ប្រទេសអេស្ប៉ាញ ៖ យោងតាមការរាប់របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយពឹងលើប្រភពផ្លូវការណ៍ថា គិតមកដល់ថ្ងៃទី៤ ខែមេសា ចំនួនអ្នកឆ្លងវីរុស COVID-19 បានកើនលើសពី១,១៦លាននាក់ ក្នុងនោះបាត់បង់ជីវិត៦៣.៤៣៧នាក់ ក្នុងប្រទេស និងដែនដីចំនួន១៩០លើពិភពលោក ។
អឹរ៉ុបជាទ្វីបរងការប៉ះពាល់ខ្លាំងជាងគេ ៖
ដោយចំនួនអ្នកបាត់បង់ជីវិតមានដល់ជាង៤៥.០០០នាក់ ហើយអ៊ីតាលីជាមួយអ្នកបាត់បង់ជីវិត១៥.៣៦២នាក់ និងអេស្ប៉ាញមានអ្នកបាត់បង់ជីវិត១១.៧៤៤នាក់ នៅតែជាប្រទេសដែលមានអ្នកបាត់បង់ជីវិតច្រើនជាងគេបំផុតនៃពិភពលោក ។
អេស្ប៉ាញមានអ្នកឆ្លង១២៦.៧ ៣៦នាក់
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក PEDRO SANCHEZ អះអាងនាថ្ងៃទី៤មេសាថា លោកនឹងស្នើពន្យារពេលការប្រកាសអាសន្នរហូតដល់ពាក់កណ្ដាលយប់ថ្ងៃទី២៥មេសា ដើម្បីទប់ការឆ្លងរាលដាលនៃវីរុស ។ ក្នុងសន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ លោក SANCHEZ ពន្យល់
ថា នោះជាការសម្រេចចិត្តដ៏លំបាកដោយលោកអះអាងថា ចំនួនអ្នកឆ្លងវីរុសបានឡើងដល់១២៦.៧៣៦នាក់រួចចំនួនអ្នកស្លាប់បានឡើងដល់១១.៧៤៤នាក់ ។
តួលេខរបស់ក្រសួងសុខាភិបាលក៏បង្ហាញផងដែរថា ចំនួនអ្នកឆ្លងថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះហាក់មានការថយចុះរយៈពេល២ថ្ងៃ។ ការប្រកាសភាពអាសន្ននៅអេស្ប៉ាញបានចូលជាធរមានពីថ្ងៃទី១៥ មីនាមក ។
អ៊ីតាលីឆ្លងច្រើនពេកប្រើរ៉ូបូជួយ
បណ្ដារ៉ូបូត្រូវបានប្រើជាជំនួយការដែលមិនចេះហត់នឿយ រួចពួកវាក៏មិនឆ្លងវីរុសដែរ ។ ដូច្នេះប្រមុខផ្លែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ CIRCOLO DE VARESE ភាគខាងជើងអ៊ីតាលី
ដែលមានអ្នកជំងឺហូរចូលយ៉ាងគំហុក បានបង្កើនចំនួនរ៉ូបូ ។ បញ្ជាពីចម្ងាយរ៉ូបូ៦គ្រឿងត្រូវបានមន្ទីរពេទ្យនេះទទួល ហើយកំពុងតែបម្រើបណ្ដាអ្នកជំងឺយ៉ាងសកម្ម ដោយចេះប្រើបណ្ដាឧបការណ៍ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលស្ថិតក្នុងភាពដុនដាប ។ រ៉ូបូមួយចំនួនមានពណ៌សបំពាក់ដោយអេក្រង់និងបណ្ដាឧបករណ៍បញ្ជាពីចម្ងាយ ។
ក្រុមគ្រូពេទ្យនិងបណ្ដាគិលានុប្បដ្ឋាកនៃមន្ទីរពេទ្យនេះអាចការពារខ្លួននិងសន្សំសំចៃបណ្ដាឧបករណ៍ការពារ ។ ម្យ៉ាងទៀតតាមបណ្ដាគ្រូពេទ្យថា រ៉ូបូតូចៗទាំងនេះរហូតដល់អាចជួយលើកទឹកចិត្តអ្នកជំងឺឲ្យសើចទៀតផង ។
យោងតាមវិទ្យាស្ថានសុខាភិបាលជាន់ខ្ពស់អ៊ីតាលីថាជាង១០%នៃអ្នកឆ្លងវីរុសដែលជំរឿនឃើញក្នុងប្រទេសជាផ្លូវការ គឺជាបុគ្គលិកសុខាភិបាល ។ គ្រូពេទ្យអ៊ីតាលីដល់ទៅ៧០នាក់បានបាត់បង់ជីវិតតាំងពីចាប់ផ្ដើមការឆ្លងក្នុងប្រទេសមក ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ