មុន​ចាក​ចេញពី​កម្ពុជា អ្នកជំនាញ​ចិន​ប្រាប់​ថា កុំ​ប្រហែសរឿង​កូ​វី​ដ​១៩ ពេល​បុណ្យចូលឆ្នាំ​ខ្មែរ


រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ចំនួន​៧​រូប ដែល​ជា​ក្រុម​ជំនួយ​ដំបូង​របស់​ចិន​បញ្ជូន​មក​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​នេះ បាន​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ​ហើយ​នា​ថ្ងៃ​ទី​៧ ខែមេសា ម្សិលមិញ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន ស៊ីនហួរ ។ មុន​ពេល​ចាក​ចេញពី​កម្ពុជា អ្នកជំនាញ​ចិន បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​ទាំងអស់ កុំ​ធ្វេសប្រហែស ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ខាង​មុខ​នេះ បើ​មិន​ដូច្នោះ​ទេ អាច​មាន​ហានិភ័យនៃ​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍ ។

ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ទាំង​៧​រូប ដែល​ភាគី​ចិន បញ្ជូន​មក​ប្រទេស​កម្ពុជាកាលពី​ថ្ងៃ​ទី​២៣ ខែមីនា ដើម្បី​ចែករំលែក​បទ​ពិសោធ​ល្អ​ៗ​ដល់​កម្ពុជា ក្នុង​កិច្ច​ប្រឹងប្រែង​ព្យាបាល និង​ទប់ស្កាត់​និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 នេះ ។

លោក​វេជ្ជបណ្ឌិត Ai Xiang ជា​ប្រធាន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ និង​ជា​អនុប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព នៃ​គណៈកម្មាធិការ​សុខាភិបាល និង​សុខភាព​ក្នុង​តំបន់​ស្វយ័ត​ខេត្ត​ក្វា​ង​ស៊ី ប្រទេស​ចិន បាន​ផ្តល់​យោបល់​ថា ខែមេសា​នេះ ជា​ខែ​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ជា​ដំណាក់កាល​សំខាន់​បំផុត ដែល​ត្រូវ​ចូលរួម​ទប់ស្កាត់​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០៣ មេ​សា អ្នក​សារព័ត៌មាន​ចិន​មួយ​រូប​ គឺ​កញ្ញា Sarai Zhang បាន​ធ្វើការ​សម្ភាសន៍​លោក​វេជ្ជបណ្ឌិត Ai Xiang ថា សម្រាប់​ប្រជាជន​ខ្មែរ តើ​លោក​មាន​មតិ ឬ​សំណើរ​អ្វីខ្លះ​សម្រាប់​បង្ការ និង​ទប់ទល់​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ ?

វេជ្ជបណ្ឌិត Ai Xiang លោក​បាន​ឆ្លើយ​ជាដំបូង​ថា «​ពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ ជៀសវាង​ចេញ​ទៅ​ខាងក្រៅ​» ។

លោក Ai Xiang បន្ត​ទៀត​ថា ទាំង​បី​វី​ធី​នេះ ប្រជាជន​ខ្មែរ​បាន​យល់​ដឹង​ច្បាស់​ហើយ ធ្វើ​តាម​ទៀត​ក៏​ដោយ សម្រាប់​កម្ពុជា ខែមេសា​នេះ គឺ​ដំណាក់កាល​សំខាន់​គន្លឹះ​តែ​ម្តង សម្រាប់​ទប់ទល់​នឹង​មេរោគ​ដ៏​សាហាវ​នេះ ។ ពិសេស​ក្នុង​ខែ​នេះ ប្រទេស​កម្ពុជា​នឹង​អបអរសាទរ​ចូល​ឆ្នាំ​ថ្មី បើ​យើង​ធ្វេសប្រហែស យល់​ឃើញ​ថា អ្នក​ឆ្លង​ក៏​មិនសូវ​ច្រើន​ទេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន ។ ហើយ​ស្ថិត​នៅផ្ទះ​យូរ មាន​អារម្មណ៍​អផ្សុក​ដែរ ចង់​ឆ្លៀតឱកាស​ចូល​ឆ្នាំ​ថ្មី ជួបជុំ​ជាមួយ​មិត្តភក្តិ បងប្អូន ញាតិសន្តាន ក្រុម​គ្រួសារ​នោះ នឹង​មាន​ហានិភ័យ​ធំ​ណាស់​សម្រាប់​ឆ្លង​មេរោគ​ដោយ​មាន​លក្ខណៈ​សហគមន៍ ។

«​ការ​ឆ្លង​មេរោគ​ដោយ​មាន​លក្ខណៈ​សហគមន៍ ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​ទប់ទល់​នឹង​កូ​វី​ដ​១៩» តាម​លោក Ai Xiang ពន្យល់​ថា ពាក្យ​នេះ​ប្រហាក់ប្រហែល​ន័យ​ថា ក្នុង​តំបន់​មួយ​មេរោគ​នេះ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស មិន​គ្រាន់តែ​ឆ្លង​រវាង​សមាជិក​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ គ្រូពេទ្យ​មិន​អាច​ស្វែងរក និង​កំណត់​ច្បាស់​នូវ​ប្រភព​មេរោគ​មកពីណា ។ នោះ​ចំនួន​មនុស្ស​ឆ្លង​នឹង​ផ្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស ។

លោក​វេជ្ជបណ្ឌិត បន្ថែម​ទៀត​ថា កម្ពុជា​ពេល​នេះ គ្រប់គ្រង​បាន​នូវ​សភាពការណ៍ ដោយសារ​យល់​ដឹង​ច្បាស់​ប្រភព​មេរោគ​មកពីណា ភាគច្រើន​គឺ​មក​ពី​ខាងក្រៅ ដូច​ជា​ជនជាតិ​បរទេស​នាំ​ចូល​… ខ្មែរ​ទៅ​ចូលរួម​កម្មវិធី​នៅ​ម៉ា​ឡេ​ស៊ី​… លោក​អត់​ចង់​ឃើញ​ថា កម្ពុជា​ឈាន​ចូល​សភាពការណ៍​ឆ្លង​មេរោគ​កូ​វី​ដ​១៩ មាន​លក្ខណៈ​សហគមន៍​ទេ ។ បើ​មានការ​ឆ្លង​មេរោគ​ជា​លក្ខណៈ​សហគមន៍​នោះ ចំនួន​មនុស្ស​ឆ្លង​នឹង​ផ្ទុះ​យ៉ាង​លឿន ហេតុ​ដូច្នេះ​សង្ឃឹមថា ប្រជាជន​ខ្មែរ​គ្រប់​គ្នា គួរតែ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ជាងគេ​ចំពោះ​ប្រការ​នេះ ។

សូម​យក​ប្រទេស​ចិន ជា​ឧទាហរណ៍ ពេល​មេរោគ​កូ​វី​ដ​១៩ ផ្ទុះ​ឡើង គឺ​ចំ​នឹង​បុណ្យចូលឆ្នាំ​ចិន ។ ប្រទេស​ចិន​មាន​ប្រជាជន​ចំនួន​ជាង​១​ពាន់​៤​រយ​លាន​នាក់ តែ​រដ្ឋាភិបាល​ចិន ប្រកាស​បិទ​ទីក្រុង​ទាំងអស់ កុំ​ចេញ​មក បើ​មិន​មានការ​ចាំបាច់ ។ ប្រជាជន​ចិន​ទ្រាំ រហូត​ដល់​បច្ចុប្បន្ន​នេះ ជាង​ពីរ​ខែ​ផុត​ទៅ​ហើយ ប្រទេស​ចិន​ឥឡូវ បាន​ទទួល​ជោគជ័យ ជា​ជំហាន​ដំបូង គឺ​អត់​មាន​អ្នក​ឆ្លង​ថ្មី (​មាន​អ្នក​ឆ្លង​ថ្មី សុទ្ធតែ​អ្នក​ត្រឡប់​មក​ពី​ក្រៅប្រទេស​) ។

វេជ្ជបណ្ឌិត​ជំនាញ​និង​មានបទពិសោធន៍​មក​ពី​ក្រុង​វ៉ូ​ហាន លោក​បាន​បញ្ជាក់​ថា ចំនួន​ប្រជាជន​ខ្មែរ​តិច​ជាង​ចិន​ខ្លាំង​ណាស់ សង្ឃឹមថា ប្រជាជន​ខ្មែរ ក៏​អាច​ទ្រាំ នៅផ្ទះ ក្នុង​បុណ្យចូលឆ្នាំ​ថ្មី​នេះ ។ យើង​នៅផ្ទះ​អត់​ជួបជុំ​គ្នា​តែ​លើក​នេះ ការពារ​អាយុជីវិត​យើង ចាំ​ផុត​ពី​គ្រាលំបាក​នេះ យើង​ពិតជា​នឹង​មានឱកាស​ច្រើនសប្បាយ​រីករាយ ។ យើង​អត់​ជួបជុំ​គ្នា​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ការពារ​ខ្លួន​ផង ការពារ​ក្រុម​គ្រួសារ​ផង ការពា​អ្នក​ផ្សេង​ផង រហូត​ដល់​ការពារ​ប្រជាជន​ខ្មែរ​ទាំងអស់​តែ​ម្តង ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ៧ មេ​សា នៅ​វិមាន​សន្តិភាព រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​សម្រេច​ផ្អាក​ការ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ហើយ​តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​ធ្វើការ​ធម្មតា ហើយ​រដ្ឋ​នឹង​សង​វិញ​ចំនួន ៥ថ្ងៃ ឲ្យ​ឈប់​សម្រាក​នៅ​ពេល​ក្រោយ នេះ​គឺជា​វិធានការ​មួយ ក្នុង​ចំណោម​វិធានការ​ឯទៀត​របស់​រដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ នៅ​កម្ពុជា ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ