ក្រសួងសុខាភិបាល​ណែនាំ​ឱ្យ​​កាត់​បន្ថយ​ជា​អតិបរមា​ក្នុង​ការ​ទទួល​សេវា​នៅ​តាម​ហាង​កាត់សក់ កែ​សម្ផស្ស


រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ទប់ស្កាត់​ន​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត និង​ការ​ចូលរួម​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ របស់​ប្រជាពលរដ្ឋ​ទាំងអស់ ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី៥ មេ​សា នេះ​បាន​ចេញ​នូវ​វិធានការ​ការពារ​ការ​ចម្លង​វីរុស​ឆ្លង​មួយ​នេះ នៅ​តាម​កន្លែង​កាត់សក់ ថែរក្សា​ស​ម្ភ​ស្ស និង​សេវា​ពាក់ព័ន្ធ ធ្វើ​យ៉ាងណា «​សូម​កាត់​បន្ថយ​ជា​អតិប្បរមា​នូវ​ចំនួន​ដង​ដែល​ត្រូវ​ទៅ​រក​សេវា​ទាំងនោះ បើ​អាច​ធ្វើ​បាន នៅ​ក្នុង​ដំណាក់កាល​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ ១៩ នេះ​» ។

ក្រសួងសុខាភិបាល​បាន​ណែនាំ​ផង​ដែរ​ថា ក្នុង​ករណី​ដែល​បងប្អូន​ចាំបាច់​ខានមិនបាន​នូវ​ការ​ទទួល​សេវា​នៅ​កន្លែង​កាត់សក់ ថែរក្សា​ស​ម្ភ​ស្ស កាត់​ក្រចក​អី​នោះ «​បុគ្គល​ម្នាក់​ៗ​ត្រូវ​ពាក់​ម៉ាស់ (​ទាំង​ជាងកាត់សក់ និង​អ្នក​កាតសក់​) ឲ្យ​ត្រូវ​តាម​ក្បួនខ្នាត​ជា​ចាំបាច់ រហូត​ដល់​ការ​កាត់សក់​បាន​ចប់​សព្វគ្រប់ »​។ បន្ថែម​ពីលើ​នេះ «​ជាងកាត់សក់​ត្រូវ​លាងដៃ​ជាមួយនឹង​សាប៊ូ ឬ​អាល់កុល ឬ​ទឹក​សម្រាប់​លាងដៃ​ឲ្យ​បាន​ស្អាត មុន​នឹង​ចាប់​កាត់សក់​ជូន​ភ្ញៀវ​» ។

ចំនុច​សំខាន់​មួយទៀត​ក្នុង​ការ​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នោះ គឺ​សម្ភារៈ​ប្រើប្រាស់​សម្រាប់​កាត់សក់ ឬ​ថែរក្សា​ស​ម្ភ​ស្ស ចាំបាច់​ត្រូវ​តែ​លាង​សម្អាត (​បើ​លាង​នឹង​សាប៊ូ​មិន​បាន សូម​លាង ឬ​ត្រាំ​នឹង​អាល់កុល​ចំនួន ៤០ ទៅ ៦០ វិនាទី ជា​ចាំបាច់​) រៀង​រាល់​ក្រោយ​ពេល​ប្រើ​សម្ភារៈ​ទាំងអស់​នោះ​រួច និង​មុន​ពេល​យក​ទៅ​ប្រើប្រាស់​លើ​បុគ្គល​ម្នាក់​ទៀត​ជា​ចាំ
បាច់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​គិត​ត្រឹម​ថ្ងៃ​ទី ៥ មេ​សា​នេះ គឺ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ ១៩ សរុប ១១៤ ករណី​និង​ការ​ព្យាបាល​ជា​សះស្បើយ​បាន​ដល់​ទៅ​ចំនួន ៥០ នាក់ ។

សូម​អាន​សេចក្តីណែនាំ​លម្អិត​របស់​ក្រសួងសុខាភិបាល ៖

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ