អ្នកជំងឺកូវីដ១៩ស្លាប់​ច្រើន ខ្វះ​ក្តារ​មឈូស ប្រទេសអេ​ក្វា​ឌ័​រ ប្រើ​កេស​ក្រដាសកាតុង​ដាក់​សាកសព


ទីក្រុង​ហ្គី​យ៉ា​គី​ល ៖ អាជ្ញាធរ​ទីក្រុង Guayaquil បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​៥ មេ​សា ២០២០ ថា ចំនួន​សព​នៃ​អ្នកជំងឺ​កូ​វី​ដ​១៩ មានការ​កើនឡើង​យ៉ាង​ខ្លាំង នៅ​ក្នុង​ទីក្រុង​ធំ​ទី​២ របស់​ប្រទេស​អេ​ក្វា​ឌ័​រ នាំ​ឲ្យ​មានការ​ខ្វះ​ក្តារ​មឈូស បង្ខំ​ឲ្យ​អ្នកស្រុក​ងាក​មក​ប្រើប្រាស់ កេស​ក្រដាសកាតុង ជំនួស​វិញ ។

អាជ្ញាធរ ហ្គី​យ៉ា​គី​ល បាន​និយាយ​ថា ពួក​យើង​បាន​ទទួល​អំណោយ មឈូស​ធ្វើ​ពី​ក្រដាសកាតុង​ចំនួន ១.០០០​កេស ពី​អ្នក​ផលិត​ក្នុងស្រុក ហើយ​បាន​ប្រគល់​បន្ត សម្រាប់​ប្រើប្រាស់​នៅ​ទី​បញ្ចុះសព ក្នុងស្រុក​ចំនួន​២ ។

អ្នកនាំពាក្យ​សាលាក្រុង​ហ្គី​យ៉ា​គី​ល បាន​ប្រាប់ AFP ថា ៖ ពិត​ដូច្នេះ​មែនហើយ ព្រោះ​ពួក​គេ​អាច​ឆ្លើយ​តប​តាម​តម្រូវការ ។ បើ​មិន​ប្រើ​មឈូស​ធ្វើ​ពី​ក្រដាសកាតុង​ទេ គឺ​មិន​មាន​ក្តារ​មឈូស​ធ្វើ​ពី​ឈើ​ទេ ។ អ្នកនាំពាក្យ បន្ថែម​ថា ទោះបី​មាន ក៏​ថ្លៃ​ណាស់ ។

អ្នកលក់​ក្តារ​មឈូស លោក Santiago Olivares បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក មិន​អាច​បំពេញ តាម​តម្រូវការ​បាន​ទេ ។

លោក Olivares បាន​ប្រាប់ AFP ថា «​ខ្ញុំ​បាន​លក់​អស់ ៤០​មឈូស នៅ​សាខា​ផ្សេង​ៗ និង​៤០​មឈូស​ទៀត នៅ​ទីស្នាក់ការ​កណ្តាល​របស់ខ្ញុំ ។ ខ្ញុំ​ត្រូវ​បញ្ជា​ទិញ​ចំនួន ១០​បន្ថែម​ទៀត នៅ​ចុង​ស​ប្តា​ហ៍ ប៉ុន្តែ​អ្នក​ផលិត​ប្រាប់​ថា អស់ហើយ​» ។

មឈូស​ដែល​ថោក​បំផុត នា​ពេល​បច្ចុប្បន្ន មាន​តម្លៃ​ប្រហែល ៤០០​ដុល្លារ​អា​មេ​រិ​ក ។

លោក Olivares បាន​បន្ត​ទៀត​ថា បម្រាម​គោចរ​រយៈពេល​១៥​ម៉ោង​(​ក្នុង​១​ថ្ងៃ​) នៅ​ក្នុង​ទីក្រុង កំពុង​រួមចំណែក​ដល់​ការ​ខ្វះខាត វត្ថុធាតុដើម​សម្រាប់​អ្នក​ធ្វើ​មឈូស ដូច​ជា​ឈើ និង​ដែក ជាដើម ។

កាលពី​ស​ប្តា​ហ៍​មុន អ្នកស្រុក​បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​សាកសព ដែល​គេ​បោះបង់​ចោល​នៅ​តាម​ដងផ្លូវ ក្នុង​ទីក្រុង​អា​មេ​រិ​កឡា​ទី​ន​មួយ​នេះ ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​រោគរាតត្បាត​បង្ក​ឡើង​ដោយ​វីរុស កូ​វី​ដ​១៩​នេះ ។

រដ្ឋាភិបាល​អេ​ក្វា​ឌ័​រ បាន​អំពាវនាវ​អោយ​កងកម្លាំង​សមត្ថកិច្ច ជួយ​យក​សាកសព​ចំនួន​១៥០ ពី​ផ្លូវ និង​ផ្ទះ កាលពីដើម​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​កម្មករ​រទេះសេះ មិន​អាច​ដឹក​ជញ្ជូន​សព ចេញ​ទៅ​ទីប​ញ្ជុះ​បាន​ទាន់​ពេល ។

ប្រទេស​អេ​ក្វា​ឌ័​រ បាន​រាយការណ៍ នៅ​ថ្ងៃ​ទី​៦ មេ​សា នេះ​ថា ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​សរុប ៣.៦៤៦ នាក់ ក្នុង​នោះ​មាន ១៨០​នាក់​បាន​ស្លាប់ ដែល​ភាគច្រើន កើតឡើង​នៅ​ទីក្រុង​ហ្គី​យ៉ា​គី​ល ក្នុង​ខេត្ត Guayas នៅ​លើ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​របស់​អេ​ក្វា​ឌ័​រ ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ