ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកមាន​ចេញពី​ប្រភព​ណា? រំលោ.ភ​យក​​ដី​សហគមន៍ ពេល​កំពុង​រវល់​រឿង​កូ​វី​ដ​​១៩

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជាប់រវល់​ផ្ទុះ​រឿង​មេរោគ កូ​វី​ដ​១៩ មាន​គេ​ធ្វើ​របង​បេតុង​រំលោភ​យក​ដី​សហគមន៍​នៅ​អ​ង្គោ​ល ដែល​ជា​ដី​ព្រៃ​លិច​ទឹក​មួយ​កន្លែង ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា ដី​នេះ​ជា​របស់​សហគមន៍​នៅ​អូ​កញ្ឆែត នៅ​ជិត​ឆ្នេរសមុទ្រ​អ​ង្គោ​ល ភូមិ​អ​ង្គោ​ល…

ខេត្តកំពត ៖ ជាប់រវល់​ផ្ទុះ​រឿង​មេរោគ កូ​វី​ដ​១៩ មាន​គេ​ធ្វើ​របង​បេតុង​រំលោភ​យក​ដី​សហគមន៍​នៅ​អ​ង្គោ​ល ដែល​ជា​ដី​ព្រៃ​លិច​ទឹក​មួយ​កន្លែង ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា ដី​នេះ​ជា​របស់​សហគមន៍​នៅ​អូ​កញ្ឆែត នៅ​ជិត​ឆ្នេរសមុទ្រ​អ​ង្គោ​ល ភូមិ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។
ក្នុង​រយៈពេល​2​ខែ​នេះ ដី​សហគមន៍​ជាង​70​ហិ​កតា នៅ​អូ​កញ្ឆែត នៅ​អ​ង្គោ​ល កំពុង​ត្រូវ​បាន​គេ​ជា​អ្នកមាន​លុយ​នៅ​ភ្នំពេញ ជួល​កម្មករ​ឱ្យធ្វើ​របង​ជា​បេតុង​យ៉ាង​រឹង​មាំ​ជា​ច្រើន​កន្លែង​រំលោភ​យក​ដី​ក្នុង​សហគមន៍ និង​ខ្លះ​ទៀត​បាន​បោះបង្គោល​ជា​ព្រំ​ដី និង​ជីក​ធ្វើ​ជា​ដី​ក្រ​វ៉ា​ត់​ឡោម​ព័ទ្ធ​តែ​ម្តង​។

លោក ចក់ ស៊ី​នាថ មន្ត្រី​ជលផល​ខេត្ត​កែប បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា រឿង​អ្នក​ធ្វើ​របង​បេតុង​រំលោភ​យក​ដី​សហគមន៍​នេះ លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួច​ជា​ស្រេច​ហើយ​។​លោក​និយាយ​ថា ទោះបី​ម្ចាស់​ដី​មិន​បាន​ចេញ​មុខ​ក៏​ហី​ចុះ ព្រោះ​ដី​ដែល​ធ្វើ​របង​នោះ ជា​ដី​សហគមន៍​ទេ​។ ហើយ​ប៉ុន្មាន​ថ្ងៃនេះ ខាង​ក្រសួង​បាន​ចាក់ពុម្ព​បង្គោល​ស៊ីម៉ង់ត៍​សម្រាប់​បោះបង្គោល​ជា​ព្រំ​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​សហគមន៍ និង​ដី​ព្រៃរបស់​រដ្ឋ​នៅ​តាម​ឆ្នេរសមុទ្រ​។

លោក ចក់ ស៊ី​នាថ និយាយ​ប្រាប់​ថា ដី​សហគមន៍​នៅ​អូ​កញ្ឆែត​នេះ មិន​ទាន់​បោះបង្គោល​ទេ​។ ហើយ​បង្គោល​បេតុង​ដែល​បាន​ចាក់ពុម្ព​រួច​ហើយ​នោះ ដឹក​យក​ទៅ​បោះ​កន្លែង​ផ្សេង​នៅ​ជាប់​សមុទ្រ ប៉ុ​ន្ត​មិន​ទាន់​បាន​បោះ​ផង ក៏​ត្រូវ​បាន​លោក​ឧកញ៉ា​ម្នាក់​ថា ដី​ព្រៃ​លិច​ទឹក​នោះ ជា​ដី​គាត់​មាន​ប្លង់​កម្មសិទ្ធិ​ទៅ​វិញ​។

លោក គុ​ជ វី​រៈ នាយ​ខណ្ឌ​ជលផល​ខេត្ត​កែប បាន​និយាយ​ប្រាប់​ថា បង្គោលរបង​ដែល​ក្រសួង​បាន​រៀបចំ​នោះ កំពុង​ចាក់ពុម្ព​ជា​បេតុង​ដឹក​ជញ្ជូន​យក​ទៅ​បោះ​នៅ​ចំណុច​ដែល​ជលផល​គ្រប់គ្រង និង​​ដី​សហគមន៍​ផង​ដែរ​។

លោក ហាស់ សា​រ៉េ​ត អតីត​អភិបាលខេត្ត​កែប បច្ចុប្បន្ន​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និយាយ​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មន្ត្រី​ជំនាញ និង​មន្ត្រី​ផ្សេង​ៗ​ទៀត កំពុង​ជាប់រវល់​រឿង​ផ្ទុះ​មេរោគ​កូ​វី​ដ​១៩ ទើប​ធ្វើ​ឱ្យ​អ្នកមួយ​ចំនួន​យក​ឱកាស​នោះ​ទៅ​បោះ​បង្គោល​រំលោភ​យក​ដី​រដ្ឋ​។ លោក​និយាយ​ថា រឿង​បោះបង្គោល​ជា​ព្រំ​ដី​រដ្ឋ​នេះ មិនដឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ