​ម ហៅ​វត្ត​ប៉ា​ហ៊ី បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ​គ្រប់​វត្ត មិន​អាច​ចេញ​ក្រៅ ដើម្បី​បិណ្ឌ​បាត្រ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្វះខាត​ចង្ហាន់​ឆាន់​ប្រចាំ​ថ្ងៃ ទើប​ព្រះ​អង្គ​អំពាវនាវ ដល់​សប្បុរសជន ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​ជា​បច្ច័យ​ក៍បាន ឬ​ជា​គ្រឿង​ឧបភោគបរិភោគ ក៏បាន ដើម្បី​យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​តាម​វត្ត ដែល​ខ្វះខាត​ចង្ហាន់ ហើយ​ជាក់ស្តែង​នៅ​ពេល​នេះ ​លោក​អភិបាលខេត្ត និង​សប្បុរសជន ព្រមទាំង​ពុទ្ធបរិស័ទ បាន​នាំ​មក​ប្រគេន​នូវ​ចង្ហាន់ ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ ដល់​តំណាង​ព្រះសង្ឃ​ចំនួន​៣៣​វត្ត នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន មាន​ព្រះសង្ឃ​ចំនួន​៣៣០​អង្គ ក្នុង​នោះ ភិក្ខុ​ចំនួន​១៥០​អង្គ សម​ណេ​ចំនួន ១៨០​អង្គ និង​មាន​វត្ត​សរុប​ចំនួន​៣៣​វត្ត ហើយ​អំណោយ​ដែល​រដ្ឋបាល​ខេត្ត និង​សប្បុរសជន ព្រមទាំង​ពុទ្ធបរិស័ទ បាន​ប្រគេន​ជូន​ដល់​វត្ត​ទាំង​៣៣ គឺ​ក្នុង​១​វត្ត​ៗ រួម​មាន​ អង្ករ​១៥០​គីឡូក្រាម ត្រីខ​២​យួរ ទឹក​សុទ្ធ​៣​យួរ ម៉ាស់​១​ប្រអប់ សាប៊ូ​២​ដុំ ទឹក​អាល់កុល​៤​ដប ចង្ហាន់​១​ប្រអប់ និង​បច្ច័យ ចំនួន​៥​ម៉ឺន​រៀល​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ