ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ឲ្យ​ក្រសួង​ត្រៀម​សម្ភារៈ​ជូន​ពលករ​មក​ពី​ថៃ ខណៈ​ចំនួន​អាច​កើន​ដល់​៦​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​អោយ​ក្រសួងសុខាភិបាល​ត្រៀម​រៀបចំ​កន្លែង​ពិនិត្យ​សុខភាព និង​ត្រៀម​បម្រុង​សម្ភារៈ​គ្រប់គ្រាន់​ជូន​ពលករ​មក​ពី​ប្រទេស​ថៃ ដែល​ត្រូវ​ដាក់​អោយ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​អោយ​ក្រសួងសុខាភិបាល​ត្រៀម​រៀបចំ​កន្លែង​ពិនិត្យ​សុខភាព និង​ត្រៀម​បម្រុង​សម្ភារៈ​គ្រប់គ្រាន់​ជូន​ពលករ​មក​ពី​ប្រទេស​ថៃ ដែល​ត្រូវ​ដាក់​អោយ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៥ មេ​សា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចេញ​បញ្ជា​ណែនាំ​បន្ថែម​ក្នុង​ការ​ដោះស្រាយ​ជូន​បងប្អូន កូនក្មួយ​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​កន្លង​មក​ចំនួន​ប្រមាណ​៥​ម៉ឺន​នាក់ ហើយ​ដែល​ចំនួន​នេះ​នឹង​មាន​មក​ជា​បន្តបន្ទាប់​ទៀត ដែល​អាច​នឹង​កើន​ទៅ​ដល់​៦​ម៉ឺន​នាក់ ។

ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ឌ​-១៩ សម្តេច​តេ​ជោ បាន​ណែនាំ​ក្រសួងសុខាភិបាល «​ត្រូវ​តាមដាន​ត្រួតពិនិត្យ​នៅ​តាម​ទល់ដែន​អោយ​បាន​ហ្មត់ចត់ ហើយ​ក្នុង​នោះ​ត្រូវ​ត្រៀម​រៀបចំ​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​រៀបចំ​ទីកន្លែង​ពិនិត្យ​សុខភាព​អោយ​បាន​ល្អ​ដល់​ពលករ ។ ក្រសួងសុខាភិបាល​ត្រូវធ្វើ​ជា​ម្ចាស់​ការ​លើ​ការងារ​នេះ ហើយ​សហការ​ជាមួយ​ក្រុមការងារ​នៅ​តាម​ព្រំដែន​ទាំងអស់ ។ ទន្ទឹម​នឹង​នេះ គឺ​ត្រូវ​ត្រៀម​ទិញ​មុង , ភួយ​, កន្ទេល​, ខ្នើយ​, ក្រមា សម្រាប់​ប្រគល់​ជូន​បងប្អូន​កូនក្មួយ​ពលករ​ដែល​ត្រូវ​ដាក់​អោយ​ស្នាក់​នៅ​ដាច់​ដោយឡែក​បណ្តោះអាសន្ន​ចំនួន​១៤​ថ្ងៃ ដូច​ជា នៅ​តាម​សាលារៀន តាម​សហ​គម ឬ​នៅ​តាម​លំនៅ​ដ្ឋា​ន​ជាមួយ​ក្រុម​គ្រួសារ​ជាដើម​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា «​ពេល​ណា​បងប្អូន​ចាក​ចេញពី​ទីនោះ គឺ​សូម​ប្រគល់​សំ​ម្ភា​រៈទាំង​នោះ​ជូន​ទៅ​គាត់​យក​ទៅ​ប្រើប្រាស់​តែ​ម្តង ។ ចំពោះ​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​កូនក្មួយ​ពលករ​វិញ គឺ​ត្រូវ​ប្រើប្រាស់​រថយន្ត​កងទ័ព​មក​ពី​កងពល​លេខ​៩០ និង​កងពល​លេខ​៩៩ ដែល​ត្រូវ​រៀបចំ​ដាក់​ដំបូល​អោយ​បាន​ស្រួល» ។

មក​ទល់​ពេល​នេះ បងប្អូន​កូនក្មួយ​ពលករ​ទាំងអស់​ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ គឺ​មិន​មាន​បង្ករ​ហានិភ័យ​ណាមួយ​នៅ​តាម​សហ​គម​នៅឡើយ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ និង​កោតសរសើរ​ដល់​ថ្នាក់​ភូមិ​, ថ្នាក់​ឃុំ​, ស្រុក និង​ថ្នាក់​ជាតិ ដែល​បាន​ចុះ​ជួយ​នៅ​តាម​មូលដ្ឋាន ក្នុង​នោះ​រួម​ទាំង​ការ​អប់រំ​ឃោសនា ផ្សព្វផ្សាយ​ណែនាំ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ឌ​-១៩ ដែល​ធ្វើ​អោយ​យើង​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​មក​ទល់​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ