ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លូន​ចូល​លូ​ចាប់​ទា​ក៏​បាត់​ឈឹង លុះ​ច្រើន​​ម៉ោង​ទើប​កាយ​រក​កម្មករ​ទាំង​២​ឃើញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​២​នាក់​បាន​លូន​ចូល​ទៅ​ក្នុង​លូ ដើម្បី​តាម​ចាប់​ទា​ក្នុង​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ ហើយ​ក៏​ថប់ដង្ហើម​ដាច់ខ្យល់​ជាប់​ក្នុង​លូ​នោះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​២​នាក់​បាន​លូន​ចូល​ទៅ​ក្នុង​លូ ដើម្បី​តាម​ចាប់​ទា​ក្នុង​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ ហើយ​ក៏​ថប់ដង្ហើម​ដាច់ខ្យល់​ជាប់​ក្នុង​លូ​នោះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ​ត្រពាំង​មៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ លុះ​ម៉ោង​ប្រមាណ​ជាង​៦​ល្ងាច ទើប​អាជ្ញាធរ និង​សមត្ថកិច្ច សហការ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ នាំ​គ្នា​យក​គ្រឿងចក្រ​មក​កាយ​រក​សព​ឃើញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​១-​ឈ្មោះ​អៀង ចាន់​អាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ប្រពន្ធ​ឈ្មោះ​ឃឿ​ន សេន អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ដូច​គ្នា ព្រមទាំង​មានកូន​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​ត្រពាំង​ស្តៅ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​២-​ឈ្មោះ ផា​ន់ សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​គ្នា មាន​ប្រពន្ធ​ឈ្មោះ ឆា ស្រី​ទូច អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​ជាមួយ​គ្នា​។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​អ្នក​ភូមិ​បាន​លែង​ទា​ឱ្យ​រកស៊ី​ចំណី​នៅ​វាលស្រែ ហើយ​ពេល​នោះ​ទា​ក៏​បាន​ចូល​លូ​បាត់​ប្រមាណ​ជាង​១០​ក្បាល ។ ខណៈ​នោះ​ជន​រង​គ្រោះ​ដែល​ជា​កម្មករ​នៅ​ការដ្ឋាន​សំណង់​ខាងលិច ដែល​ថ្ងៃនេះ​ជា​ថ្ងៃ​សំរាក ក៏​បាន​ជួបជុំ​គ្នា​ផឹកស៊ី និង​ខ្លះ​ទៀត​ក៏​បាន​ដើរ​ចាប់​ត្រី ហើយ​គាប់​ជួន​ឮ​ថា មាន​ទា​ចូល​លូ​បាត់ កម្មករ​ក៏​បាន​លូន​ចូល​តាម​ចាប់ ហើយ​បាន​ទា​ចំនួន​៥​ក្បាល ។ លុះ​ក្រោយមក ក៏​បាន​លូន​ចូល​ទៅ​ចាប់​ទៀត ព្រោះ​ទា​ដែល​បាត់​នោះ​គេ​អះអាង​ថា ជាង​១០​ក្បាល ។

តាម​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ពេល​ដែល​លូន​ចូល​លូ ដើម្បី​ចាប់​ទា​ទៀត​នោះ ស្ត្រី​ជា​ភរិយា​ក៏​បាន​នៅ​រង់ចាំ​មើល​ចាប់​ទា​ផង​ដែរ ។ នៅ​ពេល​ជន​រង​គ្រោះ​ឈ្មោះ​អៀង ចាន់​អាន បាន​លូន​ចូល​ទៅ​ក្នុង​លូ​ដែល​មានមុខ​កាត់ ០,៨០​ម៉ែត្រ ក៏​បាន​បាត់​យូរ​មិនឃើញ​ចេញ​មក​ក្រៅ​វិញ ពេល​នោះ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ផា​ន់ សីហា ក៏​បាន​លូន​ចូល​ទៅ​តាម ស្រាប់តែ​បាន​បាត់​ដែរ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប​ពី​បាត់​ប្តី​យូរ​ពេក ស្ត្រី​ជា​ប្រពន្ធ​ទាំង​២​នាក់​ក៏​មាន​ភ័យ​ស្លន់ស្លោ ហើយ​ក៏​ប្រាប់​អ្នក​ភូមិ និង​អ្នកធ្វើការ​ជាមួយ​គ្នា​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ព្រមទាំង​ប្តឹង​សមត្ថ​កិ​ច្ច្ និង​អាជ្ញាធរ​ឱ្យ​ជួយ​តែ​ម្តង​។

តាម​ព័ត៌មាន​ដដែល​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​នោះ គឺ​មានការ​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង ហើយ​នគរបាល និង​ក្រុម​គ្រួសារ ព្រមទាំង​អ្នក​ភូមិ​ក៏​បាន​យក​គ្រឿងចក្រ​មក​ជួយ​កាយ​រក និង​បើក​គម្រប​អណ្តូង​លូ ព្រមទាំង​បូមទឹក​តាមរ អស់​រយៈពេល​ប្រមាណ​ជាង​៤​ម៉ោង​។ លុះ​នៅ​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​យប់ ទើប​រក​សព​ឃើញ​សព​ទាំង​២​នាក់​នៅ​ជាប់ ក្នុង​លូ​នោះ​ចំងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ នេះ​បើ​គិត​ចាប់តាំងពី​កន្លែង​លូន​ចូល​តាម​ចាប់​ទា​នោះ​។

ទន្ទឹម​នឹង​នោះ ស្ត្រី​ជា​ប្រពន្ធ ក៏​បាន​ស្រែក​ទ្រហោយំ​ទាំង​អា​លោះ​អាល័យ​ជាទី​បំផុត ។ ក្រោយមក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ក៏​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តំកល់​នៅ​ឈាប​ន​ដ្ឋា​វត្ត​ក្រាំងធ្នង់ ដើម្បី​​ទុក​ឱ្យ​នគរបាល​ជំនាញ​ចុះ​មក​ត្រួត​ព​និត្យ ។

តាម​នគរបាល​ឱ្យ​ដឹង​ថា សព​បុរស​២​នាក់​ខាងលើ គឺ​បាន​ថប់ដង្ហើម​រហូត​បាត់​បង់ជីវិត​នៅ​ក្នុង​នៅ​លូ​នោះ ខណៈ​ពេល​ដែល​លូន​ចូលចាប់​ទា​តាំងពី​កន្លែង​អត់​ទឹក រហូត​ដល់​នៅ​កន្លែង​ទឹក ហើយ​បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែល​មក​ពី​អត់​មាន​អ៊ុ​ក​ស៊ី​សែន ទើប​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ជាប់​ក្នុង​​លូ​តែ​ម្តង ។ ហើយ​ពេល​នេះ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ