ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ថា ១​ថ្ងៃ​អាច​រក​ត្រឹមតែ​២​ទៅ​​៣​ម៉ឺន​ចិញ្ចឹម​ចៅ​ៗ ពេល​នេះ​កាស៊ីណូ​​ផ្អាក​រំពឹង​អ្វី

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​បន្តិច ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​បាន​ត្អូញត្អែរ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ខណ​:​អត់​មានការ​ងារ​ធ្វើ​ដូច​កាលពីមុន ។ បន្ទាប់​ពី​ការងារ​លាងចាន​ក្នុង​កាស៊ីណូ ត្រូវ​បាន​ផ្អាក​មួយ​រយ​:​ពេល មិនដឹង​ជា​ថ្ងៃ​ណា​ដំណើរការ​ឡើង​វិញ​ឡើយ…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​បន្តិច ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​បាន​ត្អូញត្អែរ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ខណ​:​អត់​មានការ​ងារ​ធ្វើ​ដូច​កាលពីមុន ។ បន្ទាប់​ពី​ការងារ​លាងចាន​ក្នុង​កាស៊ីណូ ត្រូវ​បាន​ផ្អាក​មួយ​រយ​:​ពេល មិនដឹង​ជា​ថ្ងៃ​ណា​ដំណើរការ​ឡើង​វិញ​ឡើយ ដោយសារ​តែ​បញ្ហា​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​វាយលុក​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ផង​ដែរ ។

ម្យ៉ាងវិញទៀត ដោយសារ​តែ​គេ​បារម្ភ​ខ្លាំង ទើប​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​បិទ​ច្រក​ទ្វារ​របៀង និង​ច្រក​ទ្វារ​អន្តរជាតិ​មួយ​ចំនួន មិន​អនុញ្ញាតិ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ដែន​ចេញ​-​ចូល​ទៅ​មក​ដូច​សព្វដង ក្នុង​ន័យ​ទប់ស្កាត់​ជំងឺឆ្លង​មួយ​នេះ ។ រីឯ​កាស៊ីណូ​ខ្មែរ ក៏​ដូច​ជា​ក្លឹ​ប​កម្សាន្ត​នានា រួម​ជាមួយនឹង​វត្ត​អារាម និង​ព្រះ​វិហារ​សាសនា​ជា​ច្រើន ក៏​ត្រូវ​ផ្អាក​ជួបជុំ​គ្នា ដោយ​រង់ចាំ​រហូត​ដល់​សភាព​នៃ​ជំងឺឆ្លង​មួយ​នេះ បាន​ផុតរលត់ និង​មាន​សភាព​ធម្មតា​ដូច​ដើម​វិញ ។

បើ​តាម​សម្តី​ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​បន្តិច​ឈ្មោះ សៅ លឿ​ត អាយុ​៦២​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ និង​ជា​កម្មករ​លាងចាន​ក្នុង​កាស៊ីណូ មាន​ប្តី​ឈ្មោះ ផា​ច ជាំ អាយុ​៦៥​ឆ្នាំ បាន​ទទួលមរណភាព​ជាង​៧​ខែ​មុន បាន​រៀបរាប់​ទាំង​ទឹកមុខ​ព្រួយបារម្ភ ឱ្យ​ដឹង​ថា កាលពីមុន​រូប​គាត់​រស់នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ហើយ​ក៏​បាន​មក​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​គាត់​ធ្វើការ​ជា​កម្មករ​ស៊ីឈ្នួល​លាង ចាន ឆ្នាំង ក្នុង​កាស៊ីណូ​ជាប់​ព្រំដែន ។

ស្ត្រី​មេម៉ាយ​ខាងលើ​បន្ត​ថា ក្នុង​១​ថ្ងៃ គាត់​អាច​រក​ប្រាក់​ចំណូល​បាន​ត្រឹមតែ​២០០០០​ទៅ​៣០០០០​រៀល​ប៉ុណ្ណោះ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រាល់ថ្ងៃ ប៉ុន្តែ​ពេល​ខ្លះ​ដោយសារ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​ធ្វើទុក្ខ​ខ្លាំង​ពេក ក៏​ផ្អាក ដោយ​ស្នាក់​នៅ​ក្នុងផ្ទះ​គ្មាន​អ្វី​ហូប​នោះ​ឡើយ តែ​បាន​មេ​ភូមិ​ជួយ​ផ្តល់​ម្ហូបអាហារ អង្ករ រួម​ជាមួយ​ថវិកា​មួយ​ចំនួន​ដែរ ដើម្បី​ដោះស្រាយ​មួយ​គ្រា ក្រោយ​ប្តី​គាត់​មាន​ជំងឺ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចោល​រូប​គាត់​កាលពី​ជាង​៧​ខែ​មុន ។

គាត់​បន្ត​ទៀត​ថា រូប​គាត់​មានកូន​ចំនួន​៥​នាក់ គឺ​ប្រុស​២​នាក់ និង​ស្រី​៣​នាក់ បន្ទាប់​ពី​ពួក​គេ​រៀប​ការ​ប្តី​ប្រពន្ធ​រួច ក៏​នាំ​គ្នា​ទៅ​រស់នៅ​កន្លែង​ផ្សេង​ៗ​អស់​ទុក​ឱ្យ​គាត់​រស់នៅ​ម្នាក់ឯង​ជាមួយនឹង​ចៅ​ៗ​ចំនួន​៤​នាក់ ដោយ​រាល់ថ្ងៃ​គាត់​ប្រាថ្នា​ឱ្យ​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ជាមួយនឹង​ចៅ​ៗ ព្រោះ​ក្រោយ​ពី​ផ្អាក​ការងារ​កាស៊ីណូ គាត់​លែង​រក​ចំណូល​បាន​ទៀត​ហើយ ។

ចំណែក​លោក ព្រាប សា​រុន មេ​ភូមិ​ផ្សារ​ព្រំ​ជើង បានឱ្យ​ដឹង​ដែរ​ថា ស្ត្រី​មេម៉ាយ​ចំណាស់​ម្នាក់​នេះ គឺ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់​ដែរ ថែម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង ដោយ​ពី​មុន​ប្តី​របស់​គាត់​ជ អ្នក​រកស៊ី​ចិញ្ចឹម ។ ប៉ុន្តែ​ពេល​ប្តី​ឈឺ​បាត់បង់​ជីវិត​ចោល​អស់​រយ​:​ពេល​ជិត​១​ឆ្នាំ​នេះ គាត់​ធ្វើការ​លាងចាន​លាង​ឆ្នាំង​ឱ្យ​គេ​នៅ​ក្នុង​កាស៊ីណូ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​រក​ប្រាក់​សម្រាប់​ចិញ្ចឹម​ចៅ​ៗ​ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទុក ខណ​:​ឪពុក​ម្តាយ​ខ្លះ​លែងលះ​គ្នា ខ្លះ​ទៀត​បាត់​បង់ជីវិត​ចោល​តាំងពី​ពួក​គេ​នៅ​តូច ក៏​ធ្លាក់​បន្ទុក​មក​លើ​យាយ​តែ​ម្នាក់ឯង​។

លោក​មេ​ភូមិ​បន្ត​ទៀត​ថា ជួនកាល​គាត់​ឈឺ​អត់​បាន​ធ្វើ​ការងារ ក៏​រត់​ទៅ​សុំ​អង្ករ និង​ម្ហូបអាហារ​ពី​គ្រួសារ​លោក ដោយសារ​តែ​ចិត្ត​មិន​ដាច់ ព្រោះ​ជា​កូនចៅ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា គាត់​ក៏​ជួយ​ខ្លះ​ៗ​ដែរ ។ ប៉ុន្តែ​លោក​ក៏​មាន​កូនចៅ​ជា​ច្រើន​នាក់​ដែរ ដោយ​ពួក​គេ​ជា​អ្នកធ្វើការ​ងារ​ក្នុង​កាស៊ីណូ លុះ​ពេល​ផ្អាក​មួយ​រយ​:​ពេល​នេះ នាំ​ឱ្យ​មានការ​លំបាក​ទាំងអស់​គ្នា ។

លោក​មេ​ភូមិ​បញ្ជាក់​ថា បច្ចុប្បន្ន មនុស្ស​ក្មេង ចាស់ ប្រុស​ស្រី កំពុង​សម្រាក​នៅផ្ទះ​អត់​មាន​ចេញ​ទៅ​ណា​នោះ​ទេ ហើយ​ម្នាក់​ៗ​រង់ចាំ​មើល​សភាព​ការ​កាស៊ីណូ និង​កន្លែងធ្វើការ​ផ្សេង​ៗ ទៀត​បើក​ដំណើរការ​ឡើង​វិញ នឹង​បន្ត​ធ្វើ ដើម្បី​រក​ថវិកា​បង់​សង​ថ្លៃ​ជំពាក់​ធនាគារ និង​បំណុល​គេ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ