ហ៊ានម៉្លេះ! ធ្វើសកម្មភាពលើជនបរទេសមួយ​ក្រុម ចប់ត្រឹមកម្លាំងល្បាត​


រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូបពី​ជនបរទេស​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ តែ​មិន​បាន​សម្រេច ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​កំពុង​ល្បាត​រួម​គ្នា​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ក្នុង​មូលដ្ឋាន​ទប់ស្កាត់​បទល្មើស ប្រទះ​ឃើញជាក់ស្ដែង​ក៏​ធ្វើការ​ដេញបង្ក្រាប​នឹង​ឃាត់ខ្លួន​បាន​ភ្លាម​ៗ រួច​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ទន្លេបាសាក់​សួរនាំ​បន្ត​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមេ​សា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្លូវ​ក្រោយ​ស្ថានទូត​រុ​ស្ស៊ី កែង​នឹង​ផ្លូវ​សបិត ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​​ខាងលើ ក្នុងនោះម្នាក់​ឈ្មោះ យ៉ង សុខ​អូរ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​រត់​តុ​ការ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​អង្គុយ​​ពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស និង​ម្នាក់​ទៀត ឈ្មោះ សួន ច​ន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​បើក​ម៉ូតូ​ធ្វើ​សកម្មភាព​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer X ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់ស្លាក​លេខ ភ្នំពេញ ១GH-៨១០៦ ។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង មុន​ពេល​កើតហេតុ គឺ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទន្លេបាសាក់ សហការ​គ្នា ជាមួយ​កម្លាំង​នគ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ល្បាត​រួម​គ្នា ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​ជនបរទេស​ចំនួន​៣​នាក់ (ប្រុស​២​នាក់ និង​ស្ត្រី​ម្នាក់) កំពុង​ដើរ​តាម​បណ្ដោយ​ផ្លូវ​ក្រោយ​ស្ថានទូត​រុ​ស្ស៊ី ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាមប្រភពដដែលបានបន្ត​ថា ​ពេលនោះ​ក៏លេចមុខ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ ​ក្នុង​បញ្ច្រាសទិស​គ្នា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបយួ​ដៃ ពណ៌​ខ្មៅ​ពីស្ត្រី​ជនបរទេស​ម្នាក់​នោះ តែ​មិន​បាន​សម្រេច ក៏​បន្ថែម​ល្បឿន​ម៉ូតូ​ព្យាយាម​រត់គេច ។ ភ្លាម​ៗ​នោះ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ទន្លេបាសាក់ និ​ង​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​កំពុង​ល្បាតប្រទះ​ឃើញ​ក៏បាន​ដេញ​តាម​រហូត​ដល់​ស្តុ​ប​ផ្សារ​អ៊ី​អន មុខ​វត្តថា​ន់ ផ្លូវ​សុធារស​ ទើប​ឃាត់ខ្លួន​បានរួច​​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ទន្លេបាសាក់​ចាត់ការ​បន្តតាមច្បាប់​​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​សារភាព​ថា ពួក​ខ្លួន​​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​ស្ត្រី​ជនបរទេស​នោះ​ពិតមែន តែ​មិន​បាន​សម្រេច ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើតេស្ដ​ទឹកនោម ជា​លទ្ធផល​រកឃើញ​​មាន​សារធាតុ​ញៀន​​ផងដែរ​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ត្រូវ​បានសមត្ថកិច្ច​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការរ​ដ្ឋាន​ខណ្ឌចំការមនដើម្បី​​ចាត់ការ​បន្ត​តាម​នីតិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ