ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សម្តេច​តេ​ជោ​ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្សរ៍ មន្ត្រី​គ្រប់​ជាន់ថ្នាក់​ប្រកាស​បរិច្ចាគ​ភ្លូកទឹកភ្លូកដី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ពេលវេលា​នេះ គឺជា​កាលៈទេសៈ​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខំ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ និង​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ពេលវេលា​នេះ គឺជា​កាលៈទេសៈ​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខំ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ និង​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ ។ ជា​ការ​កត់សម្គាល់​ក្រោយ​ពេល​ដែល​សម្តេច​តេ​ជោ​បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​៧​ខែ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ធ្វើ​ជា​គំរូ​រួច​មក ក្រុម​មន្ត្រី​ដែល​ស្ថិត​ក្នុង​សមាជិក សមាជិកា​រាជរដ្ឋាភិបាល និង​ស្ថាប័ន​នានា​រាប់​ទាំង​ជួរ​មន្ត្រី​អ្នកមុខអ្នកការ​ផ្សេង​ៗ​ក៏​បាន​ស្ម័គ្រចិត្ត​ភ្លូកទឹកភ្លូកដី បរិច្ចាគ​បៀវត្ស​របស់​ខ្លួន​ជូន​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​មាន​លទ្ធភាព​ឆ្លើយ​តប​នៅ​នឹង​ការ​ទប់ស្កាត់​កូ​វី​ដ​១៩ ។

យោង​តាម​សារ​សំឡេង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចេញផ្សាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២ ខែមេសា បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​គណៈ​អចិន្ត្រៃយ៍ ក៏​ដូច​ជា​សមាជិក​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័ន ហើយ​ថ្នាក់​ខេត្ត និង​ថ្នាក់​ផ្សេង​ៗ ដែល​មានការ​ពាក់ព័ន្ធ​នៅ​ពេល​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩​នេះ រាជរដ្ឋាភិបាល​មិនមែន​ខ្វះ​លុយ​ទេ ប៉ុន្តែ​ទឹកចិត្ត​របស់​ប្រជាជន​យើង​មានការ​ចូលរួម​ខ្លាំង​ណាស់ រហូត​ដល់​ពេល​នេះ​លុយ​ជាង​១១​លាន​ដុល្លារ ត្រូវ​បាន​បញ្ចូល​ជា​បន្តបន្ទាប់​តាម​តិច តាម​ច្រើន​» ។

សម្តេច​តេ​ជោ​បន្ត​ថា បន្ទាប់​ពី​សម្តេច​ប្រកាស​បរិច្ចាគ​បៀវត្ស​របស់​ខ្លួន​ចំនួន​៧​ខែ សម្រាប់​ចូល​ទៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ ឃើញ​មន្ត្រី​រាជរដ្ឋាភិបាល មាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏​ចូលរួម​ដែរ ។ ខ្ញុំ​យល់​ថា​ការងារ​នេះ​មិនមែន​ជា​ការ​ចាប់បង្ខំ​នោះ​ទេ ក៏​ប៉ុន្តែ​វា​បង្ហាញ​ពី​កាយវិការ​នៃ​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង មិនមែន​គ្រាន់តែ​ចូលរួម​នឹង​មាត់​នោះ​ទេ គឺ​មាន​ថវិកា​ផ្ទាល់ខ្លួន​ថែម​ទៀត ។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជំនឿ​ចិត្ត​ដល់​ប្រជាពលរដ្ឋ ហើយ​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​នូវ​ក្រុម​គ្រូពេទ្យ​ដែល​ចុះ​ជួយ​ព្យាបាល​អ្នកជំងឺ​តាម​ការ​រំលែក​ថវិកា​ផ្ទាល់ខ្លួន​នេះ ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា​៖«​មន្ត្រី​នីមួយ​ៗ​មាន​លទ្ធភាព​មិន​ដូច​គ្នា​នោះ​ទេ អុ​ី​ចឹ​ង​មន្ត្រី​ខ្លះ​មាន​លទ្ធភាព​អាច​បរិច្ចាគ​បាន​រាប់​ខែ​ទាំងស្រុង តែ​មន្ត្រី​ខ្លះ​ទៀត​អាច​លទ្ធភាព​២០% ឬ​៣០% ឬ​៤០% ឬ​៥០% ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ។ អុ​ី​ចឹ​ង​ខ្ញុំ​ស្នើ​ថា​ខាង​រាជរដ្ឋាភិបាល​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​ធ្វើការ​ចលនា​ទៅ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ធ្វើការ​បរិច្ចាគ​ទៅ​តាម​ការ​ស្ម័គ្រចិត្ត ។ អ្នកខ្លះ​ប្រាក់​ប៉ុណ្ណឹង​មិន​មាន​បញ្ហា​សម្រាប់​គាត់​ទេ ប៉ុន្តែ​អ្នកខ្លះ​មាន​សម្រាប់​តែ​បង្គ្រប់ តែ​ក៏​មាន​លទ្ធភាព​អាច​ជួយ​ខ្លះ​បាន​ដែរ ។ ចំណែក​មន្ត្រី​រដ្ឋសភា ព្រឹទ្ធសភា ក៏​អាច​ធ្វើការ​បរិច្ចាគ​បាន​ដែរ​ម្នាក់​ៗ ខាង​ផ្នែក​កងទ័ព នគរបាល ក៏​អាច​ធ្វើ​បាន ប៉ុន្តែ​សូមកុំ​ចាប់បង្ខំ​» ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា អ្នក​ស្ម័គ្រចិត្ត​បរិ​ចា្ច​គ​ថវិកា​ផ្ទាល់ខ្លួន​នោះ​ត្រូវ​តែ​សរសេរ​លិខិត​ទៅ​លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​ថា​ខ្លួន​បរិច្ចាគ​ប្រាក់​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ភាគរយ​ក្នុង​មួយ​ខែ ហើយ​រយៈពេល​ប៉ុន្មាន​ខែ ។ គេ​ចម្លង​ទៅ​ក្រសួង​សេដ្ឋ​
កិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ ដើម្បី​គេ​ធ្វើការ​ចាត់ចែង​ប្រាក់​ទាំងនេះ ។ សម្តេច ​ក៏​បាន​លើក​ឡើង​សម្រាប់​សម្តេច​ប្រាក់ខែ​មួយ​ខែ​ប្រមាណ​១០​លាន​រៀល អុ​ី​ចឹ​ង​កាត់​ពន្ធ​នៅ​សល់​៩​លាន ៩​ម៉ឺន​រៀល​ទេ ក្នុង​មួយ​ខែ ។

ចំពោះ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា សមាជិក​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក៏​អាច​ធ្វើ​បាន​ដោយ​មិន​ចាំបាច់​ប្រាប់​ថា​ប្រាក់ខែ​ប៉ុន្មាន​នោះ​ទេ ដោយ​សុំ​មួយ​ខែ​ជូន​ប៉ុណ្ណេះ ឧទាហរណ៍ មួយ​ខែ​ជូន​៥០​ម៉ឺន​រៀល ១​លាន ឬ​២​លាន​រៀល ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ។សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា​មិន​គិតតែ​សមាជិក​រាជរដ្ឋាភិបាល​នោះ​ទេ តំណាង​គណបក្ស​នយោបាយ​ផ្សេង​ៗ​ក៏​អាច​ធ្វើ​បាន​ដែរ ប៉ុន្តែ​មិន​ចាប់បង្ខំ​នោះ​ទេ ហើយ​ពេល​ធ្វើ​គឺ​ត្រូវធ្វើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ផ្ទាល់ ។ថ្នាក់​អគ្គនាយក អគ្គនាយកដ្ឋាន​រង ប្រធាន​នាយកដ្ឋាន ក៏​អាច​ធ្វើ​បាន​ខ្លះ​ដែរ តែ​កុំ​តម្រូវ​ឲ្យ​ធ្វើ​ច្រើន​ពេក ។ អ្នកខ្លះ​គេ​ក៏​មិន​ចាំបាច់​ប្រាក់ខែ​រដ្ឋ​នោះ​ទេ ប៉ុន្តែ​កាលៈទេសៈ​ទាមទារ​ឲ្យ​ឃើញ​កាយវិការ​ជាក់ស្តែង មិនមែន​គ្រាន់តែ​និយាយ​នោះ​ទេ ។

សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា​៖«​ខ្ញុំ​មិន​ចាត់​ទុក​ថា​រឿង​នេះ​វា​ជា​លក្ខខណ្ឌ​វិនិច្ឆ័យ​សម្រាប់​មន្ត្រី​ទេ ប៉ុន្តែ​វា​គ្មាន​ពេលវេលា​សម្រាប់​ការ​ឈឺឆ្អាល​ហួស​ពី​ពេល​វា​នេះ​ទៅ​ទៀត​ទេ ។ កងទ័ព​ក៏​អាច​ធ្វើ​បាន អគ្គបញ្ជាការ​កងទ័ព អគ្គបញ្ជាការ​រង មេបញ្ជាការ​ជើង​គោក អនុ​បញ្ជាការ​ជើង​គោក មេបញ្ជាការ​ជើង​អាកាស អនុ​បញ្​ជាការ​ជើង​អាកាស មេបញ្ជាការ​ជើង​ទឹក មេបញ្ជាការ​រងជើង​ទឹក អគ្គស្នងការ អគ្គស្នងការ​រង ចៅហ្វាយ​ខេត្ត ចៅហ្វាយខេត្ត​រង អាច​ធ្វើ​បាន ។ យើង​មាន​មន្ត្រី​រាប់​ពាន់​នាក់​ដែល​ស៊ីប្រាក់ខែ​រដ្ឋ ខ្លះ​ធ្វើ​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ប៉ុន្តែ​ប្រាក់ខែ​មិន​គ្រាន់តែ​បង្ហាញ​ថា​ខ្លួន​លះបង់​ប៉ុណ្ណេះ ដាក់​ជា​តួលេខ​ប៉ុន្មាន មិន​ចាំ​ជា​ភាគរយ ថា​ខ្លួន​ចូល​៥០​ម៉ឺន​រៀល ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​«…» ។សម្តេច​តេ​ជោ​យល់​ថា​ប្រសិនបើ​ខ្មែរ​យើង​មាន​ចលនា​ផុលផុស​យ៉ាង​ដូច្នេះ បរទេស​គេ​មិន​អាច​មើលងាយ​នោះ​ទេ លើកលែងតែ​គេ​ចង់​ធ្វើបាប​យើង ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ថា ពេលវេលា​នេះ​គឺជា​ពេលវេលា​ប្តូរផ្តាច់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កូ​វី​ដ​១៩ ហើយ​សម្តេច​ក៏​អរគុណ​ទុកជា​មុន​សម្រាប់​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​នេះ ដើម្បី​បង្ហាញ​ពី​ការ​រួមរស់​ជាមួយ​ប្រជាពលរដ្ឋ ។«​វប្បធម៌​នៃ​ការ​ចែករំលែក ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺជា​មោទនភាព​ជាតិខ្មែរ​» ជា​ទស្សនៈ​ដែល​បាន​លើក​ឡើង​ថា នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អំពី​ការ​ស្ម័គ្រចិត្ត​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​តេ​ជោ​ចំនួន​៧​ខែ ចាប់ពី​ខែមីនា រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ជូន​ទៅ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ។ ការ​សម្រេចចិត្ត​ផ្តល់​ប្រាក់បៀវត្ស​របស់​សម្តេច​នា​ពេល​នេះ​គឺ​ដោយសារ​ស្ថានភាព​នៃ​កា​រវិ​វ​ឌ្ឍ​របស់​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តែ​មិន​ទាន់​បង្ហាញ​នូវ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នៅឡើយ​នោះ​ទេ ។

កាយវិការ​លះបង់​ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នា​ពេល​នេះ គឺ​ពិតជា​គំរូ​វីរភាព​ដ៏​ថ្លៃថ្លា ក្នុង​ស្មារតី​ស្រឡាញ់​ជាតិ និង​ប្រជាជន​។ គួរ​រំឭក​ថា នៅ​រាល់ពេល​ដែល​ប្រទេស​ជាតិ​ជួប​ប្រទះ​នូវ​គ្រា​លំបាក ម្តង​ៗ សម្តេច​តេ​ជោ ហ៊ុន សែន តែង​បាន​ឈានមុខ​គេ​ក្នុង​ការ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ស្វែងរក​សេចក្តីសុខ​ជូន​ប្រជាជន​ជា​និច្ច ។

ក្នុង​នោះ​ក៏​មានការ​ហ៊ាន​លះបង់​នូវ​កម្លាំងកាយ កម្លាំងចិត្ត រហូត​ដល់​អាយុជីវិត​ទៀត​ផង ដូច​ជា​បុព្វហេតុ​ដើម្បី​រំដោះប្រទេស និង​ប្រជាជន​ឱ្យ​បាន​រស់រាន​មានជីវិត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ភាព​ក្លា​ហាន​នៃ​ការ​អនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ក្នុង​ការ​ហ៊ាន​ចូល​ទៅ​ក្នុង​តំបន់​សមាហរណកម្ម​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៩៨ ការ​ជម្នះ​បាន​ដោយ​ជោគជ័យ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​សាកល​ក្នុង​ឆ្នាំ​២០០៩ និង​ភាព​លេចធ្លោ​នា​ពេល​ថ្មី​ៗ​កន្លង​មក​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ដើម្បី​រឹតចំណង​សាមគ្គីភាព និង​លើក​ទឹកចិត្ត​ដល់​មិត្ត​ចិន​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​នេះ​កំពុង​ជួប​វិបត្តិ​កូ​វី​ដ​-១៩ នេះ​ជាដើម ។

គំរូ​នៃ​ការ​បរិច្ចាគ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​ដំណាក់​កាលដែល​ប្រទេស​កម្ពុជា និង​ពិភពលោក​កំពុង​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ទាន់​ឃើញ​មាន​សញ្ញា​ធូរស្រាល ហើយ​និង​ស្ថានភាព​នៃ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាកលលោក​កំពុង​ធ្លាក់​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​បែប​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​វិធានការ​ថ្មី​បន្ថែម​ទៀត ក្រៅពី​ការ​ចាត់វិធានការ​ត្រៀម​ស្តុក​បម្រុង​ទុក​នូវ​ទំនិញ​យុទ្ធសាស្ត្រ ដូច​ជា អង្ករ និង​អំបិល ជាដើម និង​ត្រៀម​ទំនិញ​យុទ្ធសាស្ត្រ​ផ្នែក​សុខាភិបាល ដូច​ជា​ម៉ាស់ ទឹក​អាល់កុល សម្លៀក​បំពាក់​ការពារ​សម្រាប់​គ្រូពេទ្យ ។​ល​។

សម្តេច​តេ​ជោ​ហ៊ុន សែន ក៏​បាន​ចាត់វិធានការ​ត្រៀម​បម្រុង​ធនធាន​ថវិកាជាតិ​ផង​ដែរ ។ ក្នុង​ន័យ​នេះ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ហិរញ្ញវត្ថុ​សាធារណៈ និង​ដើម្បី​ចូលរួម​សន្សំ​ថវិកាជាតិ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ស្ម័គ្រចិត្ត​ផ្តល់​បៀវត្ស​ចំនួន​៧​ខែ ដើម្បី​ផ្តល់​ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​នេះ ។

ជា​រួម​យើង​ទាំងអស់​គ្នា​ សុទ្ធតែ​បានដឹង​ហើយ​ថា ក្រៅពី​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់​ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក​ហើយ​នោះ ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ដំណំ​ផង​ដែរ ។ ដូច្នេះ​ ​គឺ​មាន​តែ​ជាតិខ្មែរ​យើង​ទាំងអស់​គ្នា​ចេះ​រួបរួមសាមគ្គី​គ្នា​រវាង​ប្រជាពលរដ្ឋ​គ្រប់​រូប​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល សមាជិក​រាជរដ្ឋាភិបាល មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ប៉ុណ្ណោះ ទើប​យើង​សង្ឃឹមថានឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល ឆាប់​ៗ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​នេះ ហើយ «​វប្បធម៌​នៃ​ការ​ចែករំលែក​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​គឺជា​មោទនភាព​ជាតិខ្មែរ​» ៕

អត្ថបទសរសេរ ដោយ