ផ្ទះលក់ចាប់ហួយ​ខ្ទេចអស់ទាំង​ស្រុង​ក្រោយ​ម្ចាស់ចេញទៅសែនឆេងម៉េង​


ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​​លក់ចាប់ហួយ​​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង បន្ទាប់​ពី​ម្ចាស់ផ្ទះ​ដុត​ធូប​ទុក​ចោល​នៅ​កន្លែង​កុងម៉ា រួច​ចេញ​ទៅ​សែន​ឆេ​ង​ម៉េ​ង​អស់ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ទាំងមូល​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២០ នៅ​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជា ចរិយា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​អធិការ​នគរបាល​ស្រុក​ទឹកផុស​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ខាងលើ​បាន​ដុត​ធូប​លើរាន​កុងម៉ា រួច​ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​សែន​ឆេ​ង​ម៉េ​ង​បាត់​ទៅ ដោយ​ទុក​ផ្ទះ​ចោល ក្រោយមក​ភ្លើង​ធូប​ក៏​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​ចេញពី​កន្លែង​រាន​កុងម៉ា​រួច​ឆេះ​រាលដាល​អស់​ផ្ទះ​ទាំងស្រុង​តែ​ម្ដង ។

លោក​អធិការ​នគរបាល​ស្រុក​ទឹកផុស​បាន​បញ្ជាក់​ថា ផ្ទះ​កើតហេតុ​ខាងលើ​មាន​លក់​គ្រឿងទេស និង​បញ្ចូល​ហ្គា​ស​ផង​ដែរ ដែល​ជា​ការ​លំបាក​ក្នុង​ការ​ចូល​ទៅ​ពន្លត់អគ្គីភ័យ ។ ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​ឆាបឆេះ​អស់​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ន​បាំងជញ្ជាំង​ស័ង្កសី ជា​ផ្ទះ​ប្រភេទ​តៀម​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១៨​ម៉ែត្រ រួម​នឹង​សម្ភារៈ​ក្នុងផ្ទះ​គឺ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង​តែ​ម្តង ។

កិច្ច​ប្រតិបត្តិការ​ចុះ​ជួយ​អន្តរាគមន៍​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ចេញ​អន្តរាគមន៍​ចំនួន​២២​នាក់ និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣​គ្រឿង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​គឺ​បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ដុត​ធូប​ទុក​ចោល ដោយ​មិន​បាន​ពន្លត់​ឲ្យ​បាន​ត្រឹមត្រូវ មុន​ពេល​ចាក​ចេញពីផ្ទះ ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ