ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អេស្កាមួយគ្រឿងកំពុងតែកាយដីដាក់ទៅក្នុងរថយន្តដឹកដីមួយគ្រឿងទៀត ស្រាប់តែមានគ្រាប់ប្រភេទបេ៤១ បានផ្ទុះឡើងនៅលើរថយន្តដឹកដីនោះយ៉ាងកក្រើកតែម្តង ក្រោយពីបុរសបើកបានចេញពីក្នុងរថយន្ត ហើយទៅហូបបាយបាត់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចត្រពាំងបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល តែសំណាងល្អមិនបង្កប៉ះពាលដល់អាយុជីវិតមនុស្ស។
បើតាមលោកអធិការស្រុកបន្ទាយអម្ពឹល បានឱ្យដឹងថា មុនពេលកើតហេតុ អេស្កាកាយដី និងរថយន្តដឹកដីទាំងនេះ បានកាយយកដីក្រួសក្រហមដឹកជញ្ជូនមកដាក់តាមផ្លូវដែលកំពុងធ្វើការអភិវឌ្ឍន៍ផ្លូវ ដែលទើបកសាងថ្មីនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
លោកអធិការបន្តថា នៅពេលអ្នកបើកបររថយន្តឈ្មោះរិទ្ធ រាត់ បើករថយន្តដឹកដីមកដាក់ ដើម្បីឱ្យអេស្កាកាយដីដាក់ឱ្យ ហើយស្របពេលបើករថយន្តដឹកដីរូបនោះក៏បានដើរចេញពីរថយន្តទៅហូបបាយបាត់ ស្រាប់តែពេលនោះក៏ផ្ទុះគ្រាប់នៅលើរថយន្តដឹកដីយ៉ាងកក្រើកឮស្នូរដូចរន្ទះបាញ់ខែចេត្រអញ្ចឹង ហើយបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីកើតហេតុរួច លោកបានដឹកនាំកម្លាំងចុះទៅធ្វើការពិនិត្យទៅលើគ្រាប់ដែលផ្ទុះនោះ គឺប្រភេទគ្រាប់បេ៤១ ដែលកប់នៅក្នុងដីសេសសល់កាលពីសម័យសង្គ្រាមស៊ីវិលនោះ។ ហើយក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យរថយន្តរងការខូចខាតអស់មួយកំណាត់ខាងមុខទាំងស្រុង ចំណែកមនុស្សវិញពុំមាននណារម្នាក់ ទទួលរងរបួសនោះទេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ