រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថាក្នុង បរិបទសកលភាវូបនីយកម្ម បច្ចេកវិទ្យាឌីជីថលក្រៅពីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បាន ផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យមអាចភ្ជាប់ទៅនិងខ្សែច្រវាក់ផលិតកម្មរបស់ ខ្លួននៅថ្នាក់តំបន់ និងសកល ស្របពេលដែលរាជរដ្ឋភិបាលចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថលជាវិស័យអាទិភាពយ៉ាងសំខាន់បំផុតមួយសម្រាប់ជំរុញការអភិវឌ្ឍប្រទេសដូចជាមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍ក្នុងពិធី ផ្ទេរ និងប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កាលពីថ្ងៃទី ២ខែមេសា ឆ្នាំ ២០២០នេះថា ក្នុងបរិបទសកលភាវូបនីយកម្ម និងសមាហរណកម្ម បច្ចេកវិទ្យាឌីជីថលដែលជាស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី ៤ កំពុង តែក្លាយជាកាតាលីករថ្មីមួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការចូលរួមបង្កើន ផលិតភាព និងប្រសិទ្ធភាពការងារ ការផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យមក្នុង ស្រុក អាចភ្ជាប់ទៅនឹងខ្សែច្រវាក់ផលិត កម្មតំបន់ និងសកល ក៏ដូចជាការស្វែងរកភាពច្នៃ ប្រឌិតក្នុងផលិតកម្មទំនិញ និងសេវាកម្ម ។
លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ជាការពិត សក្តានុពលនៃបច្ចេកវិទ្យាថ្មីៗនេះអាច ជំរុញ និងបង្កើនល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតាមរយៈការជំរុញភាពក្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច និងការផ្តល់កាលានុវត្តភាពសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍជារួម ដើម្បី សម្រេចនូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ក្នុងន័យនេះរាជរដ្ឋាភិ បាលកម្ពុជានីតិកាលទី ៦ នៃរដ្ឋសភាបានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាវិស័យ អាទិភាពយ៉ាងសំខាន់បំផុតមួយសម្រាប់ជំរុញការអភិវឌ្ឍប្រទេសដូចជាមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្ថែមថា «ជាទស្សនៈរួមរបស់ ខ្ញុំ ការកសាងរដ្ឋាភិបាលឌីជីលត្រូវផ្តោតលើគោលបំណងជាអាទិភាពដ៏សំខាន់មួយ គឺការ កសាងរដ្ឋាភិបាលរឹងមាំ ឆ្លាតវៃ និងស្អាតស្អំ លើមូលដ្ឋាននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជី ថលដើម្បីឱ្យរាជរដ្ឋាភិបាលអាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិ សិទ្ធភាពជាស្នូល និងថ្នាលសម្រាប់ការកសាងសេដ្ឋកិច្ចឌីជីលដែលក្រសោបបន្ថែមនូវ សមាសភាគ ២ ដ៏សំខាន់ទៀតពីលើ E-Government នោះគឺ E-People និង E-Business ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់លើរបៀបវារៈ ២ ជាសំខាន់ គឺទី ១- ការធ្វើទំ នើបភាវូបនីយកម្មប្រព័ន្ធអភិបាលកិច្ចតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឧបករណ៍នៅក្នុងការជំរុញកិច្ចការកែទម្រង់របស់រាជរដ្ឋាភិបាល លើគ្រប់ការដ្ឋានទាំងអស់ឱ្យមាន វឌ្ឍនៈភាពកាន់តែលឿន និងទី ២-ការរៀបចំបង្កើតបរិយាកាសប្រកបដោយបរិយាប័ន្នមួយ ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល ដែលសំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាព របស់អាជីវកម្មក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ និងលើកស្ទួយគុណភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ» ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ខ្ញុំសូមលើកឧទាហរណ៍ជាក់ស្តែងមួយដែលរំលេច ឱ្យឃើញអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការលើកកម្ពស់ប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រមជាមួយនឹងការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពនៃសេដ្ឋកិច្ចជាតិ ។ តាម ការចង្អុលណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន រៀបចំបង្កើតប្រព័ន្ធ Cambodia Data Exchange Platform មួយជាយន្តការកណ្តាលសម្រា ប់ផ្លាស់ប្តូរទិន្នន័យអន្តរក្រសួង ស្ថាប័ន ហើយដាក់ប្រើប្រាស់គម្រោងចុះបញ្ជីអាជីវកម្មរួម លើថ្នាលបច្ចេកវិទ្យាព័ត៌មានដែលជួយសម្រួលការរត់ការចុះបញ្ជីអាជីវកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន ឱ្យមកធ្វើតាមប្រព័ន្ធអនឡាញវិញ និងកាត់បន្ថយពេលវេលានៃ ការរត់ការពីច្រើនខែមកត្រឹមនៅតែ ៨ថ្ងៃ ។ ជាងនេះទៀត គំនិតផ្តួចផ្តើមផ្សេងទៀតក្នុង វិស័យអប់រំ សុខាភិបាល កសិកម្ម ធារាសាស្ត្រ អន្តោប្រវេសន្ត៍ ទេសចរណ៍ ក៏បាននិងកំពុង ស្ថិតក្នុងតំណាក់កាលអភិវឌ្ឍន៍ហើយនឹងត្រូវបានយកមកដាក់អនុវត្តជាបន្តបន្ទាប់លើថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ។
លើសពីនេះការបង្កើតប្រព័ន្ធសេវាឌីជីថលនានានៅតាមក្រសួង ស្ថាប័នក៏បានបង្ហាញពី តម្រូវការនៃការតភ្ជាប់ និងផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយដើម្បី បម្រើដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ។សំឡឹងឆ្ពោះទៅមុខ ជាមួយនឹងការរៀបចំ និងជំរុញអនុវត្តនៅក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងក្របខណ្ឌយុទ្ធសាស្ត្រកសាងរដ្ឋាភិបាលឌីជីថល យើងរំពឹងថាជំរុញលើកកម្ពស់នូវការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល និងដើរតួនាទីគន្លឹះនៅក្នុងការបង្កើតនៅសេដ្ឋកិច្ចឌីជីថលមួយដ៏រស់រវើកសម្រាប់ កម្ពុជា ៕
ចែករំលែកព័តមាននេះ