កូ​វី​ដ​១៩ ប្រល័យ​ជីវិត​កំពូល​អ្នក​ឌីហ្សាញ​​​ស្បែកជើង​នៅ​អុីតា​លី


ប្រទេស​អ៊ី​តា​លី ៖ អ្នក​រចនា​ម៉ូ​ដ​ស្បែកជើង​ស្ត្រី ដែល​មានកេរ្តិ៍ឈ្មោះ Sergio Rossi បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​អាយុ​៨៤​ឆ្នាំ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ Maurizio Bufalini នៅ Cesena ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ី​តា​លី​។

ប្រភព​ពី​មន្ទីរពេទ្យ​ដែល​មា​នទី​តាំងនៅ​តំបន់ Emilia-Romagna ប្រទេស​អ៊ី​តា​លី បាន​បញ្ជាក់​ថា មរណភាព​របស់ Rossi កាលពី​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​គេ​មិន​បាន​បង្ហាញ​ព័ត៌មាន​លំអិត​ណាមួយ​ទាក់ទង​នឹង​ការ​ស្នាក់​នៅ​របស់ Rossi នៅ​មន្ទីរពេទ្យ​វេជ្ជសាស្ត្រ​របស់​គាត់ ហើយ​ក៏​មិន​មាន​កាល​បរិច្ឆេទ​ពិតប្រាកដ​នៃ​ពេលវេលា​នៃ​ការ​បាត់បង់​ជីវិត​របស់​គាត់​ឡើយ​។

មនុស្ស​ជាង ១៤៦០០​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អ៊ី​តា​លី នេះ​បើ​យោង​តាម​តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins ដែល​ជា​ចំនួន​អ្នក​បាត់បង់​ជីវិត​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​ណាមួយ​។ ប្រទេស​អ៊ី​តា​លី ដែល​មាន​រយៈពេល​បួន​ស​ប្តា​ហ៍​ក្នុង​ការ​ចាក់​សោ​ទូ​ទាំង​ប្រទេស​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ បាន​បញ្ជាក់​ថា មាន​ករណី​ឆ្លង​វីរុស​នេះ​ជិត ១២០០០០​ករណី​។

លោក Rossi ល្បីឈ្មោះ ជា​អ្នក​ច្នៃ​ម៉ូ​ដ​ស្បែកជើង​ដែល​ត្រូវ​បាន​គេ​ពេញ​និយម​ក្នុង​ចំណោម​តារា​ម៉ូ​ដែល​លំដាប់​ខ្ពស់​ៗ​ជា​ច្រើន រួម​ទាំង Adriana Lima, Rihanna, Ariana Grande និង Taylor Swift ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ទៅ​កាន់​គណនី Instagram ផ្លូវការ​របស់ Rossi គឺ​លោក Riccardo Sciutto នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sergio Rossi Group បាន​ចូល​គោរព​បូជា​ដល់ Rossi ។ លោក Sciutto បាន​និយាយ​ថា​៖ «Sergio Rossi គឺជា​មេ​ល្អ ហើយ​វា​ពិតជា​កិត្តិយស​របស់ខ្ញុំ​ណាស់​ដែល​បាន​ជួប​គាត់ ហើយ​បាន​ប្រគល់​ប័ណ្ណ​សារ​ដល់​គាត់​នៅ​ដើមឆ្នាំ​នេះ​។ ចក្ខុវិស័យ​និង​វិធីសាស្ត្រ​របស់​គាត់​នឹង​នៅ​តែ​ជា​មគ្គុទេសក៍​របស់​យើង​នៅ​ក្នុង​ការ​រីក​ចម្រើន​នៃ​ម៉ាក និង​អាជីវកម្ម​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ខែមីនា ក្រុមហ៊ុន​របស់​លោក បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម Instagram ថា ខ្លួន​នឹង​បរិច្ចាគ​ថវិកា​ចំនួន ១០០០០០ អឺ​រ៉ូ (១០៨០០០​ដុល្លារ​) ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ នឹង​ធ្វើការ​លក់​ជូន​អតិថិជន​តាមតែ​អន​ឡាញ​ប៉ុណ្ណោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ edition (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ