កម្មករ​មួយ​លាន​នាក់ ការ​ទៅ​ស្រុក និង​គ្រោះថ្នាក់​កូ​វី​ដ​១៩


រហូត​មក​ទល់​ពេល​នេះ មិន​មាន​កម្មករ​កាត់ដេរ​ណា​ម្នាក់​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ទេ ទោះបីជា​កម្ពុជា រក​ឃើញ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ចំនួន​១១៤​នាក់​ក្តី​។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា​។

សូម​អោយ​ទាំង​ពេល​នេះ និង​ពេល​ទៅ​មុខ​ទៀត គ្មាន​កម្មករ​ណា​ម្នាក់​មាន​ជំងឺ​កូ​វី​ដ ១៩​ដែល​កំពុង​តែ​បំផ្លាញ​សេចក្តីសុខ និង​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក​។

វា​ចាំបាច់​ណាស់ ដែល​កម្មករ​ទាំងអស់​ត្រូវ​មាន​សុវត្ថិភាព និង​មិន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ដែល​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​តំណក់​ទឹកតូច​ៗ​ដែល​ត្រូវ​បាន​ក្អក​ចេញពី​មនុស្ស​ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ទោះបីជា​ជន​នោះ​មាន​រោគ​សញ្ញា ឬ​មិន​មាន​រោគ​សញ្ញា​ក្តី​។

ដោយ​ពិចារណា​ទៅ​លើ​របៀប​រស់នៅ​ប្រមូលផ្តុំ និង​ការ​បំពេញការងារ​ប្រមូលផ្តុំ​គ្នា កម្មករ​កាត់ដេរ គឺ​ត្រូវ​តែ​មាន​វិធានការ​ខ្ពស់​បំផុត​ដើម្បី​កុំអោយ​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ ការ​ឆ្លង​មេរោគ​កុ​វី​ដ​១៩ ដល់​កម្មករ​ណា​ម្នាក់ វា​ងាយ​នឹង​ធ្វើ​អោយ​មានការ​រាលដាល​ក្នុង​ចំណោម​កម្មករ​ផ្សេង​ទៀត​ដែល​ធ្វើការ​ជាមួយ​គ្នា និង​រស់នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា​។

ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ចំណោម​កម្មករ​មិន​ត្រឹមតែ​ជួយ​ការពារ​សុខភាព​របស់​កម្មករ និង​ជីវិត​របស់​កម្មករ​ទេ វា​ក៏​ថែម​ទាំង​ទាក់ទង​ដល់​អនាគត​នៃ ឧស្សាហកម្ម​នៃ​វិស័យ​កាត់ ដេរ​ទាំងមូល និង​ការងារ​មួយ​លាន​នាក់​នៅ​ក្នុង​វិស័យ​នេះ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ស្រាប់ ដោយសារ​ការ​ប្រែប្រួល​សេដ្ឋកិច្ច​ពិភពលោក​ដោយសារ​កូ​វី​ដ​១៩ និង​បញ្ហា EBA ។

ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ កម្មករ​កាត់ដេរ​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​លាន​នាក់​ទៀត ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ ទៅ​លេង​ស្រុក​កំណើត​ដោយសារ​មានច្បាប់​ឈប់​សម្រាក​ច្រើន​ថ្ងៃ និង​ដើម្បី​ជួបជុំ​សប្បាយ​ជាមួយ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​។

សម្រាប់​កម្មករ​កាត់ដេរ នេះ​ជា​ពេ​វ​លា​ដែល​សំខាន់​ជាងគេ ដើម្បី​ជួបជុំ​គ្រួសារ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ការ​ធ្វើ​ដំណើរ​មិន​ថា​នៅ​កម្ពុជា ឬ​ក៏​ប្រទេស​ផ្សេង ទៀត​ក្នុង​ពិភពលោក​ទេ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ហានិភ័យ​មួយ​សម្រាប់​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​១៩​។ រឿង​ដែល​គ្រោះថ្នាក់​នោះ គឺ​ដោយសារ​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩​នេះ អាច​សម្ងំ​ខ្លួន​ក្នុង​មនុស្ស​ដែល​មាន​រោគ​សញ្ញា និង​មនុស្ស​គ្មាន​រោគ​សញ្ញា ប៉ុន្តែ​វា​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​ផ្សេង​ដូច​គ្នា​។

ហេតុ​ដូច្នេះ​ហើយ​បានជា​ប្រទេស​ស្ទើរ​ទាំងអស់​ក្នុង​ពិភពលោក ណែនាំ​អោយ​ប្រជាជន​របស់​ខ្លួន​ចៀសវាង​ការ​ធ្វើ​ដំណើរ បើ​គ្មាន​ភាព​ចាំបាច់ ហើយ​អោយ​ស្នាក់​នៅ​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន​មួយ​រយៈ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​។ ចំណាត់ការ​បែប​នេះ ក៏​ព្រោះតែ​តែ​គេ​មិន​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​ថា តើ​នរណា​មាន​មេរោគ ឬ​នរណា​គ្មាន​មេរោគ0x017d7

សេណា​រី​យ៉ូ ដ៏​អាក្រក់​បំផុត គឺថា​បើសិនជា​មានកម្ម​ករ​ណា​ម្នាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ហើយ​វិល​ត្រឡប់​មក​ធ្វើការ​វិញ​ជាមួយនឹង​ការ​មាន​មេរោគ​កូ​វី​ដ​១៩​ទាំង​មិនដឹង​ខ្លួន​នោះ បុគ្គល​នោះ​អាច​នឹង​ចម្លង​ដល់​កម្មករ​ផ្សេង​ទៀត​នៅ​ក្នុង​រោងចក្រ​ជាមួយ​គ្នា ឬ​ក៏​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា​។ ក្នុង​ករណី​នេះ វា​នឹង​អាច​មាន​ហានិភ័យ​ខ្ពស់​ដល់​ការ​ឆ្លង​រាលដាល​ដល់​រោងចក្រ​ដែល​ពួក​គេ​ធ្វើការ​។ វា​នឹង​នាំ​អោយ​មាន ការ​ឆ្លង​រាលដាល​ខ្លាំង​ង​តាម​រោងចក្រ​និង​ក្នុង​ចំណោម​កម្មករ​។

នេះ​ជា​សេណា​រី​យ៉ូ ដែល​យើង​ទាំងអស់​គ្នា​មិន​ចង់​ឃើញ​ឡើយ ពីព្រោះ​វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត​កម្មករ​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​ជិត​មួយ​លាន​នាក់​។ មិនតែប៉ុណ្ណោះ ការ​មានការ​ចម្លង​មេរោគ​កូ​វី​ដក​១៩ ណាមួយ​ក្នុង​ចំណោម​កម្មករ​ក៏​អាច​នាំ​អោយ​ឈាន​ដល់​ការ​បិទ​រោងចក្រ​ផង​ដែរ ដើម្បី​ចៀសវាង​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ កាន់តែ​ខ្លាំង​។ នេះ​ជា​វិធានការ​ដែល​តែងតែ​ប្រកាន់​យក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មនុស្ស​ច្រើន​។ ក្នុង​ករណី​អាក្រក់​បែប​នេះ វា​មិន​ត្រឹមតែ​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ឈឺ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ប៉​បះ​ពាល់​ការងារ​ផង​ដែរ​។

ដូច្នេះ​នៅ​ពេល​ដែល​មនុស្ស​ប្រមាណ​មួយ​លាន​នាក់​កំពុង​ពិចារណា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ដឹង​ថា ការ​ធ្វើ​ដំណើរ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ហើយ​ទាមទារ​ការ​សម្រេចចិត្ត​យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង​។

កម្មករ​ត្រូវ​សម្រេចចិត្ដ​ដូច​ម្តេច?

ជម្រើស​ទី​មួយ​គឺ​មិន​ទាន់​ទៅ​កាន់​ស្រុក​កំណើត ដោយ​រង់ចាំ​អោយ​ដល់​ពេលវេលា​ដ៏​សម​ស្រប​មួយ​ដែល​គ្មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

ជម្រើស​ទី​ពីរ គឺ​ត្រូវ​ទៅ​ស្រុក​កំណើត​។ សម្រាប់​ជម្រើស​ទី​ពីរ កម្មករ​ទាំងអស់​ត្រូវ​សម្រេចចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​ច្បាស់​ថា​ពួក​គេ​នឹង​មិន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ពេល​ធ្វើ​ដំណើរ និង​នៅ​តាម​ភូមិ​ស្រុក​។ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ត្រូវ​ចៀសវាង​ការ​ធ្វើ​ដំណើរ​ដែល​ប្រើ​មធ្យោបាយ​មាន មនុស្ស​ច្រើន​អង្គុយ ប្រជ្រៀត​គ្នា​។ ការ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន គឺជា​រឿង​ល្អ​។ ទី​ពីរ សាកសួរ​ទៅ​កាន់​ឪពុក​ម្តាយ ដើម្បី​ដឹង​ថា តើ​មាន​អ្នក​ជិតខាង ឬ​អ្នក​ភូមិ មាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ដែរ​ឬទេ? បើសិនជា​មាន​នោះ កម្មករ​មិន គួរ​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ឡើយ​។ វា​ជា​ការ​អនុវត្ត​ទូទៅ​ដែល​ថា មនុស្ស​មិន​ត្រូវធ្វើ​ដំណើរ ទៅ​កាន់​កន្លែង​ដែល​មាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ទេ​។

តាម​ពិត​ទៅ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ មនុស្ស​នៅ​តែ​អាច​ទាក់ទង​គ្នា សួរសុខទុក្ខ​គ្នា ញញឹម ឃើញ​មុខ​គ្នា តាម​ទូរស័ព្ទ​ដៃ បើ​ទោះបីជា​មិន​បានឃើញ​មុខ​ផ្ទាល់​ក្តី​។ ដូច្នេះ​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​អាច​ជា​ជម្រើស​មួយ ដើម្បី​សួរសុខទុក្ខ​ឪពុក​ម្តាយ​ជំនួស​អោយ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​។

ការ​សម្រេចចិត្ត​របស់​កម្មករ​ក៏​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ផង​ដែរ​។ រដ្ឋាភិបាល​រហូត​មក​ទល់​ពេល​នេះ​បាន​ចាត់វិធានការ​មួយ​កម្រិត​ម្តង​ៗ​តាម​ភាព​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​។ រហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​បង្ហាញ​សញ្ញា​ដំបូង​នៃ​ជោគជ័យ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​។ អ្នកជំងឺ ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​១១៤​នាក់​បានជា​សះស្បើយ ហើយ​គ្មាន​នរណា​ម្នាក់​ស្លាប់​ដោយ​មេរោគ​នេះ​ទេ​។

ទន្ទឹម​នោះ​ករណី​ថ្មី​ក៏​មាន​តិច ឬ​គ្មាន​សោះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ដើម្បី​ជោគជ័យ​ទាំងស្រុង​ក្នុង​ការ​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ ទាំង​កម្មករ​មួយ​លាន​នាក់ និង​ប្រជាជន​ទាំងអស់ ត្រូវ​តែ​ចូលរួម​យ៉ាង​សកម្ម និង​ស្តាប់​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​។ អ្នកជំនាញ​ព្រមាន​ថា ទោះបីជា​កូ​វី​ដ​១៩ ស្ងប់ស្ងាត់​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ក្តី ការ​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩ គឺ​មិន​ត្រូវ​បន្ធូរ​ដៃ​ទេ​។ គេ​ត្រូវ​ប្រយ័ត្ន​រលក​ទី​ពីរ​នៃ​ការ​រាលដាល​មេរោគ​ដ៏​សាហាវ​នេះ​។

សូម​អោយ​កម្មករ​ទាំង​មួយ​លាន​នាក់ និង​ប្រជាជន​ទាំងអស់​ឆ្លង​ផុត​វិបត្តិ​កូ​វី​ដ​១៩​ទាំងអស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ