ករណីបាញ់ប្រហារលើប្រពន្ធយប់មិញ​៖​«ខ្លួន​​ចង់បាញ់ប្រុសដែលកំពុងឌុបនាង​​»


រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​០៧ មេសា ​ជន​ដៃដល់ដែលជាមន្ត្រីនគរបាលបាញ់​ប្រហារលើអតីត​ប្រពន្ធ​ស្លាប់និង​កូនស្រី​របួសធ្ងន់នោះ គឺ​បាន​​បញ្ជូន​ទៅ​ការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ​បន្ទាប់​ពី​សមត្ថកិច្ច​​តាម​​ប្រមាញ់ឃាត់ខ្លួន​​បាន​ កាលពី​នៅវេលា​ម៉ោង​ជាង​១១​យប់​​ថ្ងៃទី០៦ ​មេសា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល​ ខណៈ​ជន​នេះ​ប៉ងរត់គេចខ្លួន ។

តាមការសាកសួរបឋមជនដៃដល់បានឱ្យដឹងថា «ចំពោះ​មូល​ហេតុ​​នោះ គឺ​បណ្តាល​មកពីខ្លួន​ស្រវឹងស្រា​​ ​ហើយ​ ស្របពេល​ខ្លួន​ប្រទះឃើញ​​អតីតប្រពន្ធកំពុងជិះរថយន្ត​ជាមួយ​​ប្រុស​ផ្សេង ក៏​កើតចិត្តប្រចណ្ឌ​ក្តៅ​ក្រហាយខ្លាំង ក៏ដកកាំភ្លើងប៉ង​បាញ់​ប្រហារ​បុរសដែលកំពុងដឹកនាង តែបែរ​​​ជា​​គ្រាប់កាំភ្លើង​ផ្លាត​មកត្រូវ​ចំប្រពន្ធ​និងកូន​ទៅ​វិញ ។ ទោះបីយ៉ាងណា សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរលើ​​​ដៃដល់នេះបន្ថែម​ទៀត ។

សូមរំលឹកថា ករណីបាញ់ប្រហារ​ផ្តើមឡើង​ដោយសារ​​​ភ្លើង​ប្រចណ្ឌ​នេះ គឺកើតឡើង​​វេលា​ម៉ោង​៨​យប់ថ្ងៃ​ទី​៦ ​មេសា ​ស្ថិត​ត្រង់​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ​​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះដែលស្លាប់​ ឈ្មោះ សូ ពៅ​មរកត ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​អចលនទ្រព្យ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កូនស្រី​ដែល​រង​របួសធ្ងន់​មាន​ឈ្មោះជា អា​រី​យ៉ា អាយុ​១០​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ​។ ដោយឡែក ជន​ដៃដល់​​ឈ្មោះ ជា ចាន់​បូ​រ៉ា អាយុ​៤៤​ឆ្នាំ ជាមន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ទើបឡើងតំណែងជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។ ប្តី-ប្រពន្ធនេះ ទើបតែបាន​លែងលះគ្នា​ដាច់​ស្រេច កាលពី​ចុងខែមករា ឆ្នាំ២០២០ នេះប៉ុណ្ណោះ ។

តាម​សម្តី​​​បុរស​ម្នាក់​ឈ្មោះ កែវ សុភ​ក្រ័ អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រីរាជការ​ និងជា​អ្នក​បើករថយន្ត​ដឹក​ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា​ ជា​អ្នក​រាប់អាន​គ្នា​ជាមួយនឹង​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​គាត់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2M-3050​ ដែល​ជា​រថយន្ត​របស់​បងស្រី​ស្ត្រី​រង​គ្រោះ​ឲ្យ​គាត់​បើក​ជូន​ទៅ​ជញ្ជូន​សម្ភារ​ចេញពីផ្ទះ​ដែល​ស្ត្រី​រង​គ្រោះ​ធ្លាប់​ស្នាក់​នៅ​ជាមួយ​និង​អតីត​ប្តី​នៅ​ឯ​ភ្នំពេញ​ថ្មី​ក្បែរ​កន្លែង​កើតហេតុ​។

បន្ទាប់​ពី​ជញ្ជូន​សម្ភារ​ដាក់​ក្នុង​រថយន្ត​រួច​មក គាត់​និង​ស្ត្រី​រង​គ្រោះ​រួម​ជាមួយ​និង​កូនប្រុស​របស់​ស្ត្រី​រង​គ្រោះ​ចំនួន​ពីរ​នាក់​ទៀត​ក៏​បាន​បើករថយន្ត​ចេញ​មក​វិញ​ បំណង​ដឹក​សម្ភា​រទាំងនោះ​ យក​ទៅ​ទុក​នៅផ្ទះ​បងស្រី​របស់​ស្ត្រី​រង​គ្រោះ​នៅ​ឯ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ដោយ​រូប​គាត់​ជា​អ្នកបើកបរ​រថយន្ត ចំណែកឯ​ស្ត្រី​រង​គ្រោះ​និង​កូនស្រី​ម្នាក់​បាន​អង្គុយ​នៅ​កៅអី​ខាង​មុខ​ទន្ទឹម​និង​គាត់ ។ ចំណែក​កូនប្រុស​ម្នាក់​ទៀត​អង្គុយ​នៅ​កៅអី​ខាងក្រោយ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក
តាម​មក​ពីក្រោយ និង​ជិះ​វ៉ា​មក​ទន្ទឹម​ខាងឆ្វេង​រថយន្ត​ហើយ​ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​គោះ​កញ្ចក់​រថយន្ត ខណៈ​ពេល​ដែល​គាត់​ទម្លាក់​កញ្ចក់​រថយន្ត​ចុះ​ក្រោម ស្រាប់តែ​ជន​ដៃដល់​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ពី​ចង្កេះ​បាញ់​សំដៅ​មក​លើ​រថយន្ត​ចំនួន​៤​គ្រាប់ ផ្ទុះ​តែ​មួយ​គ្រាប់​ត្រូវ​ចំ​ក្តោងច្រមុះ​កូនស្រី​ធ្លាយ​ទៅ​ចំ​ដើមទ្រូង​ខាងឆ្វេង​ស្ត្រី​រង​គ្រោះ​បណ្តោយ​ឲ្យ​រង​របួស​ឈាម​ហូរ​ពេញ​ក្នុង​រថយន្ត​ទាំង​២​នាក់​ម្តាយ​និង​កូនស្រី ភ្លាម​ៗ​នោះ​ជន​ដៃដល់​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​បាត់​ស្រមោល​។

ក្រោយមក​កូនស្រី​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​ធ្វើការសង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។ ចំណែកឯ​ស្ត្រី​រង​គ្រោះជា​ម្តាយ​ត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​ជា​អកុសល​ខណៈ​ដែល​ទៅ​ដល់​មន្ទីរពេទ្យ​ស្ត្រី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​និង​ជន​រង​គ្រោះ​បាន​រៀប​អាពាហ៍ពិពាហ៍​រួម​រស់នៅ​ជា​ប្តី​ប្រពន្ធ​និង​គ្នា​បង្កើត​បានកូន​ប្រុស​ចំនួន​២​នាក់​និង​ស្រី​ពៅ​អាយុ​១០​ឆ្នាំ​ម្នាក់​ជា​ចំណង់ដៃ​តែ​មួយ​រយៈ​ក្រោយមក​ដោយ​ជន​ដៃដល់​និង​ជន​រង​គ្រោះ​មានការ​រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា តែងតែមាន​រឿងរ៉ាវ​រកាំរកូស​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ថែម​ទៀត​ផង ​។

ក្រោយមក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​លែងលះ​គ្នា​ជាមួយ​និង​ជន​ដៃដល់​រហូត ដល់​តុលាការ ដោយ​ជន​រង​គ្រោះ​ក៏​បាន​នាំ​កូន​ៗ​ទាំង​៣​នាក់​ទៅ​ស្នាក់​នៅផ្ទះ​បងស្រី​របស់​ខ្លួន​នៅ​ឯ​ស្ទឹង​មាន​ជ័យ បែក​ជាមួយ​និង​ជន​ដៃដល់ អស់​រយះ​ពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ ទើបតែ​រយះ​ពេល​ប្រមាណ​២​ខែ​កន្លង​មកនេះ ដែល​តុលា​ការ​បាន​សម្រេច​អោយ​ពួក​គេ​ទាំង​ពីរ​លែងលះ​ដាច់ស្រេច​ជាមួយ​គ្នា​ហើយ​នៅ​យប់​កើតហេតុ​ជន​រង​គ្រោះ​បាន​ឲ្យ​បុរស​ដែល រាប់អាន​គ្នា​នោះ​បើករថយន្ត​ជូន​ទៅ​យក​ឥ​វ៉ា​ន់​ដែល​នៅ​សេសសល់​នៅផ្ទះ​របស់​ប្តី ខណៈ ពេល​ជិះ​រថយន្ត​ត្រឡប់​មក​វិញ​ត្រូវ​ប្តី​ជិះ​ម៉ូតូ​ដេញ​តាម​បាញ់​សម្លាប់​តែ​ម្តង ។

ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ​សហការ​គ្នា​ជាមួយនឹង​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នឹង​ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ខ្មាញ់​កាំភ្លើង​បាញ់​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ដែល​បាន​គេចខ្លួន​មក​ស្នាក់​នៅ ផ្ទះ​របស់​បងស្រី​របស់​គាត់​នៅ​ភូមិ​សាមគ្គី ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ប៉ុន្តែ​ជនល្មើស​បាន​ទៅ​ដល់​ផ្ទះ​រួច​ហើយ​ក៏​អោយ​បងប្អូន​ខ្លួនឯង​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាកហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ស្ករ​បំណង​ជិះ​រត់គេច​ខ្លួន ត្រូវ​បាន​លោក​អធិការ​ខណ្ឌ​សែន​សុខ​បាន​ទូរស័ព្ទ​និយាយ​លួងលោម និង​ឲ្យ​បង​ប្អ​ន​ជួយ​និយាយ​លួងលោម​បន្ថែម​ទើប​ជនល្មើស​ជា​ខ្មាញ់​កាំភ្លើង​នោះ​ព្រម​មក​តាម​សមត្ថកិច្ច​ដោយ​ចុះ​ពីលើ​រថយន្ត​ឈប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​1 មុខ​នឹង​ផ្សារ​គគីរ​ប្រគល់​ខ្លួន​តាម​សំរួល​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ស្ត្រី​ត្រូវជា​ប្អូន​របស់​ខ្មាញ់​កាំភ្លើង​បាញ់​សម្លាប់​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ប្តី​ប្រពន្ធ​របស់​បងប្រុស​គាត់​មាន​បញ្ហា​រកាំរកូស​ក្នុង​គ្រួសារ​រហូត​ប្រពន្ធ​សុំ​លែង តែ​បងប្រុស​របស់​គាត់​បាន​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​បុរស​ដែល​ជា​អ្នក​បើករថយន្ត​ជូន​ប្រពន្ធ របស់​គាត់​ដោយ​កន្លង​មក​គាត់​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ហើយ​ប្រពន្ធ​គាត់​ថា​ពេល​ដែល​គាត់ លែងលះ​ហើយនឹង​ទៅ​បូស​ជា​ដូនជី​ព្រោះ​គាត់​នឹង​ឆ្អែត​នឹង​ប្តី​ហើយ ។ លុះ​នៅ​យប់​កើត ហេតុ​ស្រាប់តែ​ឃើញ​ប្រពន្ធ​ជិះ​រថយន្ត​ជាមួយ​បុរស​ខាងលើ​ទៀត​ទើប​កើត​ចិត្ត​ប្រចណ្ឌ​បាន ដក​កាំភ្លើង​បាញ់​តែ​ម្តង ។


ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ