ចិន​យក​ថ្ងៃ​៤​មេ​សា ​ជា​ថ្ងៃ​កាន់ទុក្ខ​ជាតិ


ប្រទេស​ចិន៖ តំណាង​ជាន់ខ្ពស់​បំផុត​នៃ​ទីក្រុង​វូ​ហាន ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​វីរុស​ COVID-19 ​នៅ​ចិន បាន​ប្រាប់​ដល់​ប្រជាជន​ឲ្យ​ប្រកាន់​វិធានការ​ការពារ ហើយ​ចៀសវាង ការ​ចេញ​​ដើរទៅ​ក្រៅ​មិន​ចាំបាច់ ខណៈ​ចិន​កំពុង​ខ្លាច​កើត​មាន​រលក​ថ្មី​នៃ​ការ​ឆ្លង​។

ខណៈ​ដែល​ចិន​ហាក់ដូចជា​ទប់​បាន​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដោយសារ​ការ​រិ​ត​ត្បិត​ខ្លាំង​បំផុត​​អស់​ពេល​ដល់​២​ខែ ទិវា​កាន់ទុក្ខ​ជាតិ​មួយ​នឹង​រៀបចំ​ធ្វើ​នា​ថ្ងៃ​ទី​៤​មេ​សា ជា​ការ​គោរព​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​បណ្ដា​ទុក្ករបុគ្គល ដែល​បាន​បូជាជីវិត​ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង និង​បណ្ដាជន​រង​គ្រោះ​ដោយសារ​វីរុស​នេះ​។

អាជ្ញាធរ​ក្រុង​វូ​ហាន​ប្រកាស​នា​ថ្ងៃ​ទី​២​មេ​សា​ថា មនុស្ស​១៤​នាក់​ដែល​បាន​បូជាជីវិត នៅ​ជួរ​ទី​១​នៃ​ការ​តស៊ូ​ប្រឆាំង​វីរុស​COVID-19 ក្នុង​ខេត្ត​ហ៊ូ​ប៉ី​ដែល​មាន​ក្រុង​វូ​ហាន​ជាទី​ប្រជុំជន ត្រូវ​ទទួលស្គាល់​និង​ចាត់ទុកជា​ទុក្ករបុគ្គល​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អាជ្ញាធរ​ខេត្ត​នោះ​គូសបញ្ជាក់​ថា ការ​ដឹង​គុណ​នោះ​ធ្វើ​ឡើង​យោង​តាម​ច្បាប់​របស់​ប្រទេស ស្ដី​ពី​ការ​គោរព​ចំពោះ​បណ្ដា​ទុក្ករបុគ្គល​។ អ្នក​ទាំង​១៤​រូប​នោះ​ត្រូវ​បាន​ចាត់ទុកជា​តំណាង​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត នៃ​ពលករ​សុខាភិបាល​និង​អ្នក​បង្ការ​ការ​ឆ្លង​នៅ​ជួរ​មុខ​។

ងារ​ទុក្ករបុគ្គល​ជា​ងារ​កិត្តិយស​កម្រិត​ខ្ពស់​បំផុត ដែល​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ផ្ដល់​ដល់ បណ្ដា​ពលរ​ដ្ឋ​ដែល​បាន​បូជាជីវិត ដ៏​អង់អាច​ក្លា​ហ៊ាន ដើម្បី​ប្រជាជាតិ សង្គម​និង​ប្រជាជន​។

អាជ្ញាធរ​សុខាភិបាល​ចិន​រៀបរាប់​នា​ថ្ងៃ​ទី​៣​មេ​សា ពី​អ្នក​ឆ្លង​វីរុស​ថ្មី​៣១​នាក់​ក្នុង​នោះ​មាន​តែ​២​នាក់ ដែល​ឆ្លង​ក្នុងស្រុក​ក្រៅពី​នេះ​សុទ្ធតែ​នាំ​មក​ពី​បរទេស​។ ចំណែក​មនុស្ស​៤​នាក់​ថែម​ទៀត​បាន​ត្រូវ​ស្លាប់​ដែល​សុទ្ធតែ​ក្នុង​ក្រុង​វូ​ហាន ។ សរុប​អ្នក​ឆ្លង​វីរុស​នៅ​ចិនដីគោក មាន​៨១.៦២០​នាក់​ក្នុង​នោះ​៣.៣២២​នាក់​​បាត់​បង់​ជីវិត​​។

ប្រមុខ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ក្រុង​វូ​ហាន លោក​WANG ZHONGLIN​ថ្លែង​ថា គ្រោះថ្នាក់​នៃ​ការ​ឆ្លង​រាលដាល​ថ្មី​នៅ​តែ​មាន​ខ្ពស់ មក​ពី​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ក្នុងស្រុក និង​នាំ​មក​ពី​បរទេស ហើយ​លោក​គូសបញ្ជាក់​ថា ទីក្រុង​វូ​ហាន​ត្រូវ​បន្ត​រក្សា​បណ្ដា​វិធានការ​បង្ការ​និង​ត្រួតពិនិត្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ