ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ខែ​ដើមឆ្នាំ ​ឃាត់​មនុស្ស​បាន៤១៣​នាក់ លើ​បទល្មើស​​គ្រឿង​ញៀន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ នៅ​ក្នុង​រយៈពេល​០៣​ខែ នា​ដើមឆ្នាំ​២០២០នេះ កម្លាំង​សមត្ថកិច្ចផ្នែក​ប្រឆាំង​គ្រឿងញៀន នៅ​តាម​បណ្ដា​ស្រុក ក្រុង និងកម្លាំង​ការិយាល័យ​ជំនាញនៃ​ស្នងការដ្ឋាន​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង​២៦០​លើក និងបាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ជាង​៤១០​នាក់…

ខេត្តបាត់ដំបង​៖ នៅ​ក្នុង​រយៈពេល​០៣​ខែ នា​ដើមឆ្នាំ​២០២០នេះ កម្លាំង​សមត្ថកិច្ចផ្នែក​ប្រឆាំង​គ្រឿងញៀន នៅ​តាម​បណ្ដា​ស្រុក ក្រុង និងកម្លាំង​ការិយាល័យ​ជំនាញនៃ​ស្នងការដ្ឋាន​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង​២៦០​លើក និងបាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ជាង​៤១០​នាក់ ជាមួយ​និង​វត្ថុ​តាង​នានា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​ការិយាល័យ​ជំនាញ ដែល​កោះសន្តិភាព​ទ​ទួល​បាន ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មេ​សា​ នេះ​ ។

នៅ​ក្នុង​របាយ​ការ​ណ៍ដែល​ផ្ដល់​ដោយ​មន្ត្រី​ការិយាល័យ​ជំនាញនៃ​ស្នងការ​ខេត្តបាន​ឲ្យ​ដឹង​ថា ចំនួន​តួលេខ នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ មក​រា ដល់​ថ្ងៃ​ទី​៣១ មីនា ២០២០ (​រយៈ​ពេល​០៣​ខែ​) ​។ ក្នុង​រយៈ​ពេល​០៣​ខែ​នេះ គឺ​កម្លាំង​សមត្ថកិច្ចបាន​ធ្វើការ​បង្ក្រាប​បាន​សរុប​ចំនួន​២៦៧​លើក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤១៣​នាក់ ក្នុង​នោះ​ មាន​ស្ត្រី​ចំនួន​១០​នាក់​ផង​ដែរ ក្រោម​ការ​បញ្ជា​ផ្ទាល់​​ពី​លោក​អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត និងដឹកនាំ​ផ្ទាល់ លោក កុយ ហៀ​ង ស្នងការ​រង​ខេត្ត ទ​ទូល​ផែន​គ្រឿង​ញៀន ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រាប់រយ​នាក់​ខាងលើ​នេះ មន្ត្រី​ជំនាញក៏​បាន​រឹបអូស​យក​នូវ​ត្ថុ​តាង​នានា​ជា​ច្រើនដូច​ជា​៖ ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) បាន​ចំនួន ៦៧៦០,២៧​ក្រាម ថ្នាំ​ញៀន​ប្រភេទ Wy (​យ៉ា​ម៉ា​)​បាន​ចំនួន​១៣៩​គ្រាប់ អ៊ិ​ច​ស្ដា​ស៊ី​ល​ចំនួន​០,១៤​ក្រាម កេ​តា​មីន​ចំនួន​៤,០១​ក្រាម កញ្ឆា​ស្រស់​ចំនួន​២,៨០១​ដើម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១១​គ្រឿង រថយន្ត​ចំនួន​០២​គ្រឿង និង ម៉ូតូ​ចំនួន​២៤​គ្រឿង រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។ បើ​តាម​របាយ​ការ​ណ៍​នេះ បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​បង្ក្រាប​បទល្មើស​ជាក់ស្ដែង​នេះ មន្ត្រី​ជំនាញ​ក៏​បាន​អនុវត្ត​ដីកា​របស់​តុលាការ ក្នុង​សំណុំរឿង​គ្រឿងញៀន​នេះ បាន​ចំនួន​១៤​ករណី និងឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៤​នាក់​ផង​ដែរ​។

នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក​សុខ និមល បាន​និយាយ​ថា លទ្ធផល​រយៈពេល​០៣​ខែ ដើម​ឆ្នាំ នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ​នេះ គឺជា​កិច្ច​ប្រតិបត្តិការ​រួម​គ្នា រវាង​មន្ត្រី​ផ្នែក​ប្រឆាំង​គ្រឿងញៀន​តាម​បណ្ដា​ស្រុក​នានា និងក្រុង​បាត់ដំបង ជាមួយនឹង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​ខេត្ត​។ ប្រធាន​ការិយាល័យ​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​ជន​ដែល​ត្រូវ​ឃាត់​ខ្លួន ក៏​មាន​អ្នក​ប្រើប្រាស​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​អបរំ​កែប្រែ និង មួយ​ចំនួន​ទៀត ត្រូវ​បាន​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​។

លោក​សុខ និមល ក៏​បាន​លើក​ឡើង​អំពី​វិធានការ​អប់រំ​ផង​ដែរ​ថា នៅ​ក្នុង​រយៈពេល​០៣​នេះ មន្ត្រី​ជំនាញ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ និង​អបរំពី​ខ្លិ​ម​សារ​ប្រយុទ្ធ​ប្រឆាំង​និង​គ្រឿងញៀន​បាន​ចំនួន​១,០៧៥​លើក ដែល​មាន​ពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង៥៤,៤២០​នាក់​។ លោក​ថា វិធានការ​អប់រំ​នេះ​គឺ​ធ្វើ​ឡើង តាម​រយៈ​ការ​ចុះ​តាម​កម្មវិធី​សិក្សា នៅ​តាម​គ្រឹះស្ថានសិក្សា​ចំនួន​២២៧​លើក ដែល​មាន​សិក្សា​នុ​សិស្ស​ចូលរួម​ប្រមាណ​ជាង​១២,៤៣០​នាក់​ ។ ចូលរួម​ធ្វើ​វេទ​ការ​សាធារណៈ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន បាន​ចំនួន​៨៤៧​លើក ដែល​មាន​ពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៤១,៩៩០​នាក់ ​។

ហើយ​រហូត​ដល់​ពេល​នេះ ទាំង​មន្ត្រី​ផ្នែក​ប្រឆាំង​គ្រឿងញៀន​តាម​បណ្ដា​អធិការ​ស្រុក ក្រុង និងមន្ត្រី​ការិយា​ល័យ​ជំនាញ នៅ​តែ​បន្ត​កិច្ច​ប្រតិបត្តិការ​នេះ យ៉ាង​មមាញឹក​នៅឡើយ បើ​ទោះជា​សកម្មភាព​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿងញៀន​នេះ ហាក់​មិន​ទាន់​មាន​សញ្ញា​ថមថយ​ក្ដី​៕ ​

អត្ថបទសរសេរ ដោយ