រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោកផៃ ស៊ីផាន បានប្រកាសច្រានចោលចំពោះការលើកឡើងថា នៅពេលរដ្ឋដាក់ប្រទេសក្នុងគ្រាអាសន្នកងទ័ពនឹងរឹបអូសទ្រព្យសម្បត្តិឯកជនមកដាក់ជាសម្បត្តិរដ្ឋ ។ ការលើកឡើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលនេះ បន្ទាប់ពីមានមតិមួយចំនួនដែលថា នៅពេលដែលរដ្ឋដាក់ប្រទេសក្នុងគ្រាអាសន្ននោះ កងទ័ពនឹងធ្វើការរឹបអូសទ្រព្យ សម្បត្តិឯកជនមកដាក់ជាសម្បត្តិរដ្ឋ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» នៅព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០២០ នាទីស្តីការគណៈ រដ្ឋមន្ត្រីលោកផៃ ស៊ីផានបានចាត់ទុកការលើកឡើងនេះថា ជាព័ត៌មានប្រឌិត និងស្នើឲ្យប្រជាពលរដ្ឋមានជំនឿលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបច្ចុប្បន្ន ។ លោកបានបញ្ជាក់ថា៖« កម្ពុជាជាប្រទេសមាននីតិរដ្ឋ ដូច្នោះកម្ពុជាត្រូវតែមានច្បាប់ ។ ជាក់ស្តែងការរៀបចំច្បាប់ពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នដែលរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការរៀបចំនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈដែលតម្រូវឲ្យមានច្បាប់ដើម្បីធ្វើការគ្រប់គ្រង ។ ដោយឡែកចំពោះការអនុវត្តច្បាប់ពីការ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះ គឺរដ្ឋមិនធ្វើការរឹបអូសទ្រព្យសម្បត្តិឯកជនមកដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋដូចការលើកឡើងរបស់មតិមួយចំនួននោះទេ»។
លោកបានសង្កត់ធ្ងន់ថា ការបង្កើតច្បាប់នេះ គឺធ្វើឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋប៉ុណ្ណោះ គឺមិនមែនបង្កើតឡើងផលប្រយោជន៍នាយករដ្ឋមន្ត្រីកម្ពុជាតែម្នាក់ឯងនោះទេ ។ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ នៅល្ងាចថ្ងៃសុក្រសប្តាហ៍មុននេះ ។
ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចែកចាយ លើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន៥ជំពូក និងមាន១១ មាត្រា ។ ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការ ប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខ និងគ្រោះថ្នាក់ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតខុសភាពរបស់ប្រជាពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំបរិស្ថានផង ៕
ចែករំលែកព័តមាននេះ