ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ស្មូនឆ្នាំង​​ជាប់​គាំង​ ហើយប្រឈមបំណុលធនាគារទៀត ​ក្រោយផ្ទុះ​​កូ​វីដ​១៩

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​មានមុខ​របរ​ស្មូនឆ្នាំង បាន​ត្អូញត្អែ​រ​ពី​សង្វា​ក់​ផលិតកម្ម​របស់​ពួក​គាត់​មិន​ដំណើរការ ដោយសារ​តែ​ផ្ទុះ​ជំងឺ​កូ​វីត​១៩ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ និង​ជា​ពិសេស​គ្រា​ដែល​ពួក​គាត់​កំពុង​ជំពាក់​ប្រាក់​ធនាគារឯកជន…

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​មានមុខ​របរ​ស្មូនឆ្នាំង បាន​ត្អូញត្អែ​រ​ពី​សង្វា​ក់​ផលិតកម្ម​របស់​ពួក​គាត់​មិន​ដំណើរការ ដោយសារ​តែ​ផ្ទុះ​ជំងឺ​កូ​វីត​១៩ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ និង​ជា​ពិសេស​គ្រា​ដែល​ពួក​គាត់​កំពុង​ជំពាក់​ប្រាក់​ធនាគារឯកជន ដែល​មក​ទា​រ​ប្រាក់​ជា​រៀងរាល់ថ្ងៃ​ ។ ​ហេតុ​ដូច្នេះ​ហើយ​ពួក​គាត់​ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​អន្តរាគមន៍​ដល់​ធនាគារ​ឯកជន​សូម​ពន្យារពេល​ការ​បង់ប្រាក់​ដល់​ពួក​គាត់​ផង ។

ប្អូនប្រុស អុ​ន ជី​វ័​ន្ត អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ និង​ជា​អ្នក​ផលិត​ចង្ក្រាន​ដី បាន​​រៀបរាប់​ឱ្យ​​ដឹង​ថា​៖ ដោយសារ​តែ​ជំងឺ​កូ​វីដ១៩ ធ្វើ​ឱ្យ​​ចង្ក្រាន​ន​របស់​គាត់​លក់​មិន​ចេញ​ឡើយ ពេល​នេះ​ចង្ក្រាន​របស់​គាត់​បាន​សល់​ពេញ​ផ្ទះ​អស់​ទៅ​ហើយ ។ នៅ​ពេល​​មិន​ទាន់​​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ចង្ក្រាន​របស់​គាត់​បាន​ដឹក​ចេញ​ទៅ​លក់​ដល់​ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង និង​ខេត្តស្ទឹងត្រែង​ជាដើម ដោយ​ចំណាយពេល​ពី​១០​ទៅ​១៥ ថ្ងៃ​ ទើប​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ដោយ​បាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រាន់បើ​ដែរ ។​ ប៉ុន្តែ​ពេល​នេះ​ចង្ក្រាន​របស់​គាត់​លក់​មិនចេញ​​ដូច​មុន​ទៀត​ឡើយ ណាមួយ​​គាត់ ក៏​ដូច​ជា​អ្នក​ភូមិ​បាញ់​ឆ្គោ​ល សុ​ទ្ឋ​តែ​បាន​ជំពាក់​ប្រាក់​ធនាគារ​ផង​ដែរ ។

ចំណែក​ស្ត្រី​ឈ្មោះ ស៊ុន សារូ ក៏​បាន​និយាយ​ឱ្យ​ដឹង​ដែរ​ថា​ ដោយសារ​តែ​ជំងឺ​កូវីដ​១៩ សិប្បកម្ម​ផលិត​ច​ង្ក្រា​នរបស់​គាត់​មិន​អាច​ដឹក​ចេញ​បាន​ទេ ម៉ូយ​របស់​គាត់​ដែល​ធ្លាប់​ដឹក​យក​ទៅ​លក់​នៅ​ខេត្ត​ផ្សេង ត្រូវ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ទៅ​ក្នុងភូមិ​គេ​ទេ ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩ ។ ​ម្យ៉ាងវិញទៀត​ម៉ូយ​ដែល​ធ្លាប់​កុំ​ម្ម៉​ង់​ទិញ​ចង្ក្រាន​របស់​គាត់ ក៏​មានអ្នកខ្លះ​បាន​ទូរស័ព្ទ ខ្លះ​ឆាត និង​ខ្លះ​ទៀត​មក​ប្រាប់​ដោយ​ផ្ទាល់​ថា​មិន​យក​ទេ មិនបាច់​ផ្ញើ​ទៅ​ទេ ។​

ស្ត្រី​រូប​​នេះ​នៅ​បាន​បញ្ជាក់​ថា​ គាត់​បាន​ជំពាក់​ធនាគារឯកជន ពេល​គេ​មក​ទារ​ប្រាក់​ គាត់​ប្រាប់​ពី​បញ្ហា​សេដ្ឋកិច្ច​របស់​គាត់​ធ្លាក់​ចុះ​មិន​ដំណើរការ ហើយ​ស្នើ​សុំ​ពន្យារពេល តែ​ត្រូវ​បាន​បុគលិក​ធនាគារឯកជន​ប្រាប់​ថា ​មិន​អាច​ធ្វើ​បាន​ឡើយ បើ​បែប​នេះ​ខូច​ក្រេ​ឌី​ត​អស់ហើយ ថ្ងៃក្រោយ​មិន​អាច​ខ្ចីប្រាក់​បាន​ទៀត​ទេ តែ​ទោះបីជា​យ៉ាងនេះ ​បុគ្គលិក​ធនាគារឯកជន​រូប​នោះ​ក៏​យក​សំណើ​រប​ស់​គាត់​ដាក់​ជូន​ទៅ​ថ្នាក់លើ​ដែរ ។ ជា​ចុង​ក្រោយ​ស្ត្រី​រូប​នេះ​​បាន​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​អន្តរាគមន៍​ដល់​ធនាគារឯកជន​ សូម​ជួយ​ពន្យា​ពេល​បង់ប្រាក់​ដល់​អ្នក​ផលិត​ស្មូនឆ្នាំង ក្នុងភូមិ​បាញ់​ឆ្គោ​ល ដែល​មាន​ប្រមាណ​៨០%​នេះ​ផង ។

សូម​បញ្ជាក់​ដែរ​ថា​អ្នក​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ក្រៅពី​មុខរបរ​ស្រែ​ចម្ការ​ គឺ​​ស្មូនឆ្នាំង​ដោយ​ធ្វើ​ច​ង្ក្រា​ន ក្អម ឆ្នាំង និង​របស់​របរ​ប្រើប្រាស់​ផ្សេង​ៗ​ជាដើម ដើម្បី​ផ្គត់ផ្គង់​ជីវភាព ។ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​មុខរបរ​នេះ​ត្រូវ​បាន​ជាប់​គាំង​មិន​ដំណើរការ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ