ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ពិត​របស់​នារី​ខារ៉ាអូខេ​: បើ​ខ្ញុំ​ចេះ​សន្សំ​លុយខ្ញុំ​មិន​ទុក្ខ​ធំ​ដោយ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ខ្ញុំ​ជានា​រី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ក្នុង​ក្រុងភ្នំពេញ ។ មុន​ពេល​ដែល​មាន វិបត្តិ​កូ​វី​ដ​១៩ កើតឡើង ខ្ញុំ​អាច​រក​លុយ​បាន​ច្រើន​ជា​រៀងរាលថ្ងៃ​នៅ​ចន្លោះ​ពី​៥០​ដុល្លារ ទៅ ២០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។…

ខ្ញុំ​ជានា​រី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ក្នុង​ក្រុងភ្នំពេញ ។ មុន​ពេល​ដែល​មាន វិបត្តិ​កូ​វី​ដ​១៩ កើតឡើង ខ្ញុំ​អាច​រក​លុយ​បាន​ច្រើន​ជា​រៀងរាលថ្ងៃ​នៅ​ចន្លោះ​ពី​៥០​ដុល្លារ ទៅ ២០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ វា​ជា​ការងារ​ដែល​ស្រូល​ដោយ​គ្រាន់តែ​អង្គុយ​ជិត​ភ្ញៀវ ដើម្បី​កំដរ​ពួក​គាត់​ច្រៀង រាំ និង​ផឹកស្រា​។ ប៉ុន្តែ​ពេល​ខ្លះ ខ្ញុំ​ក៏​ខឹង​នឹង​ភ្ញៀវ​ដែល​មានការ​លូក​លើ​លូក​ក្រោម​ផង​ដែរ ។ ប៉ុន្តែ​និយាយ​ដោយ​ត្រង់ ខ្ញុំ​សប្បាយចិត្ត ព្រោះ​ខ្ញុំ​យល់​ថា វា​ជា​ការ​រក​លុយ​បាន​ស្រួល​។ ពេល​ខ្លះ​ខ្ញុំ​ថែម​ទាំង​គិត​ថា មនុស្ស​ប្រុស​ល្ងង់ និង​ស្រួល​បោក​ក៏​មាន ។

ជាមួយនឹង​ចំណូល​ប្រមាណ​ជា​២០០០ ដុល្លារ​ក្នុង​មួយ​ខែ ខ្ញុំ​បាន​ចាយ​លុយ​នោះ​យ៉ាង សប្បាយ​រីករាយ​ក្នុង​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​ចូល​ចិត្ត​ទិញ​របស់​ប្រែ​ន​ថ្លៃ​ៗ​ដូច​ជា សម្លៀក​បំពាក់ ទូរស័ព្ទ និង​ទឹកអប់​ជាដើម ។ ក្រៅពី​នោះ​នៅ​ពេលទំនេរ​ខ្ញុំ​ចូល​ចិត្ត​ដើរ​លេង​ស៊ីផឹក​ជាមួយ​មិត្តភក្តិ​យ៉ាង​ហ៊ឺហារ ។

ខ្ញុំ​គិត​ថា ការ​រក​លុយ​វា​ស្រួល​។ ដូច្នេះ ខ្ញុំ​មិន​បាន​គិតដល់​ការ​សន្សំ​ប្រាក់​ទុក​អ្វី​ឡើយ​។ ខ្ញុំ​គិត​ថា ខ្លួន​នឹង​អាច​រក​លុយ​បាន​រាល់ថ្ងៃ ដោយ​គ្រាន់តែ​អង្គុយ​កំដរ​មនុស្ស​ប្រុស​ច្រៀង រាំ និង​ផឹកស្រា​។

ពេល​ខ្លះ​ម្តាយ​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ពី​ខេត្តកំពង់ធំ ដើម្បី​អោយ​ជួយ​បញ្ជូន​លុយ​អោយ​គាត់​ប្រើប្រាស់ ខ្ញុំ​គ្មាន​លុយ​សល់​នៅ​ជាប់​ខ្លួន​ក៏​មាន​ពីព្រោះ​ខ្ញុំ​ចាយ​លុយ​អស់​ជ្រុល ។ ដូច្នេះ ខ្ញុំ​ក៏​ចងការ​ប្រាក់​គេ​ហើយ​បង់​រំ​លោះ​រាល់ថ្ងៃ​វិញ​ក៏​មាន ទោះបីជា​គេ​យកការប្រាក់​ខ្ពស់​ដល់​២០​ភាគរយ​ក៏​ដោយ​។ ខ្ញុំ​តែងតែ​អាង​ទៅ​លើ​ប្រាក់ ចំណូល​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​។

ខ្ញូំ​មិន​ដែល​ធ្លាប់​គិត​សោះ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​រក​លុយ​លែង​បាន ដោយសារ​តែ ខ្ញុំ​គិត ថា រាល់ ថ្ងៃ​ខ្ញុំ​រក​លុយ​បាន​ស្រួល​។ ដរាបណា​មនុស្ស​ប្រុស​នៅ​តែ​ចូល​ចិត្ត​សប្បាយ​ក្រៅ​ផ្ទះ ខ្ញុំ​នឹង​មិន​ពិបាក រក​លុយ​ឡើយ​។ ដូច្នេះ ខ្ញុំ​មិន​បាន​ខ្វល់​ថា នឹង​មាន​អ្វី​នឹង​កើតឡើង​ឡើយ​ចំពោះ​រឿង​លុយកាក់​នៅ​ពេល​អនាគត ។

ប៉ុន្តែ មួយ​រំពេច​នោះ កូ​វី​ដ​១៩​បាន​ឆ្លង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។ វា​ធ្វើ​អោយ​មាន ការ​ព្រួយបារម្ភ ទូ​ទាំង​ប្រទេស​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​ស្លុតចិត្ត​នោះ​គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន ដឹង​ថា​រដ្ឋាភិបាល​សម្រេច បិទ​ខារ៉ាអូខេ​ទាំងអស់ ។

ការ​សម្រេចចិត្ត​នោះ គឺ​បាន​ន័យ​ថា ខ្ញុំ​បាត់បង់​ការងារ​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​រក​លុយ​បាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​ចាប់ផ្តើម​ភ័យ​ចំពោះ​ជីវិត​អនាគត​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​រៀន​បាន​តិច​និង​មិន​ចេះ ធ្វើ​ការងារ​អ្វី​ផ្សេង​ឡើយ​។

ការ​ចំណាយ​លុយ​ទៅ​លើ​ថ្លៃ​ឈ្នួល​ផ្ទះ ទឹក ភ្លើង និង ការ​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ធ្វើ​អោយ ខ្ញុំ​ភ័យ​ឡើង​ៗ​រាល់ថ្ងៃ ដោយសារ​លុយ​ដែល​ខ្ញុំ​មាន​ជាប់​ខ្លួន​កាន់តែ​ជិត​អស់​ទៅ​ៗ​។ ខ្ញុំ​កំពុង​គិត​ថា​តើ​ខ្ញុំ នឹង អាច​រស់នៅ​ភ្នំពេញ​បាន​មួយ​ខែ​ទៀត​ឬ​យ៉ាងណា ដោយសារ​ពេល​នេះ​ខ្ញុំ​មាន​តែ​ជាង​២០០ ដុល្លារ​ក្នុង ខ្លួន​ប៉ុណ្ណោះ​។

តើ​ខ្ញុំ​ត្រូវ​ទៅ​ស្រុក​វិញ​ដើម្បី​រស់នៅ​ជាមួយ​ម្តាយ និង​ប្អូន​ឬ​ក៏​ត្រូវ​រក​ការងារ​ងាយ​ៗ​មិន​ត្រូវការ​ជំនាញ​ដូច​ជា​ការ​រត់​តុ​តាម​ហាង បើសិនជា​ពេល​ខ្ញុំ​អស់​លុយ​។ ប៉ុន្តែ ខ្ញុំ​ចេះ​តែ​ចោទសួរ​ខ្លួនឯង​ថា​តើ​ខ្ញុំ​អាច ទ្រាំ​នឹង ការងារ​រត់ តុ​ដែល​បាន​លុយ​តិច​និង​ពិបាក​ដែរ​ឬទេ? ឬ​មូ​យ​ក៏​ខ្ញុំ​ត្រូវ​ទៅ​ស្រុក​កំណើត​វិញ?

និយាយ​តាម​ត្រង់ ខ្ញុំ​ពិតជា​មិន​ចង់ទៅ​ស្រុក​វិញ​ទេ ពីព្រោះ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​គេឯង ហើយ​ខ្ញុំ​ក៏​បាន​ស៊ាំ​នឹង​ជីវិត​នៅ​ភ្នំពេញ​ទៅ​ហើយ​។ ខ្ញុំ​ពិតជា​ខ្លាច​ណាស់ នៅ​ពេល​ដែល​គិតដល់​ពេល​ដាច់​ខែ ពីព្រោះ​ខ្ញុំ​អស់​លុយ​ហើយ​ពេល​នោះ​។ តើ​ជីវិត​របស់ខ្ញុំ​នឹង​ទៅ​ជា​យ៉ាងណា?

នឹក​ចុះ​នឹក​ឡើង ខ្ញុំ​សោកស្តាយ​ដែល​ខ្ញុំ​មិន​ចេះ​គិតគូរ​ពី​អនាគត ហើយ​មិន​ចេះ​សន្សំ លុយ អោយ បាន​ច្រើន​សម្រាប់​ការ​ចាយវាយ​ឬ​រកស៊ី​នៅ​ពេល​អនាគត​។ ខ្ញុំ​ពិតជា​សោកស្តាយ នឹង គំនិត ខ្ចី​របស់ ខ្លួន​អំពី​ជីវិត​។ ខ្ញុំ​មិន​ធ្លាប់​គិត​សោះ​ថា​ពេល​ណាមួយ​ជីវិត​ខ្ញុំ​លិចលង់​បែប​នេះ​។ បើសិនជា​ខ្ញុំ​ចេះ​សន្សំ​លុយ ខ្ញុំ​ចេះ​គិតរ​ករៀន​មុខ​ជំនាញ​ណាមួយ​សម្រាប់​អនាគត ខ្ញុំ​នឹង​មិន​ទាល់ច្រក​បែប​នេះ​ឡើយ​។

មិត្តភក្តិ ខ្ញុំ​ជា​ច្រើន​នាក់​ក៏​មាន​អារម្មណ៍​បែប​នេះ​។ យើង​យល់​ថា​ខ្លួនឯង​ខុស​និង​មិន​ចេះ​គិត​វែង​ឆ្ងាយ​។ ពេល​ខ្លាំង ខ្ញុំ​រលីងរលោង​ទឹកភ្នែក​នៅ​ពេល​ដែ​គិត​ថា​តើ​គួរ​ធ្វើ​ម៉េច​ទៀត​នៅ​ពេល​ចុងខែ​នេះ នៅ​ពេល​ដែល លែង មាន​លុយ​ជាប់​នឹង​ខ្លួន​។

ខ្ញុំ​មាន​តែ​ពាក្យ​ស្តាយក្រោយ​នឹង​ជីវិត​ភ្លើតភ្លើន​និង​មិន​ចេះ​គិតគូរ​ដល់​អនាគត​។ តែ​អ្វី​ៗ​ហួស​អស់ហើយ វា​មិន​អាច​ត្រឡប់​ក្រោយ​បាន​ឡើយ​។ ខ្ញុំ​គ្រាន់តែ​បន់ស្រន់​ថាអោយ​កូ​វី​ដ​១៩​អាច ចប់​នៅ​ស្រុក​ខ្មែរ បាន​ឆាប់​ហើយ​ខ្ញុំ​អាច​ធ្វើ​ការងារ​ឡើយ​ង​វិញ​ដើម្បី​រស់​៕

កំណត់សម្គាល់ ​៖ អត្ថបទ​នេះ​ត្រូវ​បាន​អ្នក​និ​ព​ន្ឋ​សរសេរ​ដោយ​ផ្អែក​ទៅ​លើ​ការ​រៀបរាប់​របស់ នារី បម្រើ​ការងារ​នៅ​ហាង​ខា​រា​៉​អូ​ខេ​ម្នាក់​ដែល​បាត់បង់​ការងារ​ធ្វើ​ហើយ​ខ្វល់ខ្វាយ​ខ្លាំង​ពី​ជីវិត​អនាគត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ