រាជធានីភ្នំពេញ ៖ ខណៈវិបត្តិបង្កឡើងដោយជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូវីដ១៩ កំពុងតែកូរខ្លាំងទូទាំងពិភពលោក រួមទាំងកម្ពុជាផងនោះបានធ្វើឲ្យវិស័យសំខាន់ៗជាច្រើនរងគ្រោះថ្នាក់ ខាតឡុងចុង រហូតម្ចាស់អាជីវកម្មសណ្ឋាគារនិងវិស័យទេសចរណ៍ខាតឡុងចុងបិទទ្វារជាបន្តបន្ទាប់ បែរជាអ្នកជំនាញខាងអចលនទ្រព្យមើលឃើញថា វាជាឱកាសល្អសម្រាប់បងប្អូនដែលមានលទ្ធភាព ទាំងសាច់ប្រាក់ ឬលទ្ធភាពបង់រំលោះ ក្នុងកាលៈទេសៈនេះ ដើម្បីទិញលំនៅឋានក្នុងក្តីស្រម៉ៃបានស្រួល ។
តើមានអំណៈអំណាងអ្វីដែលអ្នកជំនាញមើលឃើញថាយុគ្គសម័យកូវីដ ១៩ ដែលម្នាក់ៗភ័យខ្លាចមិនហ៊ានចាយលុយផ្តេសផ្តាស់ បែរជាឱកាសល្អដើម្បីទិញផ្ទះសម្រាប់រស់នៅបានងាយស្រួលនិងចំនេញប្រាក់នោះ ?
លោក ង៉ែត ជូ អ្នកជំនាញខាងអចលនទ្រព្យនិងជាទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) បានមានប្រសាសន៍ឲ្យដឹងថាគ្រាន់តែកម្ពុជារកឃើញមាន វីរុសកូវី ១៩ លោកឯកភាពនិងកត់សម្គាល់ឃើញថា ពិតជាភាពស្ងាត់ ឬការធ្លាក់ចុះនៃវិស័យអចលទ្រព្យ ព្រោះការទិញ-លក់ហាក់នៅទ្រឹង តែការនៅទ្រឹងនេះ វាទើបតែជាចំនុចចាប់ផ្តើមតែប៉ុណ្ណោះ ។ លោកបានមានប្រសាសន៍បន្តថាគិតត្រឹមសប្តាហ៍ទី ១ នៃខែមេសានេះវិស័យអចលទ្រព្យមិនទាន់រងគ្រោះធ្ងន់ធ្ងរនោះទេ តែស្ថានភាពអាចនឹងមិនល្អ បើសិនស្ថានភាព ឬវិបត្តិកូវីដ ១៩ នៅតែអូសបន្លាយ ។ ព្រោះស្ថានភាពឥឡូវនេះ មិនទាន់មានអ្នកលក់ផ្ទះឡៃឡុង ឬក៏តម្លៃផ្ទះនៅលើទីផ្សារមិនទាន់ធ្លាក់ចុះនៅឡើយ គ្រាន់តែការលក់ហ្នឹងគឺស្ងាត់ លក់មិនសូវដាច់ តែមិនទាន់ឈានដល់ថ្នាក់ចុះតម្លៃទេ ។
អ្នកជំនាញអចលទ្រព្យរូបនេះបានបន្តថា «ត្រង់នេះមានន័យថា រយៈពេល ៣ ទៅ ៦ ខែ គឺជាពេលវេលា ឬក៏ជាស្ថានភាពសមស្របសម្រាប់អ្នកដែលមានលទ្ធភាព ទាំងការបង់រំលោះ ឬក៏មានសាច់ប្រាក់គ្រប់សម្រាប់ទិញផ្ទះសម្រាប់រស់នៅ» ។ លោកបានពន្យល់បញ្ជាក់ថា «ព្រោះពេលខាងមុខជាពេលវេលាដែលអចលទ្រព្យអាចមានបញ្ហា បើវិបត្តិនេះនៅអូសបន្លាញ អ្នកបង់រំលោះមួយចំនួន គាត់អាចសម្រេចចិត្តលក់ឡៃឡុង ។
ដូចយើងបានដឹងហើយ អ្នកខ្លះគាត់ទិញផ្ទះ ២ ឬ ៣ ផ្ទះដោយការបង់រំលោះ អញ្ចឹងគាត់អាចរត់អត់រួច គាត់មិនអាចលទ្ធភាពបង់ ។ ចំនុចទី ២ នោះគឺអ្នកសង់បុរី កំពុងតែលក់គឺគាត់លក់អត់ដាច់ ហើយគាត់ត្រូវការបង្វិលទុន សងធនាគារវិញ អញ្ចឹងចង់មិនចង់ គាត់ត្រូវលក់បញ្ចុះតម្លៃ ដើម្បីបានទុនបង្វិលសងទៅធនាគារ ពីព្រោះធនាគារមានការប្រាក់ហើយ បើសិនគាត់ទុកកាន់តែយូរ ផ្ទះគាត់កាន់តែចាស់ ហើយការប្រាក់កាន់តែកើន អញ្ចឹងចង់មិនចង់គាត់អាចឈានដល់ការលក់ចុះតម្លៃ ដែលមិនធ្លាប់មាន» ៕
ចែករំលែកព័តមាននេះ