ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​ត្រឹម GPS ក្រោយ​ពី​សកម្ម​ភាព​​ដាក់​ស្ត្រី​មាន​ផ្ទៃ​២​ខែ​ម្នាក់​តាំងពី​យប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ សហការ​នឹង​កម្លាំង​ខណ្ឌដូនពេញ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ ក្រោយ​ពី​ពួក​គេ​នាំ​គ្នា​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ដែល​មាន​ភ្ជាប់​ប្រព័ន្ធ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ សហការ​នឹង​កម្លាំង​ខណ្ឌដូនពេញ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ ក្រោយ​ពី​ពួក​គេ​នាំ​គ្នា​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ដែល​មាន​ភ្ជាប់​ប្រព័ន្ធ GPS ពី​ស្ត្រី​ជា​ជន​រង​គ្រោះ​មាន​ផ្ទៃពោះ​២​ខែ​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ នៅ​ម្តុំ​បឹង​ទំពុន រួច​ហើយ​យក​ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ក្នុង​តំបន់​មិន​រៀបរយ​តាម​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ស្រះ​ចក​នោះ​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​បង្ក្រាប​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៦ ខែ មេ​សា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទ​ប ជួល​គ្មាន​លេខ ក្នុង​តំបន់​មិន​រៀបរយ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិត​នៅ​ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ខាងលើ​នេះ មានឈ្មោះ ជិន អេ​លី​យ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។ ចំណែកឯ​នារី​រង​គ្រោះ​ឈ្មោះ លៀន វ៉ា​ន់​រ៉ា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បេង​ទំពុន​ទី​១ ខណ្ឌមានជ័យ​។

នគរបាល​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​៥ មេ​សា នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១HV-៩១៥៧ តែ​ម្នាក់ឯង​ចេញពីផ្ទះ​ក្នុង​គោល​បំណង​ទៅ​យកប្តី​នៅផ្ទះ​ម្តាយមីង​ដែល​នៅ​ក្បែរ​នោះ​ដែរ​។

ប្រភព​ដដែល​ប្រាប់​បន្ត​ថា ពេល​ដែល​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ លេច​មុខ​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង មក​ស្ទាក់​មុខ​នាង​ឱ្យ​ឈប់ រួច​ហើយ​ក៏​នាំ​គ្នា​និយាយ​គំរាម​ឱ្យ​ចុះ​ពី​ម៉ូតូ និង​ប្រគល់​ម៉ូតូ​ឱ្យ​ពួក​គេ តែ​នាង​មិន​ព្រម ក៏​ស្រាប់តែ​បក្សពួក​ម្នាក់​ក្នុង​ចំណោម​នោះ​ស្ទុះ​ទៅ​វាយ​នាង​មួយ​ដៃ ត្រូវ​ចំ​ត្រង់​ដោះ​ចំហៀង​ខាងស្តាំ ។

ដោយសារ​តែ​នារី​រង​គ្រោះ​ខ្លាចក្រែង​គេ​វាយ​ត្រូវ​ចំពោះ​ដែល​កំពុង​តែ​មាន​ទម្ងន់​ចំនួន​២​ខែ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​នោះ ទើប​នាង​យល់ព្រម​ប្រគល់​ម៉ូតូ​ឱ្យទៅ​ពួក​គេ ហើយ​ក៏​ពួក​គេ​ក៏​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ ទើប​នាងរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១ ឱ្យ​ជួយ​ធ្វើការ​អន្តរាគមន៍​ពី​រឿង​នេះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា​នេះ ដោយសារ​តែ​ម៉ូតូ​មាន​ភ្ជាប់​ប្រព័ន្ធ GPS នោះ កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌមានជ័យ បាន​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ខណ្ឌដូន​ពេញ បាន​មក​រក​ឃើញ​ម៉ូតូ​លាក់​ទុក​ក្នុង​បន្ទប់​ជួល​ខាងលើ និង​ចាប់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពី​កម្លាំង​ន​មាន​សមត្ថកិច្ច​ធ្វើការ​សហការ​គ្នា​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ GPS ឈាន​ទៅ​ការ​រក​ឃើញ​ម៉ូតូ​ម៉ាក​ស្គូ​ពី និង​ចាប់​ឃាត់ខ្លួន​បាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ម៉ូតូ​ទៅ​ឱ្យ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​ប្រគល់​ទៅ​ឱ្យ​នារី​រង​គ្រោះជា​ម្ចាស់​វិញ​។ ហើយ​ពេល​នេះ​សមត្ថកិច្ច​ក៏​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត ដើម្បី​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​ផង​ដែរ​។ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ