ខេត្តប៉ៃលិន ៖ គួរឱ្យអាណិតយ៉ាងខ្លាំងចំពោះគ្រួសារមួយ ដែលរស់នៅក្បែរជើងភ្នំឆ្ងាយពីផ្ទះអ្នកជិតខាង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយមានអ្នកខ្លះពិការភ្នែក ខ្លះពិការជើងទាំងពីរ ព្រោះតែរបួសដោយសារតែចូលកាប់ឈើធ្វើផ្ទះកាលពីជាង១០ឆ្នាំមុន លុះប៉ះចំគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរបួសតែម្តង ។
ចំណែកម្តាយចាស់ជរាម្នាក់ក៏ខំប្រឹងដើរបេះបន្លែតាមព្រៃភ្នំ និងអ្នកខ្លះដើរប្រមូលអុសលើភ្នំ ដែលគេឈូសចោល ដើម្បីដុតធ្វើជាធ្យូងលក់បានប្រាក់សម្រាប់ផ្គង់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃទាំងត្រដាបត្រដួស ។
បើតាមប្រភពពីលោក ព្រាប សារុន មេភូមិផ្សារព្រំជើង បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះថា គ្រួសារក្រីក្រខាងលើ មានមនុស្សនៅក្នុងបន្ទុកចំនួន៨នាក់ គឺទី១-ឈ្មោះ តេង រឿន ភេទស្រី អាយុ៨៨ឆ្នាំ (ត្រូវជាម្តាយ) ទី២-ឈ្មោះ ចាន់ គ្រិល អាយុ៥៨ឆ្នាំ ពិការភ្នែកខាងស្តាំ (ជាកូនប្រសារ) ទី៣-ឈ្មោះ តេង រី ភេទស្រី អាយុ៦២ឆ្នាំ (ត្រូវជាបងថ្លៃ) ទី៤- ឈ្មោះ តេង ស្រីពៅ ភេទស្រី អាយុ៥៧ឆ្នាំ (ជាប្រពន្ធ) ទី៥- ឈ្មោះ ចាន់ ថេត ភេទប្រុស អាយុ២៥ឆ្នាំ (ឈប់រៀនថ្នាក់ទី១១) ទី៦- ឈ្មោះ ចាន់ រិន ភេទប្រុស អាយុ២១ឆ្នាំ (ឈប់រៀនថ្នាក់ទី១១) ទី៧- ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ១៣ឆ្នាំ (ជាសិស្សរៀនថ្នាក់ទី៣) និងទី៨- ឈ្មោះ ចាន់ រតនៈ ភេទប្រុស អាយុ៨ឆ្នាំ (អត់បានទាន់ចូលរៀននោះទេ) ។
លោកមេភូមិបន្តទៀតថា ពួកគាត់រាល់ថ្ងៃពិតជាមានការលំបាកខ្លាំងក្នុងការប្រកបរបរចិញ្ចឹមជីវិត ខណៈបុរសជាមេគ្រួសារពិការភ្នែកខាងស្តាំ ប្រពន្ធពិការជើងស្តាំ និងកូនប្រុសទី១ ពិការជើងទាំងសងខាង ដោយសារតែផ្ទុះគ្រាប់មីនសេសសល់កាលពីសម័យសង្គ្រាម ខណៈពួកគេចូលទៅកាប់ឈើ ដើម្បីយកទៅធ្វើផ្ទះស្នាក់នៅ កាលពីជាង១០ឆ្នាំមុន បណ្តាលឱ្យប៉ះចំគ្រាប់មីនប្រភេទ៦៩ ផ្ទុះរងរបួសស្ទើរតែទាំងអស់តែម្តង ។
លោកមេភូមិបន្តថា ចំណែផ្ទះ១ខ្នងដែលសង់ពីថ្មខាងលើនេះ គឺជាផ្ទះទេវតា ជាមូលនិធិទូរទស្សន៍ប៉ុស្តិ៍បាយន្តតាមរយៈអាជ្ញាធរខេត្ត ទើបពួកគេមានផ្ទះស្នាក់នៅបែបនេះ តែចំពោះជីវភាពវិញ គឺមានការខ្វះខាតគួរឱ្យអាណិតអាសូរ ។
បើតាមប្រភពពីស្ត្រីឈ្មោះ តេង រឿន អាយុ៨៨ឆ្នាំ ត្រូវជាម្តាយ បានរៀបរាប់ឱ្យដឹងទាំងត្រចៀកធ្ងន់បន្តិចថា ទោះបីជាគាត់មានវ័យចំណាស់ ជិតឈានចូលដល់វ័យ៩០ឆ្នាំហើយក៏ដោយ ក៏គាត់នៅតែដើរឡើងទៅលើភ្នំជាមួយនឹងកូនចៅ ដើម្បីបេះស្លឹកបាស ស្លឹកផ្ទី យកទៅលក់បានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយក្នុង១ថ្ងៃលក់បានប្រាក់ត្រឹមតែ១៥០០០ទៅ២០០០០រៀលប៉ុណ្ណោះ ។ ហើយគាត់ក៏ប្រាថ្នាឱ្យមានអាហារហូបគ្រប់គ្រាន់ជាមួយនឹងកូនចៅជាជនពិការ ដែលកំពុងរស់នៅក្បែរជើងភ្នំដ៏សែនលំបាកវេទនានេះផងដែរ។
ចំណែកលោក ចាន់ គ្រិល អាយុ៥៨ឆ្នាំ ពិការភ្នែកខាងស្តាំ បានរៀបរាប់ឱ្យដឹងដែរថា គាត់រងរបួសភ្នែកខាងស្តាំម្ខាង ដោយសារតែកាលពីជាង១០ឆ្នាំមុននាំប្រពន្ធកូនប្រុសច្បងម្នាក់ ចូលទៅកាប់ឈើក្នុងព្រៃ ដើម្បីយកមកសង់ផ្ទះរស់នៅជួបជុំគ្រួសារ លុះមិនទាន់បានកាប់ឈើផង ស្រាប់តែជាន់ត្រូវគ្រាប់មីនផ្ទុះ បណ្តាលឱ្យរងរបួសទាំង៣នាក់តែម្តង ។
លោកបន្តទៀតថា រាល់ថ្ងៃម្តាយចំណាស់របស់គាត់ និងកូនៗជួយដើររកបេះស្លឹកផ្ទី និងបន្លែស្រស់តាមព្រៃភ្នំ ដើម្បីផ្សំគ្នាលក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ។ ចំណែកលោកជាមួយនឹងកូនមួយចំនួនទៀត នាំគ្នាដើរប្រមូលអុសឈើនៅលើភ្នំយកមកដុតជាធ្យូង រួចដើរលក់ក្នុងរយៈពេល២ទៅ៣ថ្ងៃម្តង បានប្រាក់ប្រហែល៤ទៅ៥ម៉ឺនរៀល សម្រាប់ផ្សំគ្នាយកទៅទិញអង្ករ និងម្ហូប អាហារផ្គត់ផ្គង់គ្រួសារ ។
លោកបញ្ជាក់ថា រាល់ថ្ងៃសូម្បីតែទឹកប្រើប្រាស់ក៏មានការលំបាកដែរ ព្រោះនៅក្បែរជើងភ្នំ គ្មានអណ្តូង ឬស្រះទឹកនោះទេ អត់ប្រាក់សម្រាប់តភ្ជាប់ប្រព័ន្ធទឹកប្រើប្រាស់ប្រចាំថ្ងៃក៏គ្មានដែរ ។ លោកក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់នៅទូទាំងប្រទេស បើសិនជាមានការអាណិតអាសូរដល់គ្រួសារខ្លួន សូមជួយរួមចំណែកបន្តិចបន្តួចផងចុះ ព្រោះពួកគាត់ពិតជាមានការលំបាកខ្លាំងណាស់ ពោលគឺរកព្រឹកខ្វះល្ងាចតែម្តង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ