ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ខ្មែរ​ដែល​ជា​សះស្បើយ រៀបរាប់​ករណីឆ្លង​វីរុស​ដំបូង និងការព្យាបាល​ជំងឺ​កូ​វីដ​១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៣ មេ​សា កន្លង​មកនេះ ក្រសួងសុខាភិបាល​កម្ពុជា ​បាន​ប្រកាស​ថា ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ អោយ​ជា​សះស្បើយ​ចំនួន​១៥​នាក់ ក្នុង​ចំណោម​នោះ​មាន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៣ មេ​សា កន្លង​មកនេះ ក្រសួងសុខាភិបាល​កម្ពុជា ​បាន​ប្រកាស​ថា ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ អោយ​ជា​សះស្បើយ​ចំនួន​១៥​នាក់ ក្នុង​ចំណោម​នោះ​មាន បុរស​ជនជាតិ​ខ្មែរម្នាក់ ​អាយុ​៣៩​ឆ្នាំ ជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​មួយ រស់នៅ​រាជធានី​ភ្នំពេញ ​។

អ្នកជា​សះស្បើយ ជា​មន្ត្រីរាជការ វ័យ​៣៩​ឆ្នាំ រូបនេះហើយ បាន​ចែករំលែក​នូវ​បទ​ពិសោធន៍ និង​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក ដែល​បាន​ឆ្លងកាត់​ការ​ព្យាបាល​ជំងឺ​កូ​វីត​១៩ រយៈពេល ៣​ស​ប្តា​ហ៍​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​ ។

១) ការ​ឆ្លង និង​អាកា​រៈ​ដំបូង

ករណី​របស់ខ្ញុំ គឺ​ឆ្លង​ពី​ការ​ពី​ចូលរួម​សិក្ខាសាលា​អន្តរជាតិ​នៅ​បារាំង ដែល​មាន​អ្នកចូលរួម​ប្រហែល​៣០​នាក់ ហើយ​សិក្ខាសាលា​បាន​ផ្អាក​ភ្លាម​ៗ​ក្រោយ​បានដឹង​ថា ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​កើត​ជំងឺ​នេះ​។ សិក្ខាកាម​ផ្សេង​ទៀត​បាន​ទាមទារ​ធ្វើ​តេ​ស្តិ៍ តែ​បារាំង​មិន​ព្រម​ធ្វើ​អោយ ដោយ​សំអាង​ថា គ្មាន​អាកា​រៈ​។ សិក្ខាកាម​បរទេស​ពីរ​រូប​ផ្សេង​ទៀត​ក៏​បាន​ប្រាប់​យើង​ថា ពួក​គាត់​បាន​ធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ដែរ​បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​វិញ​។

មក​ដល់​ប្រទេស​វិញ ជា​វិធានការ​បង្ការ ខ្ញុំ​បាន​ជួល​ខុន​ដូ​នៅ​ដាច់​ដោយឡែក​ពី​គ្រួសារ​អោយ​បាន​គ្រប់​១៤ ថ្ងៃ​។ មួយ​ថ្ងៃ​ក្រោយមក ពោល​គឺ​៧​ថ្ងៃក្រោយ​ពី​ខ្ញុំ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកមាន​ផ្ទុក​វីរុស ទើប​ខ្ញុំ​មាន​អាកា​រៈ​ប្លែក ដកដង្ហើម​ញាប់ រាគ ប៉ុន្តែ​មិន​ក្តៅខ្លួន​។ ថ្ងៃ​ទី​ពីរ​នៅ​រាគ​ទៀត ទោះ​មិន​មាន​ញ៉ាំ​អ្វី​ខុស ហើយ​ស្រៀវស្រាញ តឹង​ក និង​ឡើងក​ម្តៅ​។ គេង​យប់​ក្តៅ​រងា ហើយ​បែកញើស ឆាប់​អស់កម្លាំង ចុក​រោយ​ស្រពន់​។ ខ្ញុំ​ក៏​ស្នើ​សុំ​ការ​ពិនិត្យ​នៅ​ពេទ្យ​សូ​វៀត ហើយ​គេ​យក​ដង​វែង​ដូច​សំឡី​ត្បារ​ត្រចៀក រុកចូល​ច្រមុះ និង​បំពង់ក​ខ្ញុំ ហើយ​យក​សំណាក​របស់ខ្ញុំ​ទៅ​ពិនិត្យ​។ ក្រោយ​ដឹង​លទ្ធផល​ថា​វិជ្ជមាន ដើម្បី​រក្សា​ការ​សំងាត់ និង​អត្តសញ្ញាណ​អ្នកជំងឺ​ផង និង​ដើម្បី​ការពារ​សុខភាព​សាធារណៈ​ផង គេ​បាន​សាកសួរ​គ្រប់​ចំណុច​ថា តើ​ខ្ញុំ​បាន​ជួប​នរណា ទៅ​ញ៉ាំ​បាយ​ហាង​ណា​។​ល​។ បន្ទប់​ជួល​ខុន​ដូ​របស់ខ្ញុំ​ត្រូវ​បាន​គេ​ស្ទេ​រី​ល​សម្លាប់​មេរោគ ហើយ​អ្នក​សំអាត​បន្ទប់​ក៏​ត្រូវ​ដាក់​ក្នុង​ការ​តាមដាន​។

២) ថ្នាំ​ព្យាបាល

ថ្នាំ​សំខាន់​ជាងគេ​គឺ Kaletra ដែល​គេ​ប្រើ​សម្រាប់​ទប់ទល់​នឹង​វីរុស HIV ។ ថ្នាំ​នេះ​ខ្លាំង​អាច​ធ្វើទុក្ខ​ក្រពះ ពិបាក​គេង​។ នៅ​ថ្ងៃ​ទី​បី ពេទ្យ​បានអោយ​ថ្នាំ​ថ្មី​បន្ថែម​ទៀត​គឺ Chloroquine ដែល​ជា​ថ្នាំ​គ្រុនចាញ់ ដើម្បី​កុំអោយ​វីរុស​រីក​រាលដាល​វាយលុក​ដល់​សួត​។ ថ្នាំ​ទាំង​ពីរ​មុខ​នេះ មិនមែន​ជា​ថ្នាំ​ព្យាបាល​ទេ គឺ​គ្រាន់តែ​ជា​ថ្នាំ​ទប់ទល់​កុំអោយ​មេរោគ​រីក​រាលដាល​ប៉ុណ្ណោះ​។ ក្រៅពី​នេះ គឺ​អោយ​ថ្នាំ​អាស្រ័យ​លើ​អាកា​រៈ បើ​ក្តៅខ្លួន​ដាក់ Doliprane បើ​រាគ​ដាក់​ថ្នាំ​រាគ​។

អ្នកជំងឺ​ដែល​មាន​អាកា​រៈ​ស្រាល​គឺ​ពេទ្យ​ឱ្យ​ប្រើ​តែ Kaletra ទេ តែ​ខ្ញុំ​និង​បុរស​ជនជាតិ​បារាំង​ដែល​មាន​បញ្ហា​ផ្លូវដង្ហើម ពេទ្យ​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ Chloroquine ថែម​ទៀត​។ ពេទ្យ​ឱ្យ​ខ្ញុំ​ប្រើ​ថ្នាំ Chloroquine ១០​ថ្ងៃ ដើម្បី​ឱ្យ​ផុត​ដំណាក់កាល​គ្រោះថ្នាក់​នៃ​ការ​រលាក​សួត​។ អាកា​រៈ​នៃ​ការ​រលាក​សួត​គឺ​មាន​បី​ព្រម​គ្នា គឺ​ក្តៅខ្លួន​ជា​ប្រចាំ ក្អក និង​ពិបាក​ដកដង្ហើម​។ តែ​ខ្ញុំ​ពុំ​មាន​អាកា​រៈ​ក្តៅខ្លួន​ជា​ប្រចាំ​នោះ​ទេ​។

៣) អាកា​រៈ​ប្រចាំ​ថ្ងៃ និង​ស្ថានភាព​ជំងឺ

អ្នកជំងឺ​ពេល​នោះ​មាន​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស បុរស​ជនជាតិ​បែ​ល​ហ្សិ​ក និង​បុរស​ជនជាតិ​បារាំង ២​នាក់ និង​បងប្អូន​ខ្មែរឥស្លាម​៤​នាក់​។ អាកា​រៈ និង​រោគ​សញ្ញា​គឺ​មិន​ដូច​គ្នា​ទេ​។ ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​១០​នាក់ មាន​តែ​ខ្ញុំ និង​បុរស​ជនជាតិ​បារាំង​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​ផ្លូវដង្ហើម ឯ​អ្នក​ផ្សេង​ទៀត​ហាក់​ពុំ​មាន​អាកា​រៈ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​។ ពួក​គាត់​មាន​តែ​ក្តៅខ្លួន​បន្តិចបន្តួច ឬ​ពិបាក​គេង ឬ​ធ្វើទុក្ខ​ក្រពះ​ដោយសារ​ថ្មាំ​ប៉ុណ្ណោះ​។

អាកា​រៈ​ជំងឺ​មាន​ឡើង​មាន​ចុះ​។ បន្ទាប់​ពី​ចូល​សម្រាក​ព្យាបាល អាកា​រៈ​របស់ខ្ញុំ​គឺ​តឹង​ក ហាក់ដូចជា​មាន​សត្វល្អិត​នៅ​រមាស់​ក្នុង​បំពង់ក​។ ខ្ញុំ​ពុំ​មាន​ប្រវត្តិ​ឈឺ​ផ្លូវដង្ហើម​ពី​មុន​មក​ទេ​។ សំលេង​ខ្ញុំ​ចាប់ផ្តើម​ស្អក ហើយ​ក្អក​រាល់ពេល​ដែល​ខ្ញុំ​ហាមាត់​និយាយ​។ អាច​ដកដង្ហើម​ចេញ​បាន តែ​មានការ​ពិបាក​ក្នុង​កា​រដក​ដង្ហើមចូល​។ បើ​ដក​ចូល​ខ្លាំង នឹង​ក្អក ឬ​ដូច​ចង់​ថប់ដង្ហើម​។ គេង​រាបស្មើ​ធម្មតា​ពិបាក​ដកដង្ហើម ទាល់តែ​ដាក់​គ្រែ​រាង​បញ្ឈរ​បន្តិច ហើយ​គេង​ផ្អៀង​ក៏​ពិបាក​ដកដង្ហើម​ដែរ​។ ដោយសារ​ឥទ្ធិពល​ថ្នាំ​ផង ដោយសារ​មេរោគ​វាយលុក​ផង ជួនកាល​ធ្វើទុក្ខ​ក្រពះ​ពិបាក​ញ៉ាំ ជួនកាល​ពិបាក​គេង ជួន​ទៅ​ពេល​គេង​ក្តៅ​ត្រជាក់ បែកញើស​។ ប៉ុន្តែ​ពេទ្យ​មិន​មាន​ឱ្យ​តម​អ្វី​ទេ ម្ហូប​អ្វី​ក៏​ញ៉ាំ​បាន​ដែរ ឱ្យ​តែ​ឃ្លាន​។

ចំពោះ​កម្លាំងកំហែង ពេល​ខ្លះ​មាន​កម្លាំង ពេល​ខ្លះ​ក៏​ខ្សោយកម្លាំង​។ អ្នកជំងឺ​ផ្សេង​ទៀត​ដូច​គ្នា​ដែរ​។
នៅ​ថ្ងៃ​ទី​១០ ពេល​ព្រឹក​ខ្ញុំ​ហាក់​មាន​អារម្មណ៍​ស្រឡះ​បំពង់ក​។ ពេល​នោះ​ខ្ញុំ​អរ​ខ្លាំង​ណាស់​។ តែ​ពេល​រសៀល​ស្រាប់តែ​ឈឺ​ក​ឡើង​វិញ​។ ហេតុតែ​ចង់​ឆាប់​ជា ថ្ងៃ​នោះ​ខ្ញុំ​ខំប្រឹង​ញ៉ាំ​ច្រើន ឈរ​ហាលថ្ងៃ​៣០​នាទី​ព្រឹក ៣០​នាទី​ល្ងាច​។ ដល់​ប្រឹង​ជ្រុល​ពេក​ខ្ញុំ​បែរជា​បាក់កម្លាំង ហើយ​ស្ថានភាព​ធ្លាក់​ចុះ​ស្រិ​ប​។ ខ្ញុំ​ពិបាក​ដកដង្ហើម​ទាល់តែ​ប្រើ​អុក​ស៊ី​សែន​ជំនួយ ហើយ​អស់កម្លាំង​ល្ហិតល្ហៃ ទាល់តែ​ព្យួរសេរ៉ូម​ទើប​មាន​កម្លាំង​ឡើង​វិញ​។ នេះ​គឺជា​ថ្ងៃ​ដែល​ដុនដាប​បំផុត​សម្រាប់​ខ្ញុំ​។ បន្ទាប់​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​ចាប់ផ្តើម​ថ្ម​ម​សុខភាព​ឡើង​វិញ មិន​បង្ខំ​ញ៉ាំ​លើស​កម្រិត ឬ​ហាត់ប្រាណ​លើស​កម្លាំង​។

ខ្ញុំ​ខិតខំ​ស្តាប់​អ្វី​ដែល​រាង​កាយ​ទាមទារ​។ ខ្ញុំ​ខំ​ញ៉ាំ​តិច​ៗ​តែ​ច្រើន​ដង ហើយ​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ឱ្យ​មាន​អ្វី​នៅ​ក្នុង​ក្រពះ​ជា​និច្ច ដើម្បី​រក្សា​កម្លាំង​ជា​ប្រចាំ​។ ព្យាយាម​ញ៉ាំ​ទឹក​ច្រើន​ណាស់ ហាក់បីដូចជា​ការ​សំអាត​បំពង់ក​។ នៅ​ពេល​ដែល​យើង​មាន​សុខភាព​ខ្សោយ ហើយ​នៅ​ពេល​មាន​សម្ពាធ​ឈាម​ទាប ពេល​ខ្លះ​យើង​អាច​យល់សប្តិ​អាក្រក់​។ មិនមែន​តែ​ខ្ញុំ​ទេ ជនបរទេស​ទាំងនោះ​ក៏​និយាយ​ដូច​គ្នា​ដែរ​។ ការ​រក្សា​សុខភាព និង​កម្លាំង​ឱ្យ​មាន​លំនឹង​ល្អ​គឺ​មាន​សារៈសំខាន់​។ មិន​អាច​បង្ខំ​តាម​ចិត្ត​ដែល​ចង់​ជា​នោះ​ទេ​។

៤) ការ​ធ្វើ​តេ​ស្តិ៍​តាមដាន​មេរោគ

ដំបូង ពេទ្យ​បាន​ប្រាប់​ថា ធ្វើ​តេ​ស្តិ៍​បី​ថ្ងៃ​ម្តង ហើយ​បើ​អវិជ្ជមាន​យក​ទៅ​ដាក់​កន្លែង​ផ្សេង​តែ​ម្តង ដើម្បី​ត្រៀម​ទទួល​អ្នក​វិជ្ជមាន​ផ្សេង​ទៀត​។ ក្រោយមក គេ​ដូរ​គោលការណ៍​មក​ពិនិត្យ​២​ថ្ងៃ​ម្តង​វិញ​។ ក្រោយ​ពេល​ដែល​ធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​ពីរ​ដង​ជាប់​គ្នា ទើប​គេ​អនុញ្ញាត​ឱ្យ​ចេញពី​ពេទ្យ ហើយ​ក៏​នៅ​បន្ត​តាមដាន​សុខភាព​២​ស​ប្តា​ហ៍​បន្ត​ទៀត​។ ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​នេះ​ក៏​ត្រូវធ្វើ​តេ​ស្តិ៍​ម្តង ឬ​ពីរ​ដង​ទៀត ដើម្បី​ឱ្យ​ប្រាកដ​ថា លែង​មាន​វីរុស​។

លទ្ធផល​តេ​ស្តិ៍​អវិជ្ជមាន​ពីរ​ដង​ជាប់​គ្នា​គឺ​មិនមែន​មាន​ភ្លាម​ៗ​នោះ​ទេ​។ បើ​មើល​អ្នកជំងឺ​ជុំវិញ​ខ្ញុំ បូក​ទាំង​ខ្លួន​ខ្ញុំ​ផង​គឺ​ពួក​យើង​ត្រូវការ​ពេលវេលា​ប្រហែល​៣​សបា្ត​ហ៍ ទម្រាំ​វីរុស​ទាំងនោះ​រលាយ​បាត់​ទៅ​វិញ ដោយ​ខ្លួនឯង អាស្រ័យ​ទៅ​តាម​ភាព​ខ្លាំង និង​ភាពស៊ាំ​នៃ​ប្រព័ន្ធ​ការពារ​រាង​កាយ​យើង និង​រយៈពេល​នៃ​ការ​ឆ្លង​វីរុស​។ អ្នកខ្លះ​អាច​ជា​លឿន ឬ​យូរ​ជាង​នេះ ពោល​គឺ​មិន​អាច​កំណត់​ពេលវេលា​ជាក់លាក់​នោះ​ទេ​។

៥) ការ​គ្រប់គ្រង​សតិអារម្មណ៍

ដូច​រៀបរាប់​ខាងលើ លទ្ធផល​តេ​ស្តិ៍​អវិជ្ជមាន​ពីរ​ដង​ជាប់​គ្នា​គឺ​មិន​ងាយ​នោះ​ទេ ព្រោះ​ពេល​ខ្លះ​អវិជ្ជមាន​ម្តង​ហើយ តែ​ធ្វើ​តេ​ស្តិ៍​លើក​ក្រោយ​វិជ្ជមាន​វិញ​គឺជា​រឿង​ធម្មតា​សម្រាប់​អ្នកជំងឺ​កូ​វីត​។ ដូច្នេះ ការ​ធាក់​ថយ​បែប​នេះ ពេល​ខ្លះ​ធ្វើ​ឱ្យ​អ្នក​ជំងឺស្ត្រេស​ខ្លាំង​។ ជនបរទេស​ដែល​បារម្ភ​ខ្លាច​អត់​យន្តហោះ​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ពួក​គាត់​អន្ទះអន្ទែង​ខ្លាំង​ណាស់​។ ស្ត្រី​ចំណាស់​ជនជាតិ​អង់គ្លេស​យំ​រាល់ថ្ងៃ​។ បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​ស្រែក​អា​ឡេ​អា​ឡូ ដោយ​មិន​អាច​គ្រប់គ្រង​អារម្មណ៍ ខ្លួនឯង​បាន​។ បុរស​ជនជាតិ​បារាំង​ដែល​គ្មាន​បញ្ហា​សុខភាព​អី​សោះ ក៏​អាច​ក្លាយទៅជា​ប្រកាច់​ដកដង្ហើម​មិន​ដល់​គ្នា ដោយសារ​ការ​ភ័យ​ខ្លាច និង​បារម្ភ​ហួសហេតុ​ដែរ​។

ខ្ញុំ​ក៏​បាន​សួរ​ពួក​គាត់​ថា តើ​មាន​ប្រយោជន៍​អ្វី​ដែល​កម្ពុជា​ត្រូវ​ទុក​អ្នកឯង​នៅ​ពេទ្យ បើសិនជា​អ្នកឯង​ជា​សះស្បើយ​ពី​ជំងឺ​នោះ ? ខ្ញុំ​ថា បើ​នៅ​បារាំង គ្រាន់តែ​សុំ​គេ​ធ្វើ​តេ​ស្តិ៍ ក៏​គេ​មិន​ធ្វើ​ឱ្យ​ផង​។ ពួក​គាត់​ក៏​ស្ងាត់​មាត់​។ ខ្ញុំ​មិន​បាន​និយាយ​បញ្ចប់​ឃ្លា​ទេ​ថា កម្ពុជា​មើល​ពួក​គាត់​ដោយ​មិន​គិត​កម្រៃ​អ្វី​ទាំងអស់ ហើយ​កម្ពុជា​ក៏​ត្រូវការ​មើលថែ​ប្រជាជន​ខ្លួនឯង​ដែរ​។

ឃើញ​តេ​ស្តិ៍​អវិជ្ជមាន​ហើយ​វិជ្ជមាន​ឡើង​វិញ​របស់​ពួក​គាត់ ខ្ញុំ​ក៏​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​មិន​ខ្វល់​ពី​លទ្ធផល​បណ្តោះអាសន្ន​នោះ​ទេ គឺ​ខ្ញុំ​ចង់​ស្តាប់​តែ​លទ្ធផល​អវិជ្ជមាន​ពីរ​ដង​ប៉ុណ្ណោះ​។ ពេល​ដែល​ដឹង​ថា សុខភាព​ខ្លួនឯង​មិន​ស្រួល ខ្ញុំ​សឹងតែ​មិន​ចង់​ធ្វើ​តេ​ស្តិ៍​ផង​។ សំខាន់​បំផុត​នោះ​គឺ​មិនមែន​អន្ទះសារ​ចង់​ប្រញាប់​ចេញពី​ពេទ្យ​នោះ​ទេ​។ ត្រូវ​គិត​ថា យូរ​ប៉ុណ្ណា​ក៏​ត្រូវ​ទ្រាំ​ដែរ ត្រូវ​នៅ​ឱ្យ​ទាល់តែ​ជា​សះស្បើយ ដើម្បី​ខ្លួន​យើង ដើម្បី​គ្រួសារ និង​សង្គម​។

បងប្អូន​ខ្មែរឥស្លាម​មានការ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ តាម​រយៈ​ទម្លាប់​បន់ស្រន់​ជា​ប្រចាំ​របស់​ពួក​គាត់​។
ពួក​បរទេស​មានការ​រអ៊ូរទាំ​ច្រើន ហើយ​ត្អូញ​ថា មិន​មាន​គេ​មក​សំអាត​អនាម័យ​។ អ្នកជំងឺ​ខ្មែរ​យើង​មិន​រអ៊ូ​ច្រើន​ទេ ហើយ​មានការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​បាន​ល្អ​។ ពេលទំនេរ​ខ្មែរ​យើង​យក​អំបោស និង​ក្រណាត់​មក​ជូត​សំអាត ធ្វើ​អនាម័យ​បន្ទប់​សម្រាក​ព្យាបាល និង​បន្ទប់ទឹក ដើម្បី​បរិស្ថាន​ស្អាត​ទាំងអស់​គ្នា​។ ដល់​ឃើញ​ខ្មែរ​ធ្វើ​បែប​នេះ ពួក​បរទេស​នោះ​ក៏​ចាប់ផ្តើម​ធ្វើ​តាម​ដែរ​។ ពួក​គេ​ក៏​គួរតែ​យល់​ដែរ​ថា នេះ​មិនមែន​ជា​សណ្ឋាគារ​នោះ​ទេ ហើយ​បុគ្គលិក​ក៏​មិនមែន​ចេះ​តែ​ចេញចូល​មក​បម្រើ​យើង​គ្រប់​តែ​ពេល​នោះ​ដែរ​។ បុគ្គលិក​ក៏​មានការ​ភ័យ​ខ្លាច​ការ​ឆ្លង​ជំងឺ​នេះ​ដែរ​។

៦) អគារ​ព្យាបាល

នៅ​ក្នុង​មន្ទីរពេទ្យ អ្នកជំងឺ​កូ​វីត​ត្រូវ​បាន​ដាក់​ក្នុង​អគារ​ដាច់​ដោយឡែក ដែល​ជា​បរិវេណ​បិទ​ជិត ហើយ​គ្មាន​នរណា​អាច​ចូល​បាន​ទេ​។ បរិវេណ​អគារ​ចែក​ចេញ​ជា​បួន​ផ្នែក​៖ បន្ទប់​អ្នកជំងឺ បន្ទប់​គ្រូពេទ្យ បន្ទប់​សម្លាប់​មេរោគ និង​រានហាល​សម្រាប់​អ្នកជំងឺ​ស្រូបខ្យល់​អាកាស និង​ហាត់ប្រាណ​។ បន្ទប់​សម្លាប់​មេរោគ​គឺ​នៅ​ចន្លោះ​កណ្តាល​បន្ទប់​គ្រូពេទ្យ និង​អ្នកជំងឺ​។ ពេល​គ្រូពេទ្យ​ចេញចូល ពួក​គាត់​ត្រូវ​ពាក់​ខោអាវ​ការពារ​ពី​ក្បាល​ដល់​ចុងជើង ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​បាញ់​ទឹក​អាល់កុល​ទាំង​ពេល​ចូល ហើយ​ចេញ​មក​វិញ​។ បន្ទប់​អ្នកជំងឺ​មាន​តែ​មួយ​នៅ​រួម​គ្នា មាន​គ្រែ​១០​។ គ្រូពេទ្យ​ពន្យល់​ថា បន្ទប់​នេះ​មានការ​រចនា​តាម​បច្ចេកទេស​សម្រាប់​ប្រភេទ​ជំងឺឆ្លង មាន​កង្ហារ​ខ្យល់​ចេញចូល មាន​ភ្លើង​កាំរស្មី UV សម្លាប់​មេរោគ មាន​ពេទ្យ​ប្រចាំការ មើល​តាម​កាមេរ៉ា និង​អាច​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ពេល​មាន​តម្រូវការ​អ្វីមួយ​។ ក្នុង​មួយ​ថ្ងៃ បុគ្គលិក​គេ​ចូល​មក ៣​លើក ដើម្បី​តាមដាន​សុខភាព ផ្តល់​ថ្នាំ ផ្តល់​ម្ហូបអាហារ និង​សំអាត​អនាម័យ​។

៧) វិធានការ​បង្ការ​ទប់ស្កាត់ និង​ការ​ប្រុងប្រៀប​សម្រាប់​អាសន្ន​ធំ

បើ​ពិនិត្យ​លើ​ចំណាត់ការ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​តាមដាន​ស្វែងរក​អ្នកជំងឺ កម្ពុជា​បាន​ចាត់វិធានការ​ត្រឹមត្រូវ​។ យើង​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក (WHO)​។ ខ្មែរ​យើង​ឆែក​ករណី​សង្ស័យ​បាន​ច្រើន​ហើយ​អត់​គិតលុយ​ទៀត​។ បើ​នៅ​បារាំង គេ​មិន​ធ្វើ​តេ​ស្តិ៍​អោយ​ផង ហើយ​ក៏​មិន​មាន​នរណា​មក​សួរនាំ​អ្នក​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ដែរ​។ ចំណែក​កម្ពុជា​វិញ​គឺ​ខាង​ក្រសួង​សួរ​ខ្ទេច​សួរ​ខ្ទី ទៅ​ជួប​នរណា​ខ្លះ តាម​សួរ​អ្នក​ជួប​ហ្នឹង​ទៀត មាន​អាកា​រៈ​អី​អត់​។ សូ​ម្បី​តែ​អ្នក​សំអាត​បន្ទប់​ខុន​ដូ​ខ្ញុំ​ក៏​គេ​ដាក់​ក្នុង​ការ​តាមដាន ១៤​ថ្ងៃ​ដែរ​។ មើល​របៀប​ក្រសួង​ខិតខំ​ប្រមែប្រមូល​ខ្មែរឥស្លាម តាម​រក​អ្នកមាន​វីរុស គឺ​មានការ​ដេញដោល​សាកសួរ​ច្រើន​ណាស់ ឆ្លងខេត្ត ឆ្លង​ក្រុង​។ នេះ​គឺជា​ចំណាត់ការ​ដ៏​ល្អ​ក្នុង​ការ​ទប់ស្កាត់ និង​បង្ការ​ការ​រាតត្បាត​ជំងឺ​។ ក្រសួង​ធ្វើការ​តាមដាន​ល្អិតល្អន់ និង​អត់ធ្មត់​ណាស់​។ ករណី​ខ្លះ ស្តាប់​ទៅ​ដូច​តាម​ចាប់​អ​ញ្ចឹ​ង ព្រោះ​អ្នកជំងឺ​គាត់​គេច​មិន​ចង់​ចូល​ពេទ្យ​។

ការ​លះបង់​របស់​បុគ្គលិក​ពេទ្យ​នៅ​សមរភូមិ​ជួរ​មុខ​គឺ​ខ្ពស់​ណាស់​។ ក្នុងអំឡុងពេល​មើលថែ​អ្នកជំងឺ ពួក​គាត់​មិន​អាច​ជួប​គ្រួ​សារបាន​ទេ ហើយ​ពេល​ចប់​រយៈពេល​មួយ​ដែល​ត្រូវ​ដូរ​វេន ពួក​គាត់​ត្រូវ​គេ​ដាក់​ដាច់​ដោយឡែក​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព មុន​ពេល​អាច​ទៅ​រួមរស់​ដោយ​ប្រក្រតី​ជាមួយ​ក្រុម​គ្រួសារ​គាត់​វិញ​។

បញ្ហា​របស់​យើង​សព្វថ្ងៃ គឺ​នៅ​ត្រង់​ថា យើង​ខ្វះ​បុគ្គលិក​ពេទ្យ និង​ទីតាំង​ព្យាបាល​មាន​ស្តង់ដារ​បច្ចេកទេស និង​មាន​អនាម័យ​។ ទោះបីជា​មន្ទីរពេទ្យ​សូ​វៀត​មាន​ស្តង់ដារ​ខ្ពស់​ក្តី តែ​ការ​រៀបចំ​គឺ​មិន​បាន​ត្រៀម​សម្រាប់​ករណី​ធ្ងន់ធ្ងរ​នោះ​ទេ​។ ឧទាហរណ៍ ខ្ញុំ​មាន​បញ្ហា​សួត ប៉ុន្តែ នៅ​ក្នុង​បន្ទប់​ព្យាបាល​មិន​មាន​ឧបករណ៍​ថត​សួត ហើយ​គេ​ក៏​មិន​អាច​យក​ខ្ញុំ​ទៅ​ថត​សួត​នៅ​អគារ​ផ្សេង​បាន​ដែរ​។ បន្ទប់​ព្យាបាល​ក៏​គួរ​មាន​អគារ​ផ្សេង​ដែល​អាច​ដាក់​អ្នកជំងឺ​ដែល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ឱ្យ​នៅ​ដាច់​ដោយឡែក​ដែរ​។

បុគ្គលិក​ពេទ្យ​ហាក់​ពុំ​ទាន់​មាន​ទឹកដៃ​ស្មើគ្នា​នៅឡើយ​។ ពេទ្យ​ខ្លះ​យក​សំណាក​ឡើង​ឈាម​ច្រមុះ​អ្នកជំងឺ ពេទ្យ​ខ្លះ​ពុំ​ទាន់​ស្ទាត់​ក្នុង​ការ​យក​សំណាក​តាម​បំពង់ក ពេទ្យ​ខ្លះ​ដោត​ម្ជុ​រ​ខុស​សរសៃ​។​ល​។ តែ​នេះ​គ្រាន់តែ​ជា​ករណី​តិចតួច​ប៉ុណ្ណោះ​។ យ៉ាងណា​ក្តី គួរ​មានការ​ហាត់​សម​ទាំង​នៅ​ក្នុង​ក្រុង និង​តាម​ទី​ជនបទ ដើម្បី​ត្រៀម​បម្រុង​ពេល​មាន​គ្រោះអាសន្ន​ធំ ដែល​ត្រូវការ​បុគ្គលិក​ពេទ្យ​ច្រើន បូក​រួម​ទាំង​បុគ្គលិក​បម្រុង ដើម្បី​ការពារ​ពលរដ្ឋ​ផង និង​បុគ្គលិក​ពេទ្យ​ផង​។ នៅ​ពេល​ដែល​មានការ​ហ្វឹកហ្វឺន​ច្បាស់ ពួក​គាត់​នឹង​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​ការងារ​ដោយ​ស្មើ​ដៃ​គ្នា ហើយ​ពលរដ្ឋ​ក៏​មាន​ទំនុកចិត្ត​ដែរ​។

ក្តី​បារម្ភ​ធំ​បំផុត​នោះ​គឺ​ស្តង់ដារ​បច្ចេកទេស និង​កម្រិត​អនាម័យ​កន្លែង​ព្យាបាល​នៅ​ទី​ជនបទ​។ នេះ​ពិតជា​មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ទេ ហើយ​ទាមទារ​ឱ្យ​មានការ​ត្រៀមខ្លួន តាម​សេណា​រី​យ៉ូ តាម​ដំណាក់កាល​ផ្សេង​ៗ និង​ការ​រៀបចំ​បំពាក់​បរិក្ខារ​បច្ចេកទេស ដោយ​មាន​ផែនការ​ល្អិតល្អន់​ជា​មុន​។

“​មិន​អី​ទេ​និយម​” គឺជា​គ្រោះថ្នាក់ ហើយ “​ស្លន់ស្លោ​និយម​” ហាក់បីដូចជា​ពិភពលោក​នេះ​រលាយ​រលត់ ក៏​គ្រោះថ្នាក់​ដូច​គ្នា​។ ដូច្នេះ យើង​ត្រូវ​ប្រឈម​នឹង​ការ​ពិត​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត​គឺ​មាន​ហានិភ័យ​ខ្ពស់ ហើយ​ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រូវ​មាន​ផែនការ​ត្រៀម​ល្អិតល្អន់ ដើម្បី​ជៀសវាង​ភាព​ស្លន់ស្លោ ពេល​អាសន្ន​ធំ​មក​ដល់​។ ការ​ត្រៀម​ទាំងឡាយ​គឺ​ត្រូវ​មានការ​សហការ​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​។ ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ដឹង​ថា ជំងឺ​នេះ​គឺ​អាច​ព្យាបាល​ជា​សះស្បើយ ហើយ​ករណី​មធ្យម និង​ធ្ងន់​មាន​តិចតួច​ណាស់​។ ពលរដ្ឋ​ត្រូវ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​ព្យាបាល​របស់​ពេទ្យ​ខ្មែរ​។ ពលរដ្ឋ​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ក្នុង​ការ​គ្រប់គ្រង និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន មិន​ត្រូវ​ឆោឡោ ស្តាប់​តាម​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នោះ​ទេ​៕
មន្ត្រីរាជការ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ

( ប្រភព ៖ ទទក )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ