ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ចូល​ឆ្នាំ​ ​(​ជូត​) ​ដឹង​ទេ​​ពី​រឿងនិទាន​ ​​«សត្វ​កណ្ដុរ​ពីរ​ជា​សម្លាញ់​គ្នា​» ​យ៉ាង​ណា

4 ឆ្នាំ មុន

និទាន​នេះ​មាន​តំណាល​ក្នុង​ក្បួន​បារាំងសែសមាន​សត្វ​កណ្ដុរ​២ តួ​ជា​សំឡាញ់​គ្នា កណ្ដុរ​១ នៅ​ក្នុងផ្ទះ កណ្ដុរ​១​នៅ​ព្រៃ ។ ថ្ងៃមួយ​កណ្ដុរ​ព្រៃ​បបួល​​កណ្ដុរ​ផ្ទះ​ជា​ការ​សប្បាយ តាម​ភាសា​ជា​មិត្ត​នឹង​គ្នា កាលដែល​កំពុង​បរិភោគ​ចំណី​នោះ បាន​ឮ​សូរ​មនុស្ស​គេ​គោះ​ទ្វារ…

និទាន​នេះ​មាន​តំណាល​ក្នុង​ក្បួន​បារាំងសែស
មាន​សត្វ​កណ្ដុរ​២ តួ​ជា​សំឡាញ់​គ្នា កណ្ដុរ​១ នៅ​ក្នុងផ្ទះ កណ្ដុរ​១​នៅ​ព្រៃ ។ ថ្ងៃមួយ​កណ្ដុរ​ព្រៃ​បបួល​​កណ្ដុរ​ផ្ទះ​ជា​ការ​សប្បាយ តាម​ភាសា​ជា​មិត្ត​នឹង​គ្នា កាលដែល​កំពុង​បរិភោគ​ចំណី​នោះ បាន​ឮ​សូរ​មនុស្ស​គេ​គោះ​ទ្វារ គោះ​បង្អួច​លាន់​ម៉ុង​ម៉ាំង ឯ​កណ្ដុរ​ទាំង​ពីរ​ក៏​កើតក្ដី​តក់ស្លុត​ភិតភ័យ មើល​​ឆ្វេង​មើល​ស្ដាំ ហើយ​សម្ងំ​ស៊ី​ទៅ​ទៀត លុះ​ស៊ី​ទៅ ក៏​ឮ​ស័ព្ទ​សន្ធឹក​ជើងមនុស្ស​ដើរ​ចូល​មក កណ្ដុរ​ទាំង​ពីរ​ក៏​រឹតតែ​ភិតភ័យ​ឡើង​ទៀត រកតែ​ផ្លូវ​នឹង​គេច​រត់ ការ​ដែល​អាស្រ័យ​ស៊ី​លៀង​នោះ​ក៏​ពុំ​មានឱជារស​ពិសា​ឡើយ ព្រោះ​ក្ដី​ភ័យ​ខ្លាចក្រែង​មនុស្ស ឬ​សត្វ​ឆ្មា​វា​យាយី ម្ល៉ោះហើយ​ក៏​ស៊ី​បន្តិច​បន្តួច​បន្ទាន់ពេល រត់​ទៅ​កាន់​លំនៅ​នៃ​អាត្មា ទីទៃ​ៗ ។

ថ្ងៃក្រោយ​កណ្ដុរ​ព្រៃ​បបួល​កណ្ដុរ​ផ្ទះ​ទៅ​ស៊ី​លៀង​ឯ​ទីវាល​ស្រែ​ព្រៃ​វិញ ឯ​គ្រឿង​ម្ហូបចំណី​របស់​កណ្ដុរ​ព្រៃ​នោះ​ពុំសូវល្អ ព្រោះ​ជា​ជាតិ​អ្នក​ថោកទាប ការ​ដែល​បរិភោគ​នោះ​ពុំ​មាន​មនុស្ស ឬ​សត្វ​ណា​ដើរទៅ​ជិតខាង នាំ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ កណ្ដុរ​ទាំង​ពីរ​ស៊ី​លៀង​ដោយ​សប្បាយ ដរាប​ដល់​ឆ្អែត​ស្កប់ស្កល់​រៀងខ្លួន ។ លុះ​រួច​ការ​ស៊ី​លៀង​ហើយ កណ្ដុរ​ផ្ទះ​និយាយ​ចំអក​ត្មះតិះដៀល​ថា «​ម្ហូប​ចំណី​របស់​មិត្រ​ឯង​នេះ អន់​ទន់ទាប​ភាព​អ្នកព្រៃ ដោយ​ក្ដី​ពុំ​ចេះ​ចាត់ចែង​ឲ្យ​ល្អ​ដូច​អ្នកស្រុក​ឡើយ ស៊ូ​ម្ហូបចំណី​ឯង​នេះ​មិន​បាន​ទេ » ។

ឯ​កណ្ដុរ​ព្រៃ​ក៏​តប​ថា « មែនហើយ​មិត្រ​ឯង​ថា​ក្នុង​ថ្ងៃមុន ខ្ញុំ​បាន​ទៅ​ទទួលទាន​ភោជនាហារ​របស់​មិត្រ​ឯង ឯ​ម្ហូបចំណី​មិត្រ​ឯង​សុទ្ធសឹងតែ ល្អ​ៗ តែ​លេប​ទៅ​ស្ទើរតែ​ស្ទះ​បំពង់ក​ស្លាប់​ជា​ម្ដង ស៊ី​ទាំង​ភ័យ​ទាំង​ភិត​បាត់​រសជាតិ​ឆ្ងាញ់​ពិសា ក្នុង​ការ​លៀង​នោះ ឯ​ម្ហូបចំណី​របស់ខ្ញុំ​អន់​ទន់ទាប​ពិត តែ​បរិភោគ​ទៅ​ឥត​ក្ដី​តក់ស្លុត​ភ័យភិត គិត​ទៅ​យល់​ថា​វិសេស​ជាង​ចំណី​ល្អ​ចំណី​ខ្ពស់ ព្រោះ​ឥត​មាន​ក្ដី​តក់ស្លុត​ជា​អារម្មណ៍​នាំ​ឲ្យ​ស៊ី​បាយ​មិន​បាន​នោះ​ឯង ឬ​មិត្រ​ឯង​យល់​ថា​ចំណី​នរណា​វិសេស​លើស​ចំណី​នរណា » ។ ឯ​កណ្ដុរ​ផ្ទះ​ឮ​ដូច្នោះ​ក៏​ពុំ​អាច​តបត​ថា​អ្វី​ទៅ​ទៀត​ឡើយ ហើយ​ក៏​លា​កណ្ដុរ​ព្រៃ​វិល​ទៅ​កាន់​លំនៅ​នៃ​អាត្មា​វិញ​ហោង ។

រឿងនិទាន​នេះ បាន​គតិ​យ៉ាងណា ចូរ​ឯង​ថា​ទៅ​មើល ។

កូនសិស្ស​ឆ្លើយ​ថា រឿង​នេះ​បាន​គតិ​ដូច​មនុស្ស​បរិភោគ​អាហារ ដែល​កើតឡើង ដោយ​ផ្លូវ​សម្មា​អាជីវៈ និង​ផ្លូវ​មិច្ឆាអាជីវៈ គឺថា​បុគ្គល​ណា​ស្វែង​រកស៊ី​ដោយ​ការ​ខុស​គន្លង​ធម៌ មាន​លួច​ប្លន់​ឆ​កុហក​ជាដើម ហើយ​បាន​វត្ថុ​នោះ​មក កាល​នឹង​បរិភោគ ក៏​មាន​វិប្បដិសារី​រឭក​ឃើញ​នូវ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​អាក្រក់​នោះ ក៏​កើតក្ដី​ក្ដៅក្រហាយ​ចិត្ត​ភិត​ស្លុត​ឡើង វត្ថុ​នោះ​ទោះជា​ល្អជា​ប្រពៃ​យ៉ាង​ណា ក៏​ទៅ​ជា​ឥត​ឱជា​រស ដូច​គ្នា​នឹង​វត្ថុ​របស់​កណ្ដុរ​ផ្ទះ ដែល​លួច​គេ​ស៊ី​នោះ​ឯង។

ឯ​វត្ថុ​របស់​កណ្ដុរ​ព្រៃ ជា​វត្ថុ​ពុំ​ល្អ តែ​បរិភោគ​ទៅ​ឥត​ក្ដី​ក្ដៅក្រហាយ​តក់ស្លុត​នឹង​អារម្មណ៍​អ្វី ព្រោះ​វត្ថុ​នោះ​កើត​ដោយ​ផ្លូវ​សម្មាអាជីវៈ បាន​មក​ដោយ​ធម៌​មែន បុគ្គល​ណា​ស្វែង​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ប្រពៃ លះ​ក្ដី​កោង​ឆ ឬ​លួច​ប្លន់​គេ ឬ​លះបង់​ផ្លូវជំនួញ​ទាំង​៥​ប្រការ​មាន​លក់ដូរ​គ្រឿង​ប្រហារ​ជា​ដើម វត្ថុ​ដែល​បាន​មក​ដោយ​ធម៌ មាន​ប្រកប​ការ​ធ្វើ​ស​ចម្ការ​ជាដើម ហើយ​កាល​នឹង​បរិភោគ​ក៏​ឥត​មាន​ក្ដី​វិប្បដិសារី ភិតភ័យ​ដោយ​អារម្មណ៍​ឯណា​មួយ​ឡើយ ម្ល៉ោះហើយ​សេចក្ដី​សុខកាយ​សប្បាយចិត្ត​ក៏​មាន​ឡើង ទោះ​វត្ថុ​នោះ​ពុំ​ឆ្ងាញ់​ពីសា​ក្ដី ក៏​កើត​មាន​រស​ពីសា​ឡើង ដូច​វត្ថុ​របស់​កណ្ដុរ​ព្រៃ​នោះ​ឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ