កូវីដ១៩ធ្វើឱ្យសង្វាក់​ផលិត​កម្ម​មិន​ដំណើរ​​ការ ឯធនា​គារបង្ខំទារប្រាក់​រាល់​ថ្ងៃ ​


ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​មានមុខរ​បរជា​ប្រពៃណី​ស្មូនឆ្នាំង បាន​ត្អូញត្អែរ​ពី​សង្វា​ក់​ផលិតកម្ម​របស់​ពួក​គាត់​មិន​ដំណើរការ ដោយសារ​តែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាពប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ និង​ជា​ពិសេស​គ្រា​ដែល​ពួក​គាត់​កំពុង​ជំពាក់​ប្រាក់​ធនាគារឯកជន ដែល​មក​បង្ខំ​ទារប្រាក់​ជា​រៀងរាល់ថ្ងៃ ។ ហេតុ​ដូច្នេះ​ហើយ​ ពួក​គាត់​មាន​តែ​អំពាវនាវ​សុំ​ប្រមុខ​រាជរដ្ឋា ភិបាល​មេត្តា​ជួយ​អន្តរាគមន៍​ដល់ ធនាគារឯកជន​សូម​ពន្យារពេល​ការ​បង់ប្រាក់​ដល់​ពួក​គាត់​ផង ។

លោក អុ​ន ជី​វ័​ន្ត អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ និង​ជា​អ្នក​ផលិត​ចង្ក្រាន​ដី បាន​និយាយ​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ផលិតផល​ចង្ក្រាន​របស់​គាត់ លក់​មិន​ចេញ​ឡើយ ។ ពេល​នេះ​ចង្ក្រាន​គាត់​នៅ​សល់​ពេញ​ផ្ទះ​អស់​ទៅ​ហើយ ។ លោក​ថា ពេល​ដែល​មិន​ទាន់​មានការ​ភ័យ​ខ្លាច​ពី​ជំងឺ​កូ​វី​ដ​១៩ ចង្ក្រាន​របស់​គាត់​បាន​ដឹក​ចេញ​ទៅ​លក់​ដល់​ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង និង​ខេត្តស្ទឹងត្រែង ដោយ​ចំណាយពេល​ពី​១០​ទៅ​១៥​ថ្ងៃ​ទើប​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ដោយ​រកបាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រាន់បើ​ដែរ ។ ប៉ុន្តែ​ពេល​នេះ​ចង្ក្រាន​គាត់​មិន​ដំណើរការ​ដូច​មុន​ទៀត​ឡើយ គឺ​កកស្ទះ​ពេញ​ផ្ទះ ។ គាត់​ត្អូញត្អែរ​ថា​អ្វី​ដែល​រូប​លោក​និង​អ្នក​អ្នក​ភូមិ​ប្រឈម​នោះ​គឺថា​អ្នក​បាញ់​ឆ្គោ​ល​សុទ្ធតែ​បាន​ជំពាក់​ធនាគារ បើ​យើង​លក់​មិន​ចេញ តើ​បាន​លុយ​ឯណា​បង់​ធនាគារ ។

ចំណែក​អ្នកស្រី ស៊ុន សារូ ក៏​បាន​និយាយ​ឱ្យ​ដឹង​ដែរ​ថា​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ សិប្បកម្ម​ផលិត​ច​ង្ក្រា​ន្ត​របស់​គាត់​មិន​អាច​ដឹក​ចេញ​បាន​ទេ ម៉ូយ​របស់​គាត់​ដែល​ធ្លាប់​ដឹក​យក​ទៅ​លក់​នៅ​តាម​ខេត្ត​ផ្សេង​ៗ ត្រូវ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ទៅ​ក្នុងភូមិ​គេ​ទេ ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ម្យ៉ាងវិញទៀត​ម៉ូយ​ដែល​ធ្លាប់​កុម្ម៉ង់​ទិញ​ចង្ក្រាន​របស់​គាត់​ក៏​បាន​ទូរស័ព្ទ​មក ខ្លះ​ឆាត និង​ខ្លះ​ទៀត​មក​ប្រាប់​ដោយ​ផ្ទាល់​ថា​មិន​ទាន់​យក​ទេ មិនបាច់​ផ្ញើ​ទៅ​ទេ ។

ស្ត្រី​រូប​នោះ នៅ​បាន​បញ្ជាក់​ថា​គាត់​បាន​ជំពាក់​ធនាគារឯកជន ពេល​គេ​មក​ទារ ប្រាក់​គាត់​ប្រាប់​ពី​បញ្ហា​សេដ្ឋកិច្ច​របស់​គាត់​ធ្លាក់​ចុះ​មិន​ដំណើរការ ហើយ​ស្នើ​សុំ​ពន្យារពេល ត្រូវ​បាន​បុគ្គលិក​ធនាគារឯកជន ប្រាប់​ថា​មិន​អាច​ធ្វើ​បាន​ឡើយ បើ​បែប​នេះ​ខូច​ក្រេ​ឌី​ត​អស់ហើយ ថ្ងៃក្រោយ​មិន​អាច​ខ្ចីប្រាក់​បាន​ទៀត​ទេ បុគ្គ លិក​ធនាគារឯកជន​រូប​នោះ​ក៏​យក​សំណើ​របស់​គាត់​ដាក់​ជូន​ទៅ​ថ្នាក់លើ​ដែរ ជា​ចុង​ក្រោយ​ស្ត្រី​រូប​នោះ​បាន​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​អន្តរាគមន៍​ដល់​ធនា គារឯកជន​សូម​ជួយ​ពន្យា​ពេល​ដល់​អ្នក​ផលិត​ស្មូនឆ្នាំង ក្នុងភូមិ​បាញ់​ឆ្គោ​ល ដែល​មាន​ប្រមាណ​៨០%​នេះ​ផង ។

សូម​បញ្ជាក់​ដែរ​ថា​អ្នក​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ក្រៅពី​មុខរបរ​ស្រែ​ចម្ការ គឺ​ផលិត​ស្មូនឆ្នាំង​ដោយ​ធ្វើ​ចង្ក្រាន ក្អម ឆ្នាំង និង​របស់​ប្រើប្រាស់​ផ្សេង​ៗ​ជាដើម ដើម្បី​ផ្គត់ផ្គង់​ជីវភាព ។ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​មុខរបរ​នេះ​ត្រូវ​បាន​ជាប់​គាំង​មិន​ដំណើរការ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ