ដោយសារ​កូ​វី​ដ​១៩ ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​៣​ខែ​ដើមឆ្នាំ​ធ្លាក់​ចុះ​ជិត ៥០​ភាគរយ?


រាជធានី​ភ្នំពេញ​៖ ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់ នៅ​ដើមឆ្នាំ ២០២០ ជាក់ស្ដែង បី​ខែ​នេះ គិត​ចាប់ពី​ខែមករា ដល់​ខែមីនា ២០២០ ចំណូល​ពី​វិស័យ​នេះ បាន​តែ​ជាង ១៧ លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​រាល់​ឆ្នាំ​ចំណូល​ជា​មធ្យម​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ ឬ​ប្រមាណ​ជិត ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។

យោង​តាម​ស្ថិតិ​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​អ្នកលក់​សំបុត្រ​ទៅ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​បង្ហាញ​ថា​ក្នុង​រយៈពេល​បី​ខែ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទិញ​ប័ណ្ណ ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង​៣៨​ម៉ឺន​៣​ពាន់​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ ២០១៩ ថយ​ចុះ​ដល់​ទៅ​ជាង​ពាក់កណ្ដាល ពោល​គឺ​ប្រមាណ​៥១,៣១​ភាគរយ ។ ចំណែកឯ​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​នេះ​បាន​ប្រមាណ​១៧​លាន ៩១​ម៉ឺន​៩​ពាន់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ពោល​គឺ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង​ពាក់កណ្ដាល​ដូច​គ្នា ពោល​គឺ​ជាង ៥០,១៦​ភាគរយ ។

របាយការណ៍​នេះ ក៏​បាន​បង្ហាញ​ពី​ស្ថិតិ​នៅ​ក្នុង​ខែ មីនា ២០២០​នេះ​ដែរ ជា​ខែ​ដែល​ពេញ​ស៊ុប ឬ​វាយលុក​យ៉ាង​ខ្លាំង​ដោយ​ជំងឺ​កូ​វី​ដ ១៩ មិន​ថា​តែ​កម្ពុជា​នោះ​ទេ ពោល​គឺ​នៅ​ទូ​ទាំង​សកលលោក​ទាំងមូល ។ ក្នុង​ខែមីនា​នេះ​តែ​ម្តង ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទិញ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​៤​ម៉ឺន​២​ពាន់ ១៦៩​នាក់ បើ​ធៀប​នឹង​ខែមីនា ឆ្នាំ​មុន​ធ្លាក់​ចុះ​ដល់​៨២,៦៩​ភាគរយ ។ ចំណែក​ចំណូល​វិញ​បាន​តែ​ជាង​១​លាន​៧០​ម៉ឺន ៦​ពាន់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ គឺ​ធ្លាក់​ដល់​ទៅ ៨៤,៣១​ភាគរយ​ធៀប​នឹង​ឆ្នាំ ខែមីនា ឆ្នាំ ២០១៩ ។

ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​តំបន់​អង្គរ គឺ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០១៩​មក​ម្ល៉េះ ដោយ​មតិ​ខ្លះ​ថា មក​ពី​ការ​កែប្រែ​តម្លៃ​សំបុត្រ និង​មតិ​ខ្លះ​ថា មក​ពី​ប្រតិបត្តិ​ករ​ទេសចរ ជា​អ្នក​ធ្វើ​អោយ​ភ្ញៀវ​បរទេស​មិន​ចង់​មក​ទស្សនា​ម្ដងទៀត ។ ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២០ ឃើញ​ថា ទាំង​រដ្ឋាភិបាល និង​ឯកជន បាន​ផ្ដួចផ្ដើម និង​រៀបចំ​គម្រោង​រួចរាល់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​តំបន់​អង្គរ​ក្នុង​ខេត្តសៀមរាប​ឡើង​វិញ តែ​ជា​អ​កុសល នៅ​ចុងឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ នេះ ពិភពលោក​ទាំងមូល​បាន​ជួប​វិបត្តិ​ធំ​មួយ​គឺ ជំងឺ​កូ​វី​ដ ១៩ ដែល​ប្រទេស​នានា​លើ​ពិភព​លោ បាន​ហាមប្រាម​ពលរដ្ឋ​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ព្រមទាំង​បាន​បិទ​ជើងហោះហើរ​ទៅ​កាន់​គោលដៅ​មួយ​ចំនួន​ផង​ដែរ ។

ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​ទាំងនេះ បាន​ជំរុញ​អោយ​ប្រតិបត្តិ​ករ​ទេសចរ​ជា​ច្រើន កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដូច​ជា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ និង​សេវាកម្ម​ទេសចរណ៍​ផ្សេង​ទៀត ក៏​ត្រូវ​បាន​បិទ​និង​ផ្អាក​ផង​ដែរ ។

បើ​យោង​តាម​របាយការណ៍​របស់​សមាគម​ន៍​សណ្ឋាគារ​បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​មាន​សណ្ឋាគារ​សរុប ៣៧ សណ្ឋាគារ​បាន​បិទទ្វារ​នៅ​ភ្នំពេញ សៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប រតនគីរី ក្រចេះ កំពង់ធំ និង​កំពង់​ឆ្នាំ គិត​ត្រឹម​បំណាច់​ខែមីនា ឆ្នាំ​២០២០ នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ