សម្តេច​តេ​ជោ ៖ ប្រជាពលរដ្ឋ​កុំ​សប្បាយ​រីករាយ​ភ្លេចខ្លួន​ចំពោះ​ហានិភ័យ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​សប្បាយ​ភ្លេចខ្លួន​ឲ្យ​សោះ ព្រោះថា ហានិភ័យ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​មាននៅ​ពេល​ខាង​មុខ ដោយសារ​បណ្តា​ប្រទេស​លើ​សកលលោក បាន​កំពុង​រីក​រាលដាល​ខ្លាំង ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា​ថា ប្រជាពលរដ្ឋ​មានការ​ឆាប់​ភ័យ​ខ្លាច ហើយ​ក៏​បាន​ឆាប់​ភ្លេច​ផង​ដែរ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ។ ករណី​នេះ​ដោយសារ​ប្រជាពលរដ្ឋ​ឃើញ​អ្នក​ឆ្លង​តិច ហើយ​ពេល​ខ្លះ​អត់​មាន បែរជា​អ្នកជា​សះស្បើយ​ច្រើន​ទៅ​វិញ ។ សម្តេច​បន្ត​ថា ទោះបីជា​កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ តិច​ជាង​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្តី ដូច​ជា វៀតណាម ថៃ និង​ប្រទេស​ផ្សេង​ទៀត ប៉ុន្តែ​យើង​មិន​ត្រូវ​សប្បាយ​រីករាយ ហើយ​ភ្លេចខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ឲ្យ​សោះ ព្រោះ​វា​មិន​អាច​វាយតម្លៃ​បាន​នោះ​ទេ ។

សម្តេច​ពេល​នេះ ប្រជាពលរដ្ឋ​ទាំងអស់​បាន​ប្តូរ​ឥរិយាបថ​ពី​ការ​ខ្លាច​បែរមក​ធ្វើការ​ប្រុង​ប្រយ័ត្ន​ដោយ​ធ្វើការ​អនាម័យ​ជាមួយ​សាប៊ូ អាល់កុល ដើម្បី​បង្ការ ទប់ស្កាត់​ជំងឺ​នេះ​ផង​ដែរ ។ ជាង​នេះ​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ​ប្រមាណ​៦​ម៉ឺន​នាក់ មិន​ទាន់​ឃើញ​មាន​អ្នក​ណា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​ដោយសារ​តែ​គេ​បាន​សហការ​ជា​ដោយ​រក្សា នៅ​ក្នុងផ្ទះ​រយៈពេល​១៤​ថ្ងៃ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​អ្នកជា​មន្ត្រីរាជការ​ធំ​ៗ​ដែល​ចូលរួម​បរិច្ចាគ​ថវិការ​ផ្ទាល់ខ្លួន​១៥៨៦​នាក់ ។ ប្រាក់​ដែល​នៅ​ក្នុង​ដៃ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មាន​ប្រមាណ​ជាង​១១​លាន​ដុល្លារ និង​មាន​ប្រាក់​ចូល​ជា​បន្តបន្ទាប់ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ថវិកា​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​ទឹកចិត្ត​ចូលរួម​ជា​រឿង​សំខាន់ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ