សាលាដំបូង​ខេត្ត​សម្រេច​ហើយ បុរស​៣​​នាក់​ប្រើ​ត្រាក់ទ័រ​ឈូស​ឆាយដី​គ្មាន​ការ​​អនុញ្ញាត


ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ បាន​សម្រេច​ឃុំខ្លួន​បុរស​៣​នាក់​ដាក់​ពន្ធ​នាគារ​បណ្ដោះអាសន្ន ពាក់ព័ន្ធ​ករណី​កាប់​គាស់ និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា​៥៦ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដី​ពី​តំបន់​ការពារធម្មជាតិ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ត្រូវ​ចោទ​ខាងលើ​មាន ១.​ឈ្មោះ ទិ​ត សុ​បឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រឹ​ត ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​, ២.​ឈ្មោះ រ៉ុ​ង សុខ​ជា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជី​ប៉េះ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​៣.​ឈ្មោះ យា​ត ឆៃ​យ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

ប្រភព​ដដែល​បន្ត​ថា ជន​ទាំង​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ចាប់​ឃាត់ខ្លួន ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​បើក​ត្រាក់ទ័រ​ឈូស​ឆាយ និង​ភ្ជួរ​ដី ដោយ​គ្មាន​ការ​អនុញ្ញាត ស្ថិត​នៅ​ត្រង់​ចំណុច​ត្រពាំង​ទឹកល្អក់ ក្នុងភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ក្នុង​តំបន់​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ឃើញ​ថា មានការ​កាប់​គាស់ រុករាន និង​ឈូស​ឆាយដី​ព្រៃ ហើយ​បាន​វាស់វែង​ជាក់ស្ដែង​លើ​ផ្ទៃដី​ខាងលើ មាន​ទំហំ ៣៤.៥៣៤​ហិ​កតា រួម​ជា​មួយ​ត្រាក់ទ័រ​ចំនួន​២​គ្រឿង ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​របៀង​អភិរក្ស​ជីវៈចម្រុះ ដើម្បី​កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ