បញ្ជូន​នាយ​រង​នគរបាល​ប៉ុស្តិ៍​បាញ់​សម្លាប់​អតីត​ប្រពន្ធ និង​កូន​ទៅ​តុលា​ការ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​ខ្មាន់
កាំភ្លើង ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​នាយ​រង​នគរបាល​ប៉ុស្តិ៍រ​ដ្ឋា​បាល​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​បាញ់ប្រហារ​ទៅ​លើ​អតីត​ប្រពន្ធ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​រថយន្ត និង​កូនស្រី​ម្នាក់​អាយុ​១០​ឆ្នាំ​រង​របួស​ធ្ងន់ធ្ងរ ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលាការ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនជាប់ចោទ​ឈ្មោះ​ជា ចាន់​បូ​រ៉ា អាយុ​៤៤​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ហើយ​ទើប​ឡើង​តំណែង​ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ចូល​ធ្វើការ​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ ចំណែក​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ឈ្មោះ សូ ពៅ​មរកត អាយុ​៣៧​ឆ្នាំ ជា​អ្នកលក់​អចលនទ្រព្យ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ ត្រូវជា​អតីត​ប្រពន្ធ​។ រីឯ​កូនស្រី​ដែល​រង​របួសធ្ងន់​មានឈ្មោះ​ជា អា​រី​យ៉ា អាយុ​៧​ឆ្នាំ ។

សេចក្តីរាយការណ៍​បន្ត​ថា នាយ​រង​នគរបាល​ប៉ុស្តិ៍​ឈ្មោះ ជា ចាន់​បូ​រ៉ា ដែល​ជា​ជនសង្ស័យ​ខាងលើ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ ធ្វើការ​សាកសួរ​នៅឡើយ​ទេ ។

សូម​រំលឹក​ថា លោកនាយ​រង​នគរបាល​ប៉ុស្តិ៍​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ផ្ទុះ​នូវ​ភ្លើង ប្រចណ្ឌ ហើយ​មាន​បំណង​បាញ់​សម្លាប់​បុរស​ដែល​ជា​ប្រុស​ស្នេហ៍​ក្រោយ​របស់​អតីត​ប្រពន្ធ​ដែល​ត្រៀម​ចូល​រោងការ​ឆាប់​ៗ​នោះ តែ​បែរជា​ត្រូវ​អតីត​ប្រពន្ធ​ទៅ​វិញ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​ពេល​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​កូនស្រី​ម្នាក់​អាយុ​១០​ឆ្នាំ​រង​របួសធ្ងន់ ហើយ​ត្រូវ​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ គន្ធ​បុ​ប្ជា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៨​និង​១០​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សូម​រំលឹក​ទៀត​ថា ជនជាប់ចោទ​បាន​ប្រើ​កាំភ្លើង​ម៉ាក​រ៉ូ​ឡូ តាម​បាញ់​ទៅ​លើ​បុរស​ម្នាក់​ដែល​ជា​គូ​ដណ្តឹង​ត្រៀម​ចូល​រោងការ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ដឹក​អតីត​ប្រពន្ធ និង​កូន​ចំនួន​២​នាក់ ។ ខណៈ​ពេល​កំពុង​តែ​បាញ់​នោះ បុរស​រូប​នោះ​ក៏​បាន​អោន​ផុត បណ្តាល​ឱ្យ​ត្រូវ​អតីត​ប្រពន្ធ​១​គ្រាប់​ចំ​ដើមទ្រូង​ខាងឆ្វេង ធ្លាយ​ទៅ​ក្រោម​ក្លៀក​ស្តាំ និង​ត្រូវ​កូនស្រី​ដែល​ជិះ​ក្បែរ​១​គ្រាប់​ចំ​ច្រមុះ​។

ទាក់ទិន​ការ​ប្រើ​ហឹ​ង្សា​នេះ ត្រូវ​នគរបាល​ឱ្យ​ដឹង​ថា ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ​ដែល​បុរស​ជា​ប្តី​នៅ​អាល័យ​អតីត​ប្រពន្ធ​ដែល​លែងលះ​គ្នា​ដាច់ស្រេច ហើយ​ឃើញ​ប្រុស​ថ្មី​ដឹក​អតីត​ប្រពន្ធ​ក៏​មាន​កំហឹង​​ជិះ​ម៉ូតូ​តាម​បាញ់​សម្លាប់​តែ​ម្តង ។ (កែ​សម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ