រាជធានីភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធនិងកូន២នាក់ទៅហើយ បានប្រាប់ប្រពន្ធថាទៅរត់តាក់ស៊ី បែរជាដឹកស្ត្រីម្នាក់ចូលទៅផ្ទះសំណាក់ ត្រូវប្រពន្ធតាមទាន់ រួចរត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តគមន៍បង្កអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវអេសអូអេស ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពពីបងស្រីរបស់ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្អូនស្រីរបស់គាត់និងប្តីរស់នៅខណ្ឌសែនសុខ ចំណែកស្រីស្នេហ៍មានអាយុ៣០ឆ្នាំ មុខរបរលក់ពងទានៅផ្សារ មានកូនម្នាក់ និងមានប្តីជាទាហានធ្វើការនៅបរទេស ។
តាមប្រភពដដែលបានបន្តថា ប្អូនស្រីរបស់គាត់លក់ហ្គាសនៅផ្សារ គឺលក់នៅតូបជិតគ្នាជាមួយនឹងស្រីស្នេហ៍ កន្លងមកប្អូនស្រីគាត់និងស្រីស្នេហ៍បានរាប់អានគ្នាដូចបងប្អូនលក់ដូរជិតគ្នា និងផឹកស៊ីជាមួយគ្នារឿយៗ រួមជាមួយបុរសជាប្តីផងដែរ ដោយសារគិតថា ស្ត្រីម្នាក់នោះមានប្តីរួចទៅហើយ មិនដឹងថាគេលួចមានទំនាក់ទំនងជាមួយគ្នាតាំងពីពេលណាមកទេ ។
ស្ត្រីជាបងបានប្រាប់ទៀតថា ប្តីរបស់ប្អូនស្រីគាត់ជារៀងរាល់យប់មិនដែលនៅផ្ទះទេ តែងតែបាត់ពីផ្ទះហើយប្រាប់ថាទៅរត់តាក់ស៊ី ។ លុះនៅយប់កើតហេតុ ពេលដែលគាត់ចេញផ្សារស្រាប់តែឃើញប្អូនថ្លៃដឹកស្រី្តលក់ពងទា ទើបគាត់សង្ស័យក៏បានទៅហៅប្អូនស្រីជិះម៉ូតូតាមរថយន្ត ក៏ឃើញដឹកស្ត្រីម្នាក់នោះចូលផ្ទះសំណាក់ ។
តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានអោយដឹងថា គាត់បានរៀបការជាង១០ឆ្នាំមកហើយ មានកូន២នាក់ មានសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ ។ នៅយប់កើតហេតុ ប្តីរបស់គាត់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៥០១០ ចេញពីផ្ទះ ដោយប្រាប់គាត់ថាទៅរត់តាក់ស៊ី ធ្វើឲ្យគាត់មានការសង្ស័យក៏បានជិះម៉ូតូមួយគ្រឿង២នាក់បងស្រីតាមពីក្រោយក៏ឃើញដឹកស្ត្រីម្នាក់ចូលទៅដេកនៅក្នុងផ្ទះសំណាក់មួយកន្លែង។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីឃើញបែបនេះ គាត់បានទុកបងស្រីបង្កើតអោយចាំមើលនៅមុខផ្ទះសំណាក់ខាងលើ ហើយគាត់បានជិះម៉ូតូទៅប្តឹងសមត្ថកច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីអោយជួយអន្តរាគមន៍នាំខ្លួនប្តី និងស្ត្រីដែលជាស្រីស្នេហ៍ទៅប៉ុស្តិ៍នគរបាលភ្នំពេញធ្វើកិច្ចសន្យាចំពោះមុខច្បាប់ឲ្យឈប់ទំនាក់ទំនងគ្នាបន្តទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ