NBC៖ ​ទម្លាក់​​ការ​ប្រាក់​ឱ្យ​ធនាគារពាណិជ្ជ​អា​ត្រា​ទាប​តែ​មិន​បាន​ជះ​ឥទ្ធិ ពល​ធំដុំ​ដល់​កម្ចី​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ទេ


រាជធានី​ភ្នំពេញ​៖ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​យ៉ាង​ខ្លាំងក្លា គេ​កត់សម្គាល់​ឃើញ​ថា​វីរុស​មួយ​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​វិស័យ​សំខាន់​ៗ​ជា​ច្រើន​របស់​សកលលោក​និង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ជាក់ស្តែង​អាជីវកម្ម​តូច​ធំ រាប់​ចាប់ពី​សេវាកម្ម​សណ្ឋាគារ ទេសចរណ៍ និង​អចល​ទ្រព្យ​សុទ្ធតែ​រង​ឥទ្ធិពល​អវិជ្ជមាន រហូត​មាន​ម្ចាស់​អាជីវកម្ម និង​បងប្អូន​មួយ​ចំនួន​ប្រឈម​មុខ​នឹង​បញ្ហា​គ្មាន​ប្រាក់​ចំណូល​ដើម្បី​សងត្រឡ​បង់ ឬ​បង់ការ​ប្រាក់​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ក៏​ធនាគារ​ជាដើម ។

ហេតុ​ដូច្នេះ​ហើយ​ទើប​ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់​ថា NBC ថ្មី​ៗ​នេះ​បាន​ដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​ចំនួន ៥ ដើម្បី​ផ្តល់​សន្ទនីយ​ភាព​បន្ថែម​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សំដៅ​រូ​ម​ចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩ មក​លើ​សេដ្ឋកិច្ច​កម្ពុជា​។

លោក ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​ធ្វើការ​បកស្រាយ​ពន្យល់​បន្ថែម​ទៅ​លើ​វិធានការ​ដែល​ធនាគារជាតិ​កម្ពុជា​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ក៏​ដូច​ជា​មូលហេតុ​ដែល​វិធានការ​នេះ​មាន​ឥទ្ធិពល​យ៉ាងណា​លើ​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ​លោក​ជំទាវ​បា​នប​ណ្ជា​ក់ថា នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​ធនាគារកណ្តាល​តែងតែ​ធ្វើ អន្តរាគមន៍​ក្នុង​ពេល​ដែល​ប្រទេស​ជួប​វិបត្តិ​សេដ្ឋកិច្ច តាម​រយៈ​ការ​បញ្ចុះ​អា​ត្រា​ការ​ប្រាក់​ដែល​ខ្លួន​ឱ្យ​ធនាគារពាណិជ្ជ​ខ្ចី​ដែល​អា​ត្រា​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​អា​ត្រា​ការ​ប្រាក់ ដែល​ធនាគារពាណិជ្ជ​យក​ពី​អតិថិជន​តាម​រយៈ​ឥណទាន​។ កាលណា​សេដ្ឋកិច្ច​ជួប​បញ្ហា ធនាគារកណ្តាល​នឹង​ទម្លាក់​អា​ត្រា​ការ​ប្រាក់ ដើម្បី​ជួយ​ជំរុញ​ធនាគារពាណិជ្ជ​ឱ្យ​បន្ត​ផ្តល់​កម្ចី​ដល់​សាធារណជន​ក្នុង​តម្លៃ​ទាប ក្នុង​គោលបំណង​ជំរុញ​ការ​ចាយវាយ​ផ្សេង​ៗ ដែល​នឹង​ជំរុញ​ការ​ផលិត​បន្ថែម និង​ការ​វិនិយោគ​។

នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​ធនាគារកណ្តាល​របស់​ប្រទេស ក៏​បាន​អនុវត្ត​វិធានការ​នេះ​ដែរ ប៉ុន្តែ​ប្រសិទ្ធភាព​នៅ​មាន​កម្រិត​។ បាន​ន័យ​ថា ពេល​ធនាគារជាតិ​នៃ​កម្ពុជា​ទម្លាក់​អា​ត្រា​ការ​ប្រាក់​ដែល​ខ្លួន​ផ្តល់​ឱ្យ​ធនាគារពាណិជ្ជ អា​ត្រា​ទាប​នេះ​បាន​ត្រឹមតែ​ជះ​ឥទ្ធិពល​ដល់​កម្ចី​ជា​ប្រាក់​រៀល​តែ​ប៉ុណ្ណោះ តែ​មិន​បាន​ជះ​ឥទ្ធិពល​ធំដុំ​ដល់​កម្ចី​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ទេ​។
​ខាងក្រោម​នេះ​គឺជា​ការ​បកស្រាយ​របស់​លោក ជំទាវ ជា សិរី ដែល​មា​ខ្លឹមសារ​ដើម​យ៉ាង​ដូច្នេះ​ថា ៖​១. ហេតុ​អ្វី​បានជា​កម្ចី​ជា​ដុល្លារ​អា​មេ​រិ​ក​នៅ​តែ​ថ្លៃ បើ​ធនាគារជាតិ​នៃ​កម្ពុជា​ខំ​ឱ្យ​ធនាគារពាណិជ្ជ​ខ្ចី​ក្នុង​តម្លៃ​ថោក​ហើយ​នោះ?

អ្វី​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​ខ្ចី គឺ​ប្រាក់​រៀល​។ ធនាគារជាតិ​នៃ​កម្ពុជា ជា​អ្នក​បោះពុម្ព និង​ចេញផ្សាយ​លុយ​រៀល​។ ដូចនេះ ធនាគារជាតិ​នៃ​កម្ពុជា​មាន​ម្ចាស់​ការ​ទាំងស្រុង​លើ​ការ​គ្រប់គ្រង​លុយ​រៀល​។ កន្លង​មក ចាប់តាំងពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ​កម្ចី​ជា​ប្រាក់​រៀល នៅ​ឆ្នាំ​២០១៦ កម្ចី​ជា​ប្រាក់​រៀល​បាន​ធ្លាក់​ចុះ​ពី ២៥,៦៣% ក្នុង​១​ឆ្នាំ មក​នៅ ត្រឹម ១០,៦៩% ក្នុង​១​ឆ្នាំ (​សូម​បញ្ជាក់​ថា​នេះ​ជា​អត្រា​មធ្យមភាគ​) ។​ប៉ុន្តែ នៅ​ប្រទេស​កម្ពុជា​ការ​ឱ្យ​ខ្ចី​ភាគច្រើន​គឺ​ធ្វើ​ឡើងជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​រូបិយប័ណ្ណ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​មិន​មាន​លទ្ធភាព​គ្រប់គ្រង​បាន​ឡើយ​។ ការ​គ្រប់គ្រង​បរិមាណ​បោះពុម្ព និង​ចេញផ្សាយ​លុយ​ដុល្លារ​អា​មេ​រិ​ក ជា​សិទ្ធ​ផ្តាច់មុខ​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក​តែ​មួយ​គត់​។ កាលណា​សេដ្ឋកិច្ច​អា​មេ​រិ​ក ល្អ គេ​ដំឡើង​អា​ត្រា​ការ​ប្រាក់​លុយ​គេ ដើម្បី​កាត់​បន្ថយ​ការ​ឱ្យ​ខ្ចី​លឿន​ពេក​ក្នុង​វិស័យ​ឯកជន​របស់​គេ ដូច្នេះ​អា​ត្រា​ការ​ប្រាក់​លុយ​ដុល្លារ​អា​មេ​រិ​ក​ក៏​ឡើងថ្លៃ​តាម​ហ្នឹង​ដែរ​។ គេ​មិន​ដែល​សួរ​ថា​កម្ពុជា​ត្រូវការ​ឱ្យ​លុយ​ដុល្លារ​អា​មេ​រិ​ក​ថោក​ឬ​ថ្លៃ​ទេ​។ ហើយ​សេដ្ឋកិច្ច​កម្ពុជា​ល្អ ឬ មិនល្អ ក៏​មិនមែន​ជា​រឿង​របស់​គេ​ដែរ​។ គេ​ត្រូវ​ខ្វល់ខ្វាយ​ប្រជាជន​និង​សេដ្ឋកិច្ច​គេ​មុន​។ ដូច្នេះ អា​ត្រា​កម្ចី​ជា​ដុល្លារ​អា​មេ​រិ​ក​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ឬ​ទាប អាស្រ័យ​លើ​ស្ថានភាព​នៅ​អា​មេ​រិ​ក មិន​ស្ថិត​លើ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​ឡើយ​។

២. បើ​ដូច្នេះ​ហើយ ហេតុ​ដូច​ម្តេច​បានជា​អា​ត្រា​ការ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​កម្ពុជា មិន​មាន​កម្រិត​ទាប​ដូច​នៅ​អា​មេ​រិ​ក​ទៅ? ​បើ​យើង​ចាត់​ទុក​លុយ​ជា​ទំនិញ ដូច្នេះ​យើង​ត្រូវ​គិត​ថា​ដូច​ទំនិញ​ដទៃ​ដែរ មាន​អ្នក​លក់ដុំ និង អ្នក​លក់រាយ​។ អ្នក​លក់ដុំ​គឺ​ធនាគារកណ្តាល​អា​មេ​រិ​ក​។ គេ​លក់​លើក​ទី ១ ឱ្យ​ធនាគារពាណិជ្ជ​អា​មេ​រិ​ក ដែល​ទទួល​ទំនិញ​បាន​ថោក រួច​ហើយ​ធនាគារពាណិជ្ជ​នៅ​អា​មេ​រិ​ក លក់ទំនិញ​នោះ​ត​ៗ​គ្នា ឱ្យ​ធនាគារពាណិជ្ជ​ធំ​ៗ​ដទៃ​ទៀត​ក្នុង​ពិភពលោក ហើយ​ម្នាក់​ៗ​យកចំណេញ​តិច​ៗ រៀងខ្លួន​ទៅ ទម្រាំ​មក​ដល់​អតិថិជន​ខ្មែរ​យើង កម្ចី​ជា​ដុល្លារ​អា​មេ​រិ​ក​ក៏​ថ្លៃ​តាម​ហ្នឹង​ដែរ​។

៣. ចុះ​ហេតុ​អ្វី​បានជា​នៅ​ស្រុក​ខ្មែរ​យើង ការ​ប្រាក់​លុយ​រៀល​នៅ​តែ​ខ្ពស់​ជាង​ដុល្លារ​អា​មេ​រិ​ក? បើ​ធនាគារជាតិ​នៃ​កម្ពុជា​ខ្លួនឯង​ជា​អ្នក​លក់ដុំ? ​ជា​ថ្មី​ម្តងទៀត បើ​យើង​ចាត់​ទុក​លុយ​ជា​ទំនិញ ហើយ​ការ​ប្រាក់​ប្រៀប​ដូច​ជា​តម្លៃ​របស់​ទំនិញ នោះ ថ្លៃ​ទំនិញ​ថោក ឬ​ថ្លៃ​អាស្រ័យ​លើ​ការ​ផ្គត់ផ្គង់​និង​តម្រូវការ​។ បើ​អ្នក​ត្រូវការ​ច្រើន ជាង​អ្នក​ផ្គត់ផ្គង់ ទំនិញ​នោះ​ឡើងថ្លៃ​។ នៅ​កម្ពុជា មិនសូវ​មាន​អ្នក​សន្សំ​ប្រាក់​រៀល​ទេ​។ ក្នុង​វិស័យ​ធនាគារ សន្សំ​ជា​ប្រាក់​រៀល​មាន​តែ ៦,៤% នៃ​ប្រាក់​សន្សំ​សរុប​។ ដោយឡែក អ្នក​ដែល​ត្រូវការ​ប្រាក់​រៀល​ដើម្បី​ទូទាត់​មាន​ច្រើន​ជាង ដូច​ជា​ទូទាត់​ឱ្យ​កសិករ ទូទាត់​ឱ្យ​ពលករ​សំណង់ បង់ពន្ធ​អាករ​ឱ្យ​រដ្ឋ​ជាដើម​។ ដូច្នេះ​ហើយ​ធនាគារពាណិជ្ជ​ត្រូវ​ខំ​ធ្វើ​យ៉ាងណា​ទាក់ទាញ​បញ្ញើ​ជា​ប្រាក់​រៀល ដោយ​ផ្តល់​អា​ត្រា​ការ​ប្រាក់​ខ្ពស់​។ ហើយ​បើ​ផ្តល់​ការ​ប្រាក់​ឱ្យ​អ្នក​ផ្ញើ​ខ្ពស់​ហើយ គេ​ក៏​ត្រូវ​យកការប្រាក់​កម្ចី​ខ្ពស់​តាម​ហ្នឹង​ដែរ​។

៤. ចុះ​ហេតុ​ដូច​ម្តេច​បានជា​ធនាគារជាតិ​នៃ​កម្ពុជា​មិន​ចេញផ្សាយ​ប្រាក់​រៀល​ឱ្យ​ច្រើន​ទៅ ដើម្បី​បង្គ្រប់​តម្រូវការ​ធនាគារពាណិជ្ជ?​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​ការងារ​នេះ​ហើយ ដូចដែល​បាន​លើក​ឡើង​ខាងលើ​។ ប៉ុន្តែ​យើង​មិន​អាច​ចេញផ្សាយ​ជា​គំហុក​តាមតែ​ចង់បាន​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​អា​ត្រា​ប្តូរ​ប្រាក់ (​តម្លៃ​របស់​ប្រាក់​រៀល​)​។ កាលណា​លុយ​រៀល​ចេញ​ច្រើន​ពេក លុយ​រៀល​នឹង​ធ្លាក់​ថោក ប៉ះ​ផលប្រយោជន៍​ប្រជាជន​នៅ​ជនបទ​ដែល​ភាគច្រើន​ចាយ​លុយ​រៀល ។ ដូច្នេះ ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​ថ្លឹងថ្លែង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​សម្រេច​បញ្ចេញ​លុយ​រៀល​បន្ថែម ក្នុង​កម្រិត​មួយ​ណា​នោះ​។

៥. និយាយ​ចុះ​និយាយ​ឡើង ចាយ​ដុល្លារ​អា​មេ​រិ​ក​ស្រួល​ជាង​។ ការ​ប្រាក់​កម្ចី ក៏​ទាប​ជាង ?
​តែ​មិន​ប្រាកដ​ថា​ស្រួល​រហូត​ទេ​។ ការ​ចាយវាយ​ស្រួល​នៅ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ល្អ ។ ប៉ុន្តែ​ក្នុង​ករណី​មាន​វិបត្តិ យើង​មិន​អាច​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​យើង​បាន​ទាំងស្រុង​ឡើយ​ដូច​បាន​លើក​ឡើង​ខាងលើ​។ មាន​តែ​ចាយវាយ​លុយ​យើង​ទេ ទើប​អាច​មាន​ម្ចាស់​ការ​គ្រប់គ្រង​ស្ថានភាព​បាន​។ ដូច្នេះ យើង​ត្រូវ​គិតគូរ​ឱ្យ​វែង​ឆ្ងាយ ជា​ពិសេស​នៅ​ក្នុង​ស្ថានភាព​មាន​វិបត្តិ ។​ការ​ចូលរួម​ចាយប្រាក់​រៀល មិនមែន​គ្រាន់តែ​ជា​មោទនភាព​ជាតិ​ទេ តែ​វា​ជា​អាវុធ​មួយ​ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ និង​មាន​ភាព​ម្ចាស់​ការ​ក្នុង​គ្រាអាសន្ន​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ