ខេត្តកោះកុង ៖ សំរាមគឺជាប្រភពនៃការចម្លងរោគតាមរយៈសត្វរុយទៅលើចំណីអាហារផ្សេងៗ។ និងជាប្រភពធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញបរិវេណទីផ្សារ នោះដែរ។
ផ្សារដងទង់ គឺជាផ្សារដ៏ធំមួយនៅចំកណ្ដាលទីរួមខេត្តកោះកុង ដែលស្ថិតនៅក្នុងសង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ក៏ប៉ុន្តែផ្សារមួយនេះបើយើងចោលភ្នែកក្រឡេកមើលជុំវិញបរិវេណទីផ្សារទាំងមូល គេបានសង្កេតឃើញថា បញ្ហាកាកសំណល់ស្អុយរលួយដែលនៅពាសវាលពាសកាល ដែលបញ្ជាក់ថា មិនបានយកចិត្តទុកដាក់ពីសំណាក់អ្នកម៉ៅការទីផ្សារនោះសោះ ។
ទាក់ទងទៅនឹងការសំណល់ស្អុយរលួយ និងបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ជុំវិញបរិវេណទីផ្សារដងទង់នោះ លោកស្រី ស៊ីណាត ក្នុងនាមជាប្រធានម៉ៅការទីផ្សារដងទង់ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ចំពោះកាកសំណល់ផ្សេងៗនៅជុំវិញទីផ្សារដងទង់នោះ គឺលោកស្រីបានប្រគល់សិទ្ធិម៉ៅការជូនក្រុមហ៊ុនប្រមូលកាកសំណល់ រិទ្ធីមាស ប្រចាំក្រុងខេមរភូមិនរួចរាល់អស់ហើយ ព្រមទាំងមានកិច្ចសន្យាទៀត ដូច្នេះកាតព្វកិច្ចក្នុងការប្រមូលកាកសំណល់ គឺក្រុមហ៊ុនរិទ្ធីមាស ជាអ្នកទទួលខុសត្រូវលើកាកសំណល់ទាំងស្រុង ។
លោកស្រីបន្តថា ហើយចំណែកឯសណ្ដាប់ធ្នាប់ ចរាចរណ៍ ការចតយានយន្តគ្រប់ប្រភេទនិងការតាំងលក់ទំនិញផ្សេងៗនៅតាមចិញ្ចើមផ្លូវជុំវិញបរិវេណផ្សារដងទង់ ជាញឹកញាប់លោកស្រីតែងតែចុះទៅរៀបចំជាហូរហែក៏ ប៉ុន្តែនៅពេលដែលលោកស្រីមិននៅត្រូវបានអាជីវករ និងអ្នកចតយានយន្តនៅតែផ្គើនដដែល ។ លោកស្រីមិនដឹងជាធ្វើយ៉ាងដូចម្ដេច បើធ្វើខ្លាំងពេកទៅ អាចនឹងប៉ះពាល់ដល់ជីវភាពនៃការលក់ដូររបស់អាជីវករ និងធ្វើឱ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទិញគ្រឿងឧបភោគបរិភោគពីដងទង់នោះ។
លោករិទ្ធី តំណាងឲ្យក្រុមហ៊ុនប្រមូលកាកសំណល់រិទ្ធីមាស បានលើកឡើងឲ្យដឹងថា ចំពោះការប្រមូលកាកសំណល់ផ្សេងៗនៅជុំវិញបរិវេណទីផ្សារដងទង់នោះ គឺលោកបានប្រាប់ដល់ប្រធានទីផ្សារ និងអាជីវករទូទៅទៅប្រមូលកាកសំណល់ដោយវេចខ្ចប់ដាក់ថង់ឱ្យបានត្រឹមត្រូវ ទើបក្រុមហ៊ុនប្រមូលកាកសំណល់ប្រមូលជូន ក៏ប៉ុន្តែបើកាកសំណល់នៅពាសវាលពាសកាល ក្រុមហ៊ុនមិនបានប្រមូលជូននោះឡើយ ព្រោះនេះជាកាតព្វកិច្ចរបស់ម្ចាស់ទីផ្សារ។
លោក ឆេង សុវណ្ណដា លោកបានមានប្រសាសន៍ថា ចំពោះរឿងកាកសំណល់ស្អុយរលួយនិងសណ្ដាប់ធ្នាប់ការចតយានយន្តនៅទីផ្សារដងទង់នេះ លោកនឹងធ្វើការកោះហៅប្រធានផ្សារ និងអ្នកម៉ៅការប្រមូលកាកសំណល់ ដើម្បីមកសម្របសម្រួលគ្នាឱ្យបានល្អប្រសើរនៅក្នុងពេលឆាប់ៗនេះ ដើម្បីចៀសវាងការរិះគន់ផ្សេងៗពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ ដោយ ៖ សំបូរ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ