សហជីព​៖ ​ពិបាក​ក្នុង​ការ​ឃាត់​កម្មករ​មិន​អោយ​ឈប់​សម្រាក​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ


​រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា រាជ​រដ្ឋាភិបាល​បាន​ប្រកាស ​កាលពី​ថ្ងៃ​ទី​០៧ ខែមេសា សម្រេច​ថា អំឡុង​ថ្ងៃ​ចូល​ឆ្នាំ ប្រពៃណី​ខ្មែរ​ចំនួន៤​ថ្ងៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី១៣-១៦ ខែមេសា​នេះ មិន​អោយ​មានការ​ឈប់​សម្រាក​ការងារ​ឡើយ គឺ​នៅ​តែ​បន្ត​ធ្វើ​ការងារ​ធម្មតា​ដដែល និង​អោយ​ឈប់​សង​វិញ​ចំនួន​៥​ថ្ងៃ នៅ​ពេលវេលា​សម​ស្រប​ណាមួយ​បន្ទាប់​ពី​ជំងឺ​កូ​វី​ដ១៩​នេះ​បាន​ស្ងប់ស្ងាត់ ។

ក៏​ប៉ុន្តែបើ​តាម​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជាបាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​នូវ​វិធាន​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ១៩នៅ​ក្នុង​ប្រទេស ដោយ​មិន​អោយ​មានការ​ជួបជុំ​ច្រើន​ៗ ក៏​ប៉ុន្តែ​វិធានការ​ក្នុង​ការ​មិន​អោយ​ឈប់​សម្រាក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​របស់​រាជរដ្ឋាភិបាល ហាក់​ធ្វើ​ឡើង​យឺត​ពេល​បន្តិច ពីព្រោះ​ថ្ងៃ​ឈប់​សម្រាក​កាន់តែ​ជិត​មក​ដល់ ។

ជាក់ស្ដែង​ បណ្ដា​ក្រុមហ៊ុន​រោងចក្រ​មួយ​ចំនួនបាន​អនុញ្ញាត​អោយ​កម្មករ​របស់​ខ្លួន​ឈប់​សម្រាក​បាត់​ទៅ​ហើយ និង​រោងចក្រ​ខ្លះ​ទៀត​នឹង​អោយ​កម្មករ​ឈប់​សម្រាក​ម្សិលមិញ ថ្ងៃនេះ និង​ស្អែក​បន្តបន្ទាប់ ដើម្បី​អោយ​ពួក​គេ​អាច​មាន​ពេលវេលា​ទៅ​ស្រុក ។ លោក​បាន​បន្ត​ថា ដូច​បានដឹង​ស្រាប់​ហើយ កម្មករ​ភាគច្រើន​ពួក​គាត់​ទន្ទឹងរង់ចាំ​ថ្ងៃ​ឈប់​សម្រាក​មក​ដល់​នឹង​អាល​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​ជួប​ក្រុម​គ្រួសារ បងប្អូន​នៅ​ស្រុក ។ តែ​នៅ​ពេល​ដែល​លឺ​អត់អោយ​ឈប់​វិញ យើង​ពិតជា​យល់​អារម្មណ៍​របស់​ពួក​គាត់​ថា​ វា​ពិបាក​មែន ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ចាំបាច់​ត្រូវធ្វើ​បែប​នេះ ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូ​វី​ដ១៩ ។

ប្រធាន​សហជីព​រូប​នេះ​បាន​បន្ត​ថា «កម្មករ​ភាគច្រើន​បាន​រៀបចំ​អីវ៉ាន់​រួច​ហើយ ក្នុង​ការ​ឈប់​សម្រាក ហើយ​បណ្ដា​រោងចក្រ​មួយ​ចំនួន ក៏​បាន​ខិតខំ​ជំរុញ​បង្ហើយ​ការងារ​មុន​ចូល​ឆ្នាំ​នឹង​អាល​បាន​ឈប់​សម្រាក និង​មាន​រោងចក្រ​ខ្លះ​ក៏​គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ព្យួរការងារ​មួយ​រយៈ​ផង​ដែរ ខណៈ​អ្នកបញ្ជា​ទិញ​ក៏​ស្នើ​អោយ​ផ្អាក និង​ខ្វះ​វត្ថុធាតុដើម​មួយ​ចំនួន​ផងដែរ » ។

លោក​បន្ត​ថា តាម​តំណាង​សហជីព​នៅ​តាម​ក្រុមហ៊ុន​រោងចក្រ​ជាង​១០០​បានអោយ​ដឹង ពួក​គេ​មួយ​ចំនួន​ធំ បាន​បង្ហាញ​អារម្មណ៍​ចង់​ឈប់​សម្រាក តែ​ពិបាក​ក្នុង​ការ​សម្រេចចិត្ត ហើយ​បើសិនជា​ពួក​គាត់​តវ៉ា​នោះ​វា​បង្ហាញ​ពី​ការ​មិន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​១៩ ។ ក្នុង​កាលៈទេសៈ​នេះ វា​ពិតជា​ពិបាកថា ​តើ​ត្រូវ​សម្រាក ឬ​បន្ត​តែ​យ៉ាងណា​លោក​ជឿ​ថា ​មួយ​ចំនួន​នឹង​ឈប់​សម្រាក ហើយ​មួយ​ចំនួន​ទៀត​អាច​នឹង​នៅ​បន្ត​ធ្វើ​ការងារ​ដដែល ។

បើ​តាម​លោក​ហេង សួរ អ្នកនាំពាក្យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​បង្ហាញ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្ដី​ពី​ការ​លើក​ពេល​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ២០២០ ដោយ​បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា តាម​រយៈ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល និង​សេចក្តីជូនដំនឹង​របស់​ក្រសួង​នោះ ថ្ងៃ​ទី ១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​ច្បាប់​ចាត់ទុកជា​ថ្ងៃ​ធ្វើការ​ធម្មតា មាន​ប្រាក់​ឈ្នួល​១០០​ភាគរយ ដូច​ថ្ងៃ​ធម្មតា ។

នៅ​ក្នុង​សំ​ណេ​រ​របស់​លោក​ក៏​បាន​បញ្ជាក់​ថា បើ​បងប្អូន​កម្មករ នៅ​តែ​ចង់​ឈប់ ហើយ​មានច្បាប់​ត្រឹមត្រូវ រោងចក្រ​អាច​ឱ្យ​គាត់​ឈប់​ដោយ​កាត់​ចេញពី​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ ចំនួន១៨​ថ្ងៃ របស់​គាត់ ក៏​ប៉ុន្តែ​លោក​ក៏​បាន​អំពាវនាវ​និង​សំណូមពរ​ដល់​បងប្អូន​ទាំងអស់ បន្ត​ធ្វើ​ការងារ​ធម្មតា បើសិនជា​ស្រលាញ់​បងប្អូន ចង់​ជួយ​បងប្អូន​ជួយ​គ្រួសារ និង​ខ្លួនឯង ។ រដ្ឋ​នឹង​សង​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​នេះ​វិញ​ចំនួន​៥​ថ្ងៃ​នៅ​ពែ​ល​កូ​វី​ដ​១៩​ចប់ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ