ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី កាលពី​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០ បាន​បរិច្ចាគ​ថវិកា​សរុប ៣០០០​លាន​រៀល (​ប្រមាណ ៧៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់​គោលដៅ​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​បន្ត​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានអោយ​ដឹង​ថា ថវិកា​ចំនួន ៣០០០​លាន​រៀល​នេះ ត្រូវ​បាន​បែងចែក​ជា​បួន​ដោយ​ក្នុង​នោះ ៖

១. ថវិកា ចំនួន ៨០០​លាន​រៀល សម្រាប់​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

២. ថវិកា ២០០​លាន​រៀល តាម​រយៈ​សមាគម​ធនាគារ​នៅ​កម្ពុជា សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

៣. ថវិកា​ចំនួន ១២០០​លាន​រៀល ជូន​ទៅ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​ទ្រទ្រង់​ដល់​វិភាគទាន​សប្បុរសធម៌​នៅ​កម្ពុជា​។

៤. ថវិកា​ចំនួន ៨០០​លាន​រៀល ជូន​ទៅ​កាកបាទក្រហមកម្ពុជា ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ និង​ជួយ​ទ្រទ្រង់​សកម្មភាព​កាកបាទក្រហមកម្ពុជា ។

យោង​តាម​លោក​បណ្ឌិត អុិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា សុខភាព​របស់​ប្រជាពលរដ្ឋ​មាន​សារសំខាន់​ណាស់ ពីព្រោះ​ពួក​គេ​ជា​កម្លាំង​ច​លករ​នៃ​ការ​កសាង​ជាតិ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ​។ ប្រជាជន​មាន​សុខភាព​ល្អ មានការ​ចូលរួម​កាន់តែ​សកម្ម​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន ។

ហេតុ​ដូចនេះ ធនាគារ​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​សុខុមាលភាព​សាធារណៈ​ក្នុង​ការ​ទប់ស្កាត់​សភាពការណ៍​គ្រោះភ័យ​ដែល​បង្ក​ដោយ​ជំងឺ​រីក​រាលដាល​កូ​វី​ដ​១៩ និង​បន្ត​ការ​បរិច្ចាគ​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​វិភាគទាន​សប្បុរសធម៌ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា និង​កាកបាទក្រហមកម្ពុជា ដែល​ធនាគារ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។

សូម​រម្លឹក​ថា រហូត​មក​ដល់​ពេល​នេះ មាន​សប្បុរសជន​ជា​ច្រើន​ក៏​បាន​ចូលរួម​បរិច្ចាគ​ថវិកា និង​ធនធាន ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា មន្ត្រី​កំពូល​ៗ​របស់​រដ្ឋាភិបាល​ក៏​បាន​បរិច្ចាគ​ប្រាក់បៀវត្ស​ផ្ទាល់ខ្លួន​មួយ​រយៈពេល ដើម្បី​ទុក​លទ្ធភាព​អោយ​ក្រសួង​កាត់​ប្រាក់បៀវត្ស​ទាំងនោះ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​០២ មេ​សា ២០២០​នេះ កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​កូ​វី​ដ​១៩ ចំនួន ១១០​នាក់ ក្នុង​នោះ​មាន​អ្នកជា និង​ត្រលប់​ទៅ​ផ្ទះ​វិញ​ចំនួន ៣៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន ៧៦​នាក់ ។ ស្ថានភាព​ជំងឺ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ករណី​ស្លាប់​នៅឡើយ ហើយ​ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​បន្ត​ទៀត​នោះ រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​បិទ​នូវ​អាជីវកម្ម​កម្សាន្ត​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ប្រមូលផ្ដុំ​គ្នា ដូច​ជា​ក្លឹ​ប​កម្សាន្ត រោង​ភាពយន្ត ខារ៉ាអូខេ រង្គសាល និង​បៀរ​ហ្កា​ឌិន​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ