បច្ចុប្បន្នភាព​លី​គ​បាល់ទាត់​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​​អាស៊ាន​


រាជធានី​ភ្នំពេញ ៖ គ្រា​ដែល​ពិភពលោក​កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រីក​រាលដាល នៃ​ជំងឺ Covid-19 គេ​ឃើញ​ថា សកម្មភាព​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​សកល​ត្រូវ​បង្ខំចិត្ត​ផ្អាក និង​ពន្យារ​ពេល​ប្រកួត​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺឆ្លង​ដែល​កើត​មាន​ឡើងជា​យថាហេតុ​ណាមួយ​។

ក្នុង​នោះ ការ​ប្រកួត​បាល់ទាត់​ក្នុង​តំបន់​អាស៊ាន ដែល​លី​គ​កំពូល​នៃ​ប្រទេស​ធំ​ៗ​មួយ​ចំនួន បាន​បន្ត​ធ្វើ​បច្ចុប្បន្នភាព នៃ​ការ​ពន្យារពេល​សា​ជា​ថ្មី ស្រប​ពេល​ដែល​ការ​រីក​រាលដាល នៃ​ជំងឺ​នេះ ហាក់​​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ តួយ៉ាង​ដូច​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ថៃ ដែល​កំពុង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើន​ឡើង​ៗ​។

ការ​ប្រកួត​លី​គ​កំពូល​របស់​ថៃ ដែល​ដំបូង
ឡើយ​ត្រូវ​លើក​ទៅ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​បន្ត​លើក​ទៅ​ដើមខែ​ឧសភា ខាង​មុខ​ទៀត ក្រោយ​ពី​រដ្ឋាភិបាល​របស់​ពួក​គេ​បាន​សម្រេច​ដាក់​ប្រទេស​ស្ថិត​ក្នុង​គ្រា​អាសន្ន ។ ជាមួយ​គ្នា​នោះ ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ លោក Somyot Poompanmuang ក៏​បាន​គិត​ចំពោះ​ការ​លេង​ត្រឹមតែ​១​ជុំ​ដើម្បី​បញ្ចប់​រដូវ​កាល​២០២០​នេះ​ថែម​ទៀត​ផង តែ​ស្ថិត​ក្នុង​ការ​សិក្សា​ជា​មុន​សិន​ព្រោះ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​ក្រុមហ៊ុន​ឧបត្ថម្ភ និង​ក្រុមហ៊ុន​ផ្សាយ​ផ្ទាល់​របស់​ពួក​គេ​។

ការ​ប្រកួត​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី
ដែល​ដំបូង​ឡើយ​ត្រូវ​លើក​ពេល​ត្រឹមតែ​ចុងខែ​មីនា​នោះ ក៏​បាន​បន្ត​លើក​រហូត​ដល់​ពាក់កណ្តាល​ខែមេសា (​ថ្ងៃ​ទី​១៤) ដើម្បី​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ពួក​គេ គឺ​ចៀសវាង​ការ​ប្រមូលផ្តុំ​គ្នា​ដោយ​ផ្តោត​លើ​សុវត្ថិភាព​ជា​រឿង​សំខាន់​បំផុត​។

នៅ​ប្រទេស​វៀតណាម​វិញ
កាលពី​ចុងខែ​មីនា​កន្លង​ទៅ បាន​បើក​កិច្ចប្រជុំ​ជាមួយនឹង​ក្លិប​ទាំង​១៤​ក្នុង​លី​គ​កំពូល ដោយ​មានការ​ពិភាក្សា​លើ​ស្ថានភាព​ជាក់ស្តែង ហើយ​ក្នុង​នោះ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត បាន​សុំ​យោបល់​ពី​គ្រប់​បណ្តា​ក្លិប​ជា​សមាជិក តែ​ថា​ពួក​គេ​កំពុង​ពិចារណា​លើ​ការ​លេង​ត្រឹមតែ​១​ជុំ ដើម្បី​បញ្ចប់​រដូវ​កាល​២០២០​នេះ តែ​ម្តង​។

រីឯ​ហ្វី​លី​ពី​ន​វិញ
ា​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា​ក៏​បាន​សម្រេច​ពន្យារពេល​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់​ខ្លួន​បន្ត​ទៅ​ចុងខែ​ឧសភា វិញ ដោយសារ​តែ​ស្ថានភាព​នៃ​ជំងឺ​នេះ​កាន់តែ​កើនឡើង​ក្នុង​សហគមន៍។

នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ឯណោះ​វិញ
ក៏​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ថា ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ការ​ប្រកួត​លី​គ​កំពូល និង​លី​គ​លំដាប់​ទី​២​របស់​ខ្លួន នឹង​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០​។

ប្រទេស​សិង្ហ​បុរី
ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​២​ប្រទេស (​មី​យ៉ា​ន់​ម៉ា​) ផ្អាក​ការ​ប្រកួត​លី​គ​របស់​ខ្លួន​ចុង​ក្រោយ​គេ​នោះ គឺ​សម្រេច​ផ្អាក​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែមីនា កន្លង​ទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។

ប្រទេស​ឡាវ ក៏​បាន​បន្ត​ពន្យារពេល​ចាប់
ផ្ដើម​លី​គ​រដូវ​កាល​២០២០​របស់​ខ្លួន​ទៅ​ធ្វើ​នៅ​ចុង​ខែមេសា​នេះ ខណៈ​ព្រុយ​ណេ និង​ទី​ម័​រ​ខាង​កើត បាន​សម្រេច​ពន្យារពេល​ការ​ប្រកួត​របស់​ខ្លួន​ហើយ​ថា​នឹង​ជូនដំណឹង​សា​ជា​ថ្មី​។

រីឯ​ប្រទេស​កម្ពុជា​វិញ សហព័ន្ធ​កីឡា​បាល់
ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា បាន​ប្រកាស​ពន្យារពេល​ការ​ប្រកួត​នានា​ក្នុង​ប្រទេស ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែមីនា​មក​ម៉្លេះ ដោយ​កាលបរិច្ឆេទ​ថ្មី នឹង​ជូនដំណឹង​តាម​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ