ខេត្តកំពង់ឆ្នាំង ៖ ដើមរំពាក់គឺជារុក្ខជាតិមួយប្រភេទដែលដើមវាជាវល្លិ មានទំហំប៉ុនធូប ឬធំជាងនេះបន្តិច ដើមវាមានបន្លារហូតដល់ស្លឹក ។ រុក្ខជាតិមួយប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋយកមកផលិតជារបស់របរប្រើប្រាស់ផ្សេងៗ បានជាច្រើនយ៉ាងតាមតម្រូវការ ។ សម្រាប់ខេត្តកំពង់ឆ្នាំង គេសង្កេតឃើញមានប្រជាពលរដ្ឋយកដើមរំពាក់ ផលិតជារបស់របរប្រើប្រាស់ នៅតាមភូមិខុសគ្នាៗ ដើម្បីលក់ឱ្យឈ្មួញ ។
ប្រជាពលរដ្ឋនៅភូមិបាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ បានយកដើមរំពាក់ផលិតជាបង្គីលក់ ដើម្បីបានកម្រៃផ្គត់ផ្គង់ជីវភាព។
ស្ត្រីឈ្មោះ សុខ នី អាយុ៤២ឆ្នាំមានទីលំនៅភូមិឃុំខាងលើបានរៀបរាប់ឱ្យដឹងថា គាត់បានប្រកបមុខរបរត្បាញបង្គីនេះជាយូរឆ្នាំណាស់មកហើយ ក្នុងមួយថ្ងៃជាមធ្យមគាត់ត្បាញបានបង្គី៤ទៅ៦បង្គី ឬច្រើនជាងនេះ បើគាត់ខំ ។
ចំណែកឯស្ត្រីឈ្មោះក្រួច ញ៉ អាយុ៤៦ឆ្នាំ វិញក៏បានរៀបរាប់ឱ្យដឹងថា បើមានដើមរំពាក់គ្រប់គ្រាន់ ក្នុងមួយថ្ងៃ ពួកគាត់ពីរនាក់ប្ដីប្រពន្ធត្បាញបានរហូតទៅដល់១០សម្រាប់ ស្មើនឹង២០បង្គី ។ បង្គី១លក់បានតម្លៃ៣ពាន់រៀល ។
ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋទាំងនោះនៅបានត្អូញត្អែថា បច្ចុប្បន្ននេះ ដើមរំពាក់ កាន់តែខ្សត់ណាស់ ព្រោះតែការកាប់ទន្ទ្រានឈូសយកដីព្រៃ ធ្វើឱ្យដើមរំពាក់ចេះតែហិនហោចទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ។
ដើម្បីបានដើមរំពាក់យកមកត្បាញជាបង្គី ពួកគាត់ត្រូវធ្វើដំណើរទៅភូមិប្រស្នឹប ឯណោះ ដែលត្រូវចេញតាំងពីម៉ោង៥ភ្លឺ រហូតដល់យប់ទើបបានមកដល់ផ្ទះវិញ ដោយវេចបាយកញ្ចប់ទៅជាមួយផងដែរ ហើយពេលបានដើមរំពាក់មកត្បាញបានតែ២ថ្ងៃ ក៏អស់ទៅហើយ ទើបនាំគ្នាចេញទៅបោចម្តងទៀត ។
ចំណែកប្រជាពលរដ្ឋរស់នៅ ភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានយកដើមរំពាក់មកត្បាញជារបស់របរប្រើប្រាស់ផ្សេងៗដូចជា រង្វាលជើងឆ្នាំង ថាសសម្រាប់ហាលត្រី កញ្ឆេរតូច-ធំ កញ្ច្រែង កន្ត្រកដាក់ផ្កា និងកន្ត្រកសម្រាប់ដាក់ផ្លែឈើវេចខ្ចប់ជា កាដូរ ក្នុងពិធីផ្សេងៗជាដើម ។ល។ និងអាចធ្វើជារបស់ផ្សេងទៀតបានតាមភ្ញៀវតម្រូវការ ។
ស្រី្តឈ្មោះ សុខ គឹមហេង អាយុ៣៧ឆ្នាំ ជាកសិកររស់នៅភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរបានរៀបរាប់អោយដឹងថា សព្វថ្ងៃនេះក្រៅពីការងារស្រែចំការ គាត់បានចាប់យកមុខរបរមួយទៀតគឺត្បាញដើមរំពាក់។ មុខរបរមួយនេះ គាត់បានចេះតពីឪពុកម្តាយ ដែលជាមុខរបរពីដូនតា ។
នៅក្នុងភូមិអូរតាសេក ឃុំគោកបន្ទាយនេះ មានប្រជាពលរដ្ឋជាង៨០%បានប្រកបរបរតម្បាញដើមរំពាក់នេះ ដែលជាមុខរបរបន្ទាប់បន្សំក្រៅពីការងារស្រែចំការ។ ចំពោះតម្លៃវិញ ចាប់ពី១៤០០រៀលដល់ជាង១ម៉ឺនរៀល ក្នុងនោះរង្វេលជើងឆ្នាំង១ លក់ក្នុងតម្លៃ១៤០០រៀល កន្ត្រកតូចតម្លៃ៥ពាន់រៀល កន្ត្រកសម្រាប់ដាក់កាដូធំតម្លៃ៨ពាន់រៀល និងកញ្ឆេ សម្រាប់ដាក់ផ្លែឈើ ឬដាក់ខោអាវ១តម្លៃ១ម៉ឺន២ពាន់រៀលជាដើម ។
ប្រជាកសិករនៅភូមិអូរតាសេក ក៍មិនខុសពីកសិករនៅភូមិបាតឡាងដែរ ពួកគាត់បានត្អូញត្អែរពីការខ្សត់ដើមរំពាក់ខ្លាំងណាស់ សព្វថ្ងៃនេះ អ្នកភូមិអូរតាសេក ដើម្បីបានដើមរំពាក់ ត្រូវនាំគ្នាជួលគោយន្តជិះទៅកាប់ដល់ដល់ព្រៃសហគមន៍ នៅខេត្តកំពង់ធំ ដោយត្រូវចំណាយពេលដេកផ្លូវ៧-៨ថ្ងៃទើបមកដល់ផ្ទះវិញ ហើយបើកាលពីមុន ត្រូវធ្វើដំណើរតាមផ្លូវវាងដល់ព្រែកក្តាមឡើងផ្លូវជាតិលេខ៦ តែបច្ចុប្បន្នធ្វើដំណើរតាមផ្លូវកាត់ ឆ្លងតាមសាឡាងទៅស្រុកកំពង់លែង និងកាត់ទៅខេត្តកំពង់ធំតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ