អត់​ចូល​ឆ្នាំ អត់​ទៅ​ស្រុក​ក៏​បាន ដើម្បី​កុំ​ឱ្យ​​តែ​កូ​វី​ដ​១៩​ឡើងដៃ


សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ ខែមេសា បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​កាន់តែ​ខ្លាំង​និង​យូរ​អង្វែង​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ហើយ​អំពាវនាវ​ប្រជាជន​អោយ​កាន់តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ដែល​ធ្វើ​អោយ​មនុស្ស​ជាង​១​លាន​នាក់​ធ្លាក់ខ្លួន​ឈឺ និង​ជាង​៧​ម៉ឺន​នាក់​បាន​ស្លាប់ ក្នុង​ពិភពលោក​។

ក្នុង​ចំណោម​វិធានការ​ជា​ច្រើន ដើម្បី​ធ្វើ​អោយ​សកម្មភាព​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩​កាន់តែ​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព​ទាំង​រយៈពេល​ខ្លី និង​វែង​នោះ សម្តេច​បាន​ប្រកាស​ផ្អាក​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​តម្រូវ​អោយ​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវធ្វើ​ការងារ​ដូច​ធម្មតា​។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ សម្តេច​ក៏​បាន​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​ទាំងអស់ កុំ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ហើយ​ស្ថិត​នៅ​កន្លែង​ដែល​ពួក​គេ​រស់នៅ​បច្ចុប្បន្ន ដើម្បី​ជា​វិធានការ​មួយ​ទប់ស្កាត់​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ពី​យុទ្ធសាស្ត្រ​នៃ​ការ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​១៩​ទាំង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ពី​ខាងក្រៅ និង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នៅ​ខាងក្នុង​ប្រទេស​។

ការ​ទប់ស្កាត់​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ ពី​ក្រៅប្រទេស​រួម​មានការ​រឹតត្បិត​ទិដ្ឋាការ​សម្រាប់​ជនបរទេស និង​ការ​ស្នើ​សុំ​អោយ​ប្រជាជន​កម្ពុជា ស្ថិត​នៅ​ក្រៅប្រទេស​កុំ​ទាន់​ធ្វើ​ដំណើរ​ចូល​ប្រទេស​។

ការ​ធ្វើ​ដំណើរ​ចុះឡើង​ច្រើន​របស់​មនុស្ស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ហានិភ័យ​មួយ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក ដើម្បី​ចៀសវាង​ការ​ឆ្លង និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​។

ការ​ប្រកាស​ផ្អាក​បុណ្យចូលឆ្នាំ​ខ្មែរ និង​ការ​ប្រកាស​អោយ​ស្ថាប័នរដ្ឋ និង​ឯកជន​ធ្វើការ​ជា​ធម្មតា នឹង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​ចូល​ឆ្នាំ ហើយ​ជា​លទ្ធផល​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​។

ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​កម្ពុជា ពិសេស​កម្មករ​នានា​ជា​ច្រើន​លាន​នាក់​បាន​ធ្វើ​ដំណើរ ទៅ​កាន់​ស្រុក​កំណើត​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ជា​ពេលវេលា​មានការ​ឈប់​សម្រាក​ច្រើន​ថ្ងៃ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ស្ថានភាព​កូ​វី​ដ​១៩ មិន​អនុគ្រោះ​ដល់​ការ​ធ្វើ​ដំណើរ​ឡើយ ដោយ​គេ​ចាត់​ទុក​ថា លំហូរ​មនុស្ស​ច្រើន​នឹង​បង្កើន​ហានិភ័យ​ដល់​ការ​ឆ្លង និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​។

បច្ចុប្បន្ន​កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​១១៥​ករណី ហើយ​មាន​អ្នកជំងឺ​ចំនួន​៥៨​នាក់​បានជា​សះ ស្បើយ​ពី​ជំងឺ​នេះ​។ ទោះបីជា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មិន​មាន ឬ​ក៏​មាន​តិចតួច​ករណី​ថ្មី នៃ​ជំងឺ​កូ​វី​ដ​១៩​ក្តី ស្ថានភាព​នៃ​កូ​វី​ដ​១៩ នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​ប្រទេស​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា និង​ផុយ​ស្រួយ​។

ដូច្នេះ​ហើយ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តែ​បន្ត​អំពាវនាវ​អោយ​ប្រជាជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ដាក់​ចេញ​ជា​យុទ្ធសាស្ត្រ​យូរអង្វែងរ​សម្រាប់​ការ​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​។

សម្តេច​បាន​អង្វរករ​ដល់​ប្រជាជន​កម្ពុជា កុំ​ធ្វើ​ដំណើរ បើសិនជា​មិន​មាន​ភាព​ចាំបាច់​។

ការ​ទៅ​ស្រុក​កំណើត​ជា​រឿង​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ជួបជុំ​គ្រួសារ និង​សប្បាយ​រីករាយ​ពិធី​បុណ្យចូលឆ្នាំ​ជា​រៀង​រាល់​ឆ្នាំ​។

ប៉ុន្តែ​ក្នុង​ស្ថានភាព​មួយ​ដែល​ផុយ​ស្រួយ ហើយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ អាច​កើត​មាន​គ្រប់ពេល​នោះ ការ​សម្រេចចិត្ត​មិន​ធ្វើ​ដំណើរ​ទៅ​ស្រុក​មាន​តម្លៃនឹង​ត្រូវធ្វើ ដើម្បី​សុខភាព និង​ជីវិត​ខ្លួនឯង សមាជិកគ្រួសារ​ផង និង ប្រទេស​ជាតិ​ទាំងមូល​។

យើង​មើល​មិនឃើញ​កូ​វី​ដ​១៩ ហើយ​យើង​ក៏​មិនដឹង​ថា កូ​វី​ដ​១៩ កំពុង​ស្ថិត​នៅ​ក្នុង​ខ្លួន​នរណា​ម្នាក់​។ ប៉ុន្តែ​វា​ត្រៀមខ្លួន​ជា​និច្ច និង​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ ដូច្នេះ​យើង​មិន​ត្រូវ​ផ្តល់​ឱកាស​ណាមួយ ដើម្បី​អោយ​មេរោគ​កូ​វី​ដ​១៩​នេះ ឆ្លង​រាលដាល​ដល់​ខ្លួន​យើង សមាជិក​គ្រួសារ​របស់​យើង និង​ប្រជាជន​កម្ពុជា​ទាំងអស់​។

ការ​មិន​ធ្វើ​ដំណើរ​ពពាក់​ពួន ការ​មិន​ទៅ​ស្រុក​កំណើត នឹង​ក្លាយទៅជា​ការ​ចូលរួម​មួយ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រា​ដាល​មេរោគ​កូ​វី​ដ​១៩​។

ជំនួស​អោយ​ការ​ទៅ​ស្រុក​កំណើត ដើម្បី​ជួបជុំ​គ្រួសារ យើង​អាច​បន្ត​ទំនាក់ទំនង និង​សួរសុខទុក្ខ​ប្តី ឬ​ប្រពន្ធ ឪពុក​ម្តាយ បងប្អូន​តាម​រយៈ​ទូរស័ព្ទ និង​បណ្តាញ​សង្គម​។ ការ​ធ្វើ​ដូច្នេះ វា​នឹង​នាំ​ដល់​សេចក្តីសុខ ទាំង​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​។

ដូច្នេះ​អត់​ចូល​ឆ្នាំ អត់​ទៅ​ស្រុក​ក៏​បាន​ដែរ អោយ​តែ​យើង​អាច​ទប់ស្កាត់​ការ​ឆ្លង​រាល ដាល​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។

កម្ពុជា​រួម​គ្នា​ជា​ធ្លុង​តែ​មាន ដើម្បី​សុខភាព និង​ជីវិត​ប្រជាជន​ទាំងអស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ