ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​អង់គ្លេស ចូលរួម​ពេទ្យ​ជួរ​មុខ ដោះ​មកុដ​ទុក ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ទីក្រុង​ឡុ​ង ៖ បវរកញ្ញា​​ដ៏​ស្រស់​ស្អាត របស់​ចក្រភព​អង់គ្លេស Miss England ប្រចាំឆ្នាំ ២០១៩ គឺ​កញ្ញា បា​សា…

ទីក្រុង​ឡុ​ង ៖ បវរកញ្ញា​​ដ៏​ស្រស់​ស្អាត របស់​ចក្រភព​អង់គ្លេស Miss England ប្រចាំឆ្នាំ ២០១៩ គឺ​កញ្ញា បា​សា ម៉ូ​ឃឺ​ជី Bhasha Mukherjee បាន​សម្រេច​ព្យួរ​មកុដ​របស់​នាង​ទុក រួច​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ បន្តអាជីពជាវេជ្ជបណ្ឌិត ដើម្បី​ចូលរួម​សង្គ្រោះ​ជីវិត​អ្នកជំងឺ ជាមួយក្រុម​ពេទ្យ​ជួរ​មុខនៅមន្ទីរពេទ្យ Pilgrim ដែល​វីរុស Covid-19 កំពុង​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង​ៗក្នុង​ប្រទេស​នេះ បើយោតាម​ទូរទស្សន៍ CNN ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា ២០២០ ។

បវរកញ្ញា បា​សា ម៉ូ​ឃឺ​ជី អាយុ​២៤​ឆ្នាំ ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ឥណ្ឌា​នោះ បាន​ឈប់​សម្រាក​ពី​អាជីព​ជា​វេជ្ជបណ្ឌិត បន្ទាប់​ពី​នាង​បាន​ចូលរួម​ប្រកួត​បវរកញ្ញា​ពិភពលោក កាលពី​ខែធ្នូ ឆ្នាំ ២០១៩ ។

ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សប្បុរសធម៌ តំណាង​ឲ្យ​បវរកញ្ញា​ចក្រភព​អង់គ្លេស បា​សា ម៉ូ​ឃឺ​ជី បាន​ព្យួរ​ទុក​នូវឧបករណ៍​ពេទ្យ​របស់នាង ហើយ​ផ្តោត​លើ​ការងារ​មនុស្សធម៌ រហូត​ដល់​ខែសីហា ឆ្នាំ​២០២០​នេះ ។

រូប​នាង​បាន​ប្រាប់ CNN ថា “​ខ្ញុំ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​កាន់​ទ្វីបអាហ្វ្រិក ទៅ​កាន់​ប្រទេស​ទួ​រ​គី ទៅ​កាន់​ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន និងបន្ទាប់​មក​ទៅ​​ប្រទេស​អាស៊ី​ជា​ច្រើន​ទៀត ដើម្បី​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​ការងារ​សប្បុរសធម៌​” ។

នៅ​ដើមខែ​មីនា កញ្ញា បា​សា បានចំណាយពេលអស់​៤​ស​ប្តា​ហ៍ នៅ​ប្រទេស​ឥណ្ឌា ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត ធ្វើ​ការងារ​សប្បុរសធម៌​តាម​សាលារៀន និង​បរិច្ចាគ​ប្រាក់ធ្វើ​ផ្ទះ​សម្រាប់​ក្មេង​ស្រី​ដែល​គេ​បោះបង់​ចោល​ផង​ដែរ ។

ប៉ុន្តែ​នៅ​ពេល​ដែល​ស្ថានភាព​ជំងឺឆ្លង​រាតត្បាត​កាន់តែ​អាក្រក់​ទៅ​ៗ នៅ​ឯ ​ចក្រភព​អង់គ្លេស បវរកញ្ញា បា​សា បាន​ទទួល​សារ​ពី​សហការី (​វេជ្ជបណ្ឌិត​) នៅ​មន្ទីរពេទ្យ​ចាស់​របស់​នាង​ធ្លាប់​ធ្វើការ គឺ​មន្ទីរពេទ្យ Pilgrim ក្នុង​ទីក្រុង​ប៉ូ​ស្តុ​ន ភាគ​ខាងកើត​ប្រទេស​អង់គ្លេស ដោយ​វេជ្ជបណ្ឌិត ​បាន​ប្រាប់​នាង​ពី​ស្ថានភាព​លំបាក​ ជាច្រើនដែល​កំពុង​ជួប​ប្រទះ ។

បា​សា ម៉ូ​ឃឺ​ជី បាន​ទាក់ទង​ទៅ​ក្រុម​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា នាង​ចង់​ត្រឡប់​មក​ធ្វើការ​វិញ ។

នាង​បាន​ប្រាប់ CNN ថា ខ្ញុំមាន​អារម្មណ៍​ហាក់​ខុស​ឆ្គង នៅ​ពេល​បាន​ពាក់​មកុដ​បវរកញ្ញា​ចក្រ​ព​ភ​អង់គ្លេស ទោះបី​កំពុងធ្វើការ​ងារ​មនុស្សធម៌​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​នេះ មនុស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នេះ ហើយ​មិត្ត​រួមការ​ងារ​របស់​នាងខ្ញុំ​កំពុងធ្វើការ​យ៉ាង​លំបាកលំបិន ។ នាង​បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​ចង់​ត្រឡប់​មក​ផ្ទះ​វិញ ។ និយាយ​តាម​ត្រង់ ខ្ញុំ​ចង់​មក​ធ្វើការ​” ។

បា​សា ម៉ូ​ឃឺ​ជី នាងបាន​ផ្លាស់​​ពី​ក្រុង​កាល់​ឡាក់​តា របស់​ឥណ្ឌា មក​រស់នៅ​ក្នុង​ទីក្រុង ឌឺ​ប៊ី ប្រទេសអង់គ្លេស តាំងពី​អាយុ​៩​ឆ្នាំមកម៉្លេះ ។ នាងប្រាប់ថា “​មិន​មាន​ពេលវេលា​ល្អ​ប្រសើរ​សម្រាប់​នាង​ខ្ញុំ ក្នុង​ការ​ក្លាយជា​បវរកញ្ញា​អង់គ្លេស និង​ជួយ​ប្រទេស​អង់គ្លេស​នៅ​ពេល​មាន​អាសន្ន​នេះ​ទេ​” ។

បវរកញ្ញា បាន​បន្ថែម​ទៀត​ថា “​វា​មិន​គួរ​ឱ្យ​ជឿ​ទេ ដែល​ពិភពលោក​ទាំងមូល កំពុង​ត្រូវការ​គ្រូពេទ្យ​ជួរ​មុខ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​ចង់​ក្លាយជា​ពេទ្យ​ម្នាក់​ក្នុង​ចំណោម​ពេទ្យ​ជួរ​មុខ​ទាំងនោះ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ជួយ​បាន​” ។

ដូច្នេះ​ហើយ បា​សា ម៉ូ​ឃឺ​ជី សម្រេច​វិល​ត្រឡប់​មក​ចក្រភព​អង់គ្លេស​វិញ នៅ​ថ្ងៃ​ពុធ ទី​៨ មេ​សា​នេះ បន្ទាប់​ពី​ធ្វើការ​ជាមួយ​មន្ត្រីជាន់ខ្ពស់​អង់គ្លេស នៅ​ក្រុង Kolkata ដើម្បី​ស្វែងរក​ការ​ហោះហើរ ពី​ប្រទេស​ឥណ្ឌា ទៅ​កាន់​អា​ឡឺ​ម៉​ង បន្ទាប់​មក​ឆ្ពោះទៅ​កាន់​ទីក្រុង​ឡុ​ង ។

នាង ម៉ូ​ឃឺ​ជី កំពុង​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក រយៈពេល​ពី​មួយ ​ទៅ​ពីរ​ស​ប្តា​ហ៍ទៀតសិន រហូត​ដល់​នាង​អាច​ត្រឡប់​មក​ធ្វើការ ជា​វេជ្ជបណ្ឌិត តាមជំនាញររបស់នាង នៅ​មន្ទីរពេទ្យ Pilgrim ។ បា​សា ម៉ូ​ឃឺ​ជី ​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ​ផ្លូវដង្ហើម ប៉ុន្តែ​នាង​អោយដឹងថា បច្ចុប្បន្ន​នេះ គ្រូពេទ្យ​កំពុង​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ណា ដែល​ត្រូវការ ។

គិត​ត្រឹម​ថ្ងៃ​ ពុធ ទី០៨ មេសា ២០២០​នេះ នៅប្រទេស​អង់គ្លេស មាន​អ្នក​ឆ្លង​វីរុស​នេះ កើនឡើង​ដល់ ៥៥,២៤២ ករណី និង​ស្លាប់ ៦,១៥៩នាក់ហើយ ៕
(ទូរទស្សន៍​ស៊ី​អិន​អិន​ បាន​ទៅ​ដល់​មន្ទីរពេទ្យ Pilgrim ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ពី​បវរកញ្ញា​ពិភពលោក​ដ៏​ស្រស់​ស្អាត របស់​ចក្រភព​អង់គ្លេស បា​សា ម៉ូ​ឃឺ​ជី)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ